ព័ត៍មាន

សហរដ្ឋអាមេរិក និងកាតា ចុះ​កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ ដែលមានតម្លៃ ១,២​ ពាន់ពាន់លានដុល្លារ

សហរដ្ឋអាមេរិក និងកាតា ចុះ​កិច្ចព្រមព្រៀងសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រ ដែលមានតម្លៃ ១,២​ ពាន់ពាន់លានដុល្លារ

(VOVWORLD) - សេតវិមាននៅថ្ងៃទី ១៤ ខែឧសភាបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលកិច្ចសន្យាសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រដែលមានតម្លៃ ១,២ ពាន់ពាន់លានដុល្លារក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកាតា។

ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានទទួលស្វាគមន៍ដោយ ព្រះមហាក្សត្រកាតា Emir Sheikh Tamim bin Hamad Al-Thani នៅពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Hamad ហើយបន្ទាប់មក បានចូលរួម ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅព្រះបរមរាជវាំង Amiri Diwan ។ មេដឹកនាំទាំងពីររូបមានជំនួបដាច់ដោយឡែក ដែលមានរយៈពេលយូរជាងការរំពឹងទុក។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះមហាក្សត្រកាតា  Emir Tamim bin Hamad Al Thani នៅទីក្រុង Doha ប្រទេសកាតាកាលពីថ្ងៃទី ១៤ ឧសភា។ រូបថត៖ Reuters

ថ្លែងបន្ទាប់ពីជំនួបពិភាក្សា ព្រះមហាក្សត្រកាតា បានឲ្យដឹងថា ភាគីទាំងពីរមានការពិភាក្សា "ល្អ" ខណៈដែលលោកប្រធានាធិបតី Donald Trump បានពណ៌នាកិច្ចប្រជុំថា "គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់" ។ ភាគីទាំងពីរបានពិភាក្សាលើបញ្ហានានា រួមមានភាពតានតឹងរុស្ស៊ី-អ៊ុយក្រែន អ៊ីរ៉ង់ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ ក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា ក៏ទំនងជា ជាផ្នែកមួយនៃការពិភាក្សារវាងមេដឹកនាំកាតា និងសហរដ្ឋអាមេរិកផងដែរ។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក និងព្រះមហាក្សត្រកាតា បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីសំខាន់ៗមួយចំនួន រួមទាំងកិច្ចសហប្រតិបត្តិការអាកាសចរណ៍និងការពារជាតិផងដែរ។ គួរឲ្យកត់សម្គាល់បំផុតគឺកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និងក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក។ តាមនោះ Qatar Airways បានបញ្ជាទិញយន្តហោះ Boeing ចំនួន ២១០ គ្រឿង។ កិច្ចព្រមព្រៀងនេះមានតម្លៃសរុបជាង ២០០ ពាន់លានដុល្លារ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.