ព័ត៍មាន

អន្តរជាតិត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ

អន្តរជាតិត្រៀមខ្លួនជាស្រេចដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ

(VOVWORLD) - នាថ្ងៃទី ២៨ ខែមីនា ប្រទេសនិងអង្គការអន្តរជាតិជាច្រើនបានសម្តែងការអាណិតអាសូរ និងបានសន្យាជួយឧបត្ថម្ភជនរងគ្រោះនៅតំបន់ដែលរងគ្រោះ ដោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ ម៉ា និងថៃ។

អគារមួយកន្លែងនៅប្រទេសថៃត្រួវបំផ្លាញ់ដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ (រូបថត៖ THX/TTXVN)

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា៖ “ការរញ្ជួយដីដ៏រន្ធត់មួយបានវាយប្រហារផ្នែកខ្លះនៃតំបន់អាស៊ីអាគ្នេយ៍។ យើងសូមចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនក្នុងតំបន់។ ប្រព័ន្ធអង្គការសហប្រជាជាតិកំពុងប្រមូលផ្តុំដើម្បីជួយមនុស្សដែលត្រូវការជំនួយ។ ជាដំបូង រដ្ឋាភិបាលមីយ៉ាន់ម៉ាបានស្នើសុំការឧបត្ថម្ភ ពីអន្តរជាតិ ហើយក្រុមការងាររបស់យើងនៅក្នុងប្រទេស មីយ៉ាន់ម៉ាបានទាក់ទងដើម្បីកៀងគរធនធានរបស់យើងទាំងអស់នៅក្នុងតំបន់ដើម្បីឧបត្ថម្ភដល់ប្រជាជនមីយ៉ាន់ម៉ា។ ក៏មានប្រទេសផ្សេងទៀតរងផលប៉ះពាល់ផងដែរ ប៉ុន្តែចំណុចកណ្តាលគឺនៅមីយ៉ាន់ម៉ា ហើយមីយ៉ាន់ម៉ាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ”។

កាលពីម្សិលមិញផងដែរ ថ្លែងនៅឯសេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបាននិយាយជាមួយមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយសហរដ្ឋអាមេរិកនឹងផ្តល់ជំនួយមួយចំនួន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ានិងថៃ ដោយបញ្ជាក់ពីសាមគ្គីភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយថា ប្រទេសនេះកំពុងរៀបចំដាក់ពង្រាយប្រតិបត្តិការ Lionheart ដើម្បីឧបត្ថម្ភដល់ប្រតិបត្តិការសង្គ្រោះនិងជួយសង្គ្រោះគ្រោះមហន្តរាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃទី ២៨ខែមីនាបានឲ្យដឹងថា ប្លុកទាំងមូលកំពុងត្រៀមខ្លួនជាស្រេចដើម្បី ជួយមីយ៉ាន់ម៉ា និងថៃ។ រីឯប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ចែករំលែកការបាត់បង់ដល់ក្រុមគ្រួសារជនរងគ្រោះ និងបង្ហាញក្តីសង្ឃឹមថា ប្រជាជននឹងយកឈ្នះលើគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័ស៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.