ព័ត៍មាន

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​វាយ​ប្រហារ​លើ​ទីក្រុង ហ្គាហ្សា

សហគមន៍​អន្តរជាតិ​ថ្កោលទោស​ការ​វាយ​ប្រហារ​លើ​ទីក្រុង ហ្គាហ្សា

(VOVWORLD) - នាយប់ថ្ងៃទី ១៦ កញ្ញា ប្រជាជនអ៊ីស្រាអែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុង Jerusalem ដើម្បីប្រឆាំងជំទាស់នឹងការដែលកងទ័ពប្រទេសនេះបើកការវាយប្រហារដោយទ័ពជើងគោកទ្រង់ទ្រាយធំទៅលើទីក្រុងហ្គាហ្សា។ ក្រុមបាតុករបានដាស់តឿនឱ្យរដ្ឋាភិបាលអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស។

គំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

នាថ្ងៃដដែលនោះ អង្គការសិទ្ធិមនុស្សមួយចំនួននៅក្នុងប្រទេសអ៊ីស្រាអែលបានចោទប្រកាន់ថា ការដែលកងទ័ពប្រទេសនេះបានព្រមានដល់ជនប៉ាឡេស្ទីនឱ្យជម្លៀសចេញពីទីក្រុងហ្គាហ្សា គឺជាទង្វើខុសច្បាប់និងអាចបង្កឧក្រិដ្ឋកម្មសង្គ្រាម។

នៅលើឆាកអន្តរជាតិ ក្រសួងការបរទេសអេហ្ស៊ីបបានព្រមានថា តំបន់មជ្ឈិមបូព៌ាទាំងមូលគឺស្ថិតនៅលើមាត់ជ្រោះនៃដំណាក់កាលវឹកវរថ្មី ដែលបណ្តាលមកពីទង្វើរបស់អ៊ីស្រាអែល។ ក្រសួងការបរទេសអេហ្ស៊ីបក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះបរាជ័យរបស់សហគមន៍អន្តរជាតិក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ដែលកំពុងតែបន្តនៅតំបន់ហ្គាហ្សា។

ពីទ្វីបអឺរ៉ុប ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Kaja Kallas បានប្រកាសថា គណៈកម្មការអឺរ៉ុប (EC) នៅថ្ងៃទី ១៧ ខែកញ្ញា នឹងប្រកាសវិធានការដាក់សម្ពាធ ដោយបង្ខំឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ផ្លាស់ប្តូរកាយវិការរបស់ខ្លួននៅតំបន់ហ្គាហ្សា។

នៅមូលដ្ឋានជាក់ស្តែង ការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា កាលពីថ្ងៃទី ១៦ ខែកញ្ញា បានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់ផ្សេងទៀតរងរបួស៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.