ព័ត៍មាន

រុស្ស៊ី​វាយ​តម្លៃ​ថា ​មិន​ទាន់​មានលក្ខខណ្ឌគ្រប់​គ្រាន់​​សម្រាប់​ជំនួប​កំពូល​រុស្ស៊ី-អ៊ុយក្រែន

រុស្ស៊ី​វាយ​តម្លៃ​ថា ​មិន​ទាន់​មានលក្ខខណ្ឌគ្រប់​គ្រាន់​​សម្រាប់​ជំនួប​កំពូល​រុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប៉ុន្តែលក្ខខណ្ឌបច្ចុប្បន្នមិនទាន់ “ទុំ”នៅឡើយទេ។ នេះជាការវាយតម្លៃរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ NBC (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី ២២ សីហា។

ថ្លែងមតិក្នុងកម្មវិធី "ជំនួបប្រាស្រ័យសារព័ត៌មាន" នៅលើកញ្ចក់ទូរទស្សន៍ NBC រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បាននិយាយថា រុស្ស៊ីបានយល់ព្រមឲ្យមានភាពបត់បែនជាង លើកត្តាមួយចំនួនដែលបានលើកឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា នៅពេលឆ្ពោះទៅរកលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនការកំណត់យន្តការអនុវត្ត និងធានាភាពយូរអង្វែងនៃឯកសារគឺជាកត្តាសំខាន់។

លោក Lavrov បានឲ្យ ដឹងថា ជម្រើសដ៏ល្អបំផុតដើម្បីធានាសន្តិសុខ         របស់អ៊ុយក្រែននឹងផ្អែកលើការពិភាក្សាកាលពីមុនរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីយ៉េ។ ប្រមុខការទូតរុស្ស៊ីក៏បានឲ្យដឹងថា រាល់ការប៉ុនប៉ងណាមួយដើម្បីងាកចេញពីក្របខ័ណ្ឌនៃកិច្ចពិភាក្សាខាងលើនឹងពិបាកសម្រេចបានលទ្ធផល។ មួយថ្ងៃមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកអាចជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែ គ្រាន់តែបន្ទាប់ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានយល់ព្រមលើវិធានការធានាសន្តិសុខរបស់អ៊ុយក្រែន ដើម្បីការពារហានិភ័យនៃជម្លោះនាពេលអនាគត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.