ព័ត៍មាន

រុស្ស៊ីទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន

រុស្ស៊ីទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិកលើអ៊ុយក្រែន

(VOVWORLD) - វិមានក្រឹមឡាំងបានប្រកាសនៅថ្ងៃទី ៣ ខែធ្នូ ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលយកសំណើមួយចំនួនរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយអ្នកចរចាអាមេរិកឱ្យបានច្រើនដង តាមដែលចាំបាច់ ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA Novosti អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញសេចក្តីប្រកាសនេះបន្ទាប់ពីកិច្ចប្រជុំមួយនៅទីក្រុងប៉ូស្គូ រវាងលោក Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff និងលោក Jared Kushner។ លោក Peskov បានកត់សម្គាល់ថា មិនគប្បីយល់ថាប្រធានាធិបតី Putin បានបដិសេធសំណើរបស់សហរដ្ឋអាមេរិកនោះទេ ព្រោះនេះគឺជាការពិភាក្សាដោយផ្ទាល់លើកដំបូងលើសំណើរទាំងនោះ។  យោងតាមលោករូបនេះ ប្រធានាធិបតីរុស្ស៊ីបានទទួលយកចំណុចមួយចំនួន និងបដិសេធចំណុចផ្សេងទៀត ដូចដែលកើតឡើងនៅក្នុងដំណើរការចរចាធម្មតាណាមួយដែរ។

អ្នកនាំពាក្យវិមានក្រឹមឡាំងក៏បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកំពុងធ្វើការនៅកម្រិតអ្នកជំនាញ ហើយលទ្ធផលនៃការនេះនឹងបង្កើតមូលដ្ឋានសម្រាប់ទំនាក់ទំនងកម្រិតខ្ពស់។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងម៉ូស្កូចង់ឱ្យភាគីនានាគោរពគោលការណ៍នៃភាពស្ងៀមស្ងាត់នៅក្នុងការចរចា ដើម្បីសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.