ព័ត៍មាន

រុស្ស៊ី អ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងដែលសម្របសម្រួល​ដោយ​អាមេរិក

រុស្ស៊ី អ៊ុយក្រែន ចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងដែលសម្របសម្រួល​ដោយ​អាមេរិក

(VOVWORLD) - កាលពីថ្ងៃទី ២៦ ខែមីនា រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកពីការរំលោភលើកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអាមេរិក ដែលតាមនោះ រុស្ស៊ី និងអ៊ុយក្រែននឹងបញ្ឈប់ការវាយប្រហារលើទីតាំងនៅសមុទ្រខ្មៅ និងទីតាំងថាមពលរបស់ភាគីទាំងពីរ។

នៅក្នុងសេចក្តីប្រកាសមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់រុស្ស៊ីថា បានបាញ់បង្ហោះយន្តហោះដ្រូនជាង ១០០ គ្រឿងចូលទៅក្នុងប្រទេសអ៊ុយក្រែននាពេលរាត្រី។ ជាក់ស្តែង កងទ័ពជើងអាកាសអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនចំនួន ១១៧ គ្រឿងចូលទៅក្នុងទីក្រុង Kryvyi Rig និងតំបន់ព្រំដែន Sumy ដែលក្នុងនោះ យន្តហោះដ្រូន ៥៦គ្រឿងត្រូវបានបាញ់ទម្លាក់ និង ៤៨ គ្រឿងទៀតត្រូវបានប្រព័ន្ធរ៉ាដា ធ្វើឲ្យបាត់បង់សញ្ញា ដោយមិនបណ្តាលឱ្យមានការខូចខាតធំដុំឡើយ។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបញ្ជូនយន្តហោះដ្រូនចូល "ទីតាំងផ្ទុកឧស្ម័នហ្គាស" នៅឧបទ្វីបគ្រីមៀ ក៏ដូចជារោងចក្រថាមពលនៅក្នុងតំបន់ Bryansk ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Kyiv ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ Reuters/VNA

ទន្ទឹមនឹងនោះ នាថ្ងៃទី២៧ ខែមីនា នៅទីក្រុងប៉ារីស ប្រទេសបារាំង បានប្រព្រឹត្តិទៅសន្និសីទស្តីពីសន្តិភាពនិងសន្តិសុខនៅអ៊ុយក្រែន ដោយមានការចូលរួមពីប្រមុខរដ្ឋ និងរដ្ឋាភិបាលដែលជាសម្ព័ន្ធមិត្តរបស់បារាំង។ នៅមុនសន្និសីទនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានសន្យាថា នឹងផ្តល់ជំនួយយោធាចំនួន ២ ពាន់លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.