ព័ត៍មាន

អ៊ុយក្រែនត្រៀម ខ្លួន​ធ្វើ​ការ​ចរចាជាមួយរុស្ស៊ី

អ៊ុយក្រែនត្រៀម ខ្លួន​ធ្វើ​ការ​ចរចាជាមួយរុស្ស៊ី

(VOVWORLD) - នៅក្នុងអត្ថបទមួយនៅលើបណ្តាញសង្គម X កាលពីយប់ថ្ងៃទី ១១ ឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelensky បានឲ្យដឹងថា លោកនឹងត្រៀមខ្លួនជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង អ៊ីស្តង់ប៊ុល (ទួរគី) នៅថ្ងៃទី ១៥ ខែឧសភា ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ "ទូលំទូលាយ និងយូរអង្វែង" ចាប់ពីថ្ងៃទី ១២ ឧសភា ដើម្បីបង្កើតមូលដ្ឋានចាំបាច់សម្រាប់សកម្មភាពការទូត។

នាយប់ថ្ងៃទី ១១ ឧសភា វិមាន Elysée បានប្រកាសថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបសន្ទនាតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្តអាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ និងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបង្ហាញពី "ភាពចាំបាច់" នៃការឈានដល់បទឈប់បាញ់ ដើម្បីជួយសម្រួលដល់ការចរចានាពេលខាងមុខ។

មុននោះ នាព្រឹកថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Truth Social ដោយដាស់តឿនឱ្យអ៊ុយក្រែនទទួលយក “ភ្លាមមួយរំពិច” នូវសំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក V. Putin កាលពីថ្ងៃទី ១០ ខែឧសភា សម្រាប់ការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយគ្មានលក្ខខណ្ឌជាមុន។ លោក Trump បានបញ្ជាក់ថា នេះគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ភាគីទាំងពីរ ឈានទៅរកកិច្ចព្រមព្រៀង "ដែលអាចធ្វើទៅបាន" ។

បច្ចុប្បន្ន ប្រទេសទួរគីបានប្រកាសត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃការចរចានាពេលខាងមុខ៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.