ព្រឹត្តិការណ៍នេះ បានធ្វើឡើងនាថ្ងៃទី ៣១ ខែមីនា នៅទីក្រុងញូវយ៉ក ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្ត "គំនិតផ្តួចផ្តើម UN80" ដែលជាកិច្ចខិតខំប្រឹងប្រែងកែទម្រង់ដ៏ទូលំទូលាយ ដើម្បីធ្វើឱ្យ អ.ស.ប អាចដំណើរការប្រកបដោយប្រសិទ្ធភាពនិងស៊ីសង្វាក់គ្នា នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរដោយឥតឈប់ឈរ។
ចាប់តាំងពីឆ្នាំ ១៩៤៦ មក សេចក្តីសម្រេចចិត្ត សេចក្តីសម្រេច និងសេចក្តីប្រកាសរបស់ប្រធានចំនួនជាង ៤០.០០០ ត្រូវបានអនុម័តដោយស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងវិស័យសំខាន់ជាច្រើន ដូចជា៖ ការរក្សាសន្តិភាព និងសន្តិសុខ ការផ្តល់ជំនួយមនុស្សធម៌ ជំរុញការអភិវឌ្ឍ និងការការពារសិទ្ធិមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ ចំនួនភារកិច្ចរបស់ អ.ស.ប កំពុងកើនឡើងយ៉ាងខ្លាំង ដោយបង្កើតបញ្ហាប្រឈមជាច្រើន បង្កើនចំនួនរបាយការណ៍និងកិច្ចប្រជុំ ខណៈពេលដែលកំណត់សមត្ថភាពក្នុងការត្រួតពិនិត្យ និងវាយតម្លៃប្រសិទ្ធភាព។
នៅក្នុងបរិបទនេះ សេចក្តីសម្រេចថ្មីដែលទើបបានអនុម័តនេះ គឺជាលើកទីមួយហើយដែល អ.ស.ប បានដាក់ចេញវិធីសាស្រ្តដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ក្នុងដំណើរការផ្តួចផ្តើម កសាង អនុវត្ត និងវាយតម្លៃភារកិច្ច៕






