ព័ត៍មាន

រុស្ស៊ី​ប្រកាសគោល​ជំហរ​មិន​ផ្លាស់ប្តូរ​លើបញ្ហា​អ៊ុយក្រែន ​មុន​ជំនួប​កំពូល​ជាមួយ​អាមេរិក

រុស្ស៊ី​ប្រកាសគោល​ជំហរ​មិន​ផ្លាស់ប្តូរ​លើបញ្ហា​អ៊ុយក្រែន ​មុន​ជំនួប​កំពូល​ជាមួយ​អាមេរិក

(VOVWORLD) - នៅចំពោះមុខកិច្ចប្រជុំកំពូលដំបូងរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាមេរិកលោក Donald Trump ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ ១៥ ខែ សីហា នៅរដ្ឋអាឡាស្កា (សហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីជម្លោះនៅអ៊ុយក្រែន នាថ្ងៃទី ១៣ ខែសីហា ភាគីរុស្ស៊ីបានបញ្ជាក់ឡើងវិញនូវគោលជំហរមិនផ្លាស់ប្តូររបស់ខ្លួនលើបញ្ហានេះ ក្នុងនោះមានការដែលទីក្រុងគៀវត្រូវដកកងកម្លាំងទាំងអស់ចេញពីតំបន់សំខាន់ៗ ហើយបោះបង់ចោលមហិច្ឆតាចូលរួមជាមួយអង្គការសន្ធិសញ្ញាអត្លង់តិចខាងជើង (ណាតូ)។

សេចក្តីប្រកាសនេះត្រូវបានអ្នកនាំពាក្យរងនៃក្រសួងការបរទេសរុស្ស៊ីលោក Alexei Fadeev បញ្ជាក់ឡើងវិញ តាមនោះ គោលជំហរដែលលោកប្រធានាធិបតី Vladimir Putin ប្រកាសកាលពីជាងមួយឆ្នាំមុននៅតែមិនផ្លាស់ប្តូរទេ។

លោក Alexei Fadeev អ្នកនាំពាក្យរងក្រសួងការបរទេសរុស្ស៊ី។ ប្រភព៖ Reuters

ទន្ទឹមនឹងនេះ មន្ត្រីអាមេរិកនៅតែកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលនៅអាឡាស្កានាពេលខាងមុខ។ នាថ្ងៃទី ១៣ ខែសីហា ប្រធានធិបតីអាមេរិក លោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុប និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីគោលជំហររួម។ ថ្លែងបន្ទាប់មក លោក Donald Trump បានព្រមានថា រុស្ស៊ីនឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើខ្លួនមិនទទួលយកកិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន។

ទាក់ទងនឹងទំនាក់ទំនងអាមេរិក-រុស្ស៊ី ក្រសួងរតនាគារអាមេរិកបាននិយាយនាថ្ងៃទី ១៣ សីហា ថា ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុរុស្ស៊ីត្រូវបានបន្ធូរបន្ថយរហូតដល់ថ្ងៃទី ២០ ខែសីហា ដើម្បីសម្រួលដល់ប្រតិបត្តិការទាក់ទងនឹងកិច្ចប្រជុំនៅអាឡាស្ការវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.