ព័ត៍មាន

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

សន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីនត្រូវបានពន្យារពេល ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

(VOVWORLD) - សន្និសីទជាន់ខ្ពស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋ ពីរសម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ត្រូវបានពន្យារពេលចំពេលមានភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅវិមាន Elysee ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥  ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថាលោកនឹងពន្យារពេលសន្និសីទអង្គការសហប្រជាជាតិស្តីពីរដ្ឋប៉ាឡេស្ទីន (រូបថត៖ Michel Euler/Pool via  REUTERS)

ប្រទេសបារាំងនិងអារ៉ាប៊ីសាអូឌីត គ្រោងនឹងធ្វើជាសហប្រធានសន្និសីទដែលរៀបចំដោយមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ២០ ខែមិថុនា។ យ៉ាងណាក៏ដោយ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃទី ១៣ មិថុនាបានឲ្យដឹងថា សន្និសីទនេះត្រូវបានពន្យារពេលដោយសារហេតុផល ដឹកជញ្ជូននិងសន្តិសុខ ហើយដោយសារតែតំណាងប៉ាឡេស្ទីនមួយចំនួនមិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះនឹងត្រូវបានប្រារព្ធឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយ ថា លោកកំពុងពិភាក្សាអំពីបញ្ហានេះជាមួយរាជទាយាទអារ៉ាប៊ីសា អូឌីត Mohammed bin Salman។

រហូតមកដល់ពេលនេះ មានប្រទេសជិត ១៥០ ក្នុងចំណោមប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ ប៉ាឡេស្ទីនចាត់ទុករដ្ឋរបស់ខ្លួនរួមបញ្ចូលតំបន់ Gaza Strip និង West Bank ដោយមានក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.