ព័ត៍មាន

អង្គការសហប្រជាជាតិអំពាវនាវរកថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មនុស្ស ១៣៥ លាននាក់ដែលត្រូវការជំនួយ

អង្គការសហប្រជាជាតិអំពាវនាវរកថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់មនុស្ស ១៣៥ លាននាក់ដែលត្រូវការជំនួយ

(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) នៅថ្ងៃទី ៨ ខែធ្នូ បានអំពាវនាវដល់សហគមន៍អន្តរជាតិជួយឧបត្ថម្ភថវិកាចំនួន ៣៣ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៦ ដើម្បីជួយមនុស្សប្រហែល ១៣៥ លាននាក់ដែលប្រឈមមុខនឹងផលវិបាកនៃសង្គ្រាម គ្រោះមហន្តរាយអាកាសធាតុ រញ្ជួយដី ជំងឺរាតត្បាត និងកង្វះខាតស្បៀងអាហារ។

ក្មេងស្រីប៉ាឡេស្ទីនម្នាក់កំពុងរង់ចាំទទួលអាហារពីផ្ទះបាយសប្បុរសធម៌មួយ ក្នុងពេលមានវិបត្តិឥតឃ្លាន ក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ Gaza Strip ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥  (រូបថតឯកសារ៖ REUTERS/Hatem Khaled)

យោងតាម OCHA ទីភ្នាក់ងារនេះត្រូវការថវិកាជាង ៤,១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយ ដើម្បីឧបត្ថម្ភដល់ប្រជាជនប៉ាឡេស្ទីនចំនួន ៣ លាននាក់; ២,៩ ពាន់លានដុល្លារសម្រាប់ប្រជាជនស៊ូដង់ ដែលកំពុងស្ថិតក្នុង វិបត្តិជនភៀសខ្លួនធំបំផុតរបស់ពិភពលោកនិង ២,៨ ពាន់លានដុល្លារសម្រាប់ការស្តារឡើងវិញនៃប្រទេសស៊ីរីបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ។

យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មនុស្សប្រហែល ២៤០ លាននាក់នៅក្នុងតំបន់ជម្លោះ ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុកំពុងត្រូវការជំនួយជាបន្ទាន់។ នៅឆ្នាំនេះ អង្គការសហប្រជាជាតិបានទទួលជំនួយត្រឹមតែ ១២ ពាន់លានដុល្លារប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចំនួនជាង ៤៥ ពាន់លានដុល្លារដែលត្រូវការ។ នេះក៏ជាចំនួនជំនួយប្រចាំឆ្នាំទាបបំផុតដែលអង្គការពហុភាគីធំបំផុត របស់ពិភព លោកបានទទួលក្នុងរយៈពេលមួយទសវត្សរ៍ ហើយត្រឹមតែគ្រប់គ្រាន់សម្រាប់ ជួយមនុស្ស ៩៨ លាននាក់ប៉ុណ្ណោះ ដែលតិចជាង ២៥ លាននាក់បើប្រៀប ធៀបទៅនឹងឆ្នាំមុន។ សហរដ្ឋអាមេរិកនៅតែជាអ្នកផ្តល់ជំនួយមនុស្សធម៌ ឈានមុខគេរបស់ពិភពលោក ប៉ុន្តែជំនួយបានធ្លាក់ចុះយ៉ាងខ្លាំងពី ១១ ពាន់ លានដុល្លារកាលពីឆ្នាំមុនមកត្រឹម ២,៧ ពាន់លានដុល្លារនៅឆ្នាំនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.