ព័ត៍មាន

ដាក់ពង្រាយវិធានការបន្ទាន់ឆ្លើយតបនឹងព្យុះ WIPHA

ដាក់ពង្រាយវិធានការបន្ទាន់ឆ្លើយតបនឹងព្យុះ WIPHA

(VOVWORLD) - នៅព្រឹកព្រលឹមថ្ងៃទី ២១ ខែកក្កដា ព្យុះ Wipha មានចម្ងាយប្រហែល ២៧៥ គីឡូម៉ែត្រពីភាគខាងកើតខេត្ត Quang Ninh - Hai Phong។

ព្យាករណ៍ពីការផ្លាស់ទីរបស់ព្យុះលេខ៣ (Wipha)។ រូបថត៖ nchmf.gov.vn
ក្នុងរយៈពេល ២៤ ម៉ោង ខាងមុខ ព្យុះនឹងផ្លាស់ទីក្នុងល្បឿន ១៥-២០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្លាំង ខ្យល់បក់ពី ១០២-១០៧ គីឡូម៉ែត្រក្នុងមួយម៉ោង អាចឡើងដល់ ១៥០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដើម្បីឆ្លើយតបនឹងព្យុះនេះ កាលពីថ្ងៃទី ២០ កក្កដា នាយក រដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ នគរបាល កសិកម្ម និងបរិស្ថាន រួមជាមួយក្រសួង ផ្នែក និងតំបន់នានា ផ្ដោតសំខាន់ លើការដឹកនាំអនុវត្តន៍ឱ្យបានទាន់ពេលវេលានូវការងារឆ្លើយតបនឹងព្យុះ ជំនន់ទឹកភ្លៀង ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរដ្ឋ កាត់បន្ថយការ ខូចខាតដែលបណ្ដាលមកពីព្យុះឲ្យនៅកម្រិតទាបបំផុត។
ចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃព្យុះ Wipha ទីក្រុង Hai Phong បានចេញ បម្រាមសមុទ្រ។ ទីក្រុង Hai Phong បានប្រកាស ហាមប្រាមនាវានិងទូកចេញទៅកាន់ សមុទ្រយ៉ាងដាច់ខាត បញ្ឈប់សកម្មភាពនេសាទ វារីវប្បកម្ម និងសកម្មភាពផ្សេងៗ ទៀតនៅតំបន់ច្រកទន្លេ ឆ្នេរសមុទ្រ និងនាយសមុទ្រ។
កងកម្លាំងតំបន់លេខ ១ នៃកងទ័ពជើងទឹក ក៏បានបង្កើតផែនការ និងអនុវត្តន៍ វិធានការជាច្រើនដើម្បីទប់ទល់នឹងព្យុះ Wipha ផងដែរ។ ភ្នាក់ងារ និងអង្គភាពក្នុងតំបន់ ទាំងមូល រក្សាកម្លាំង ១០០% ប្រចាំយាមការងារ; សម្របសម្រួលយ៉ាងសកម្មជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីត្រៀមខ្លួនឆ្លើយតប និងជួយសង្គ្រោះនៅពេលចាំបាច់។ លោក វរនាវីឯក Phan Tien Bao មេបញ្ជាការរងតំបន់លេខ ១ កងទ័ពជើងទឹក បានឲ្យដឹងថា៖ “បញ្ជាការដ្ឋាន បានដឹកនាំកម្លាំងនាវាចល័តពីមូលដ្ឋានទៅកាន់ទីតាំងជំរកព្យុះ ដើម្បីធានាសុវត្ថិភាព ហើយនៅទីនេះ យើងនឹងដាក់ពង្រាយការងារចុងក្រោយ ដើម្បី ត្រៀមទប់ទល់នឹងព្យុះ Wipha។ លើសពីនេះ យើងជានិច្ចកាលត្រៀមខ្លួនជាស្រេច ដើម្បីបំពេញបេសកកម្មស្វែងរកនិងជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានស្ថាន ការណ៍កើតឡើង យើងត្រៀមចេញដំណើរតែម្ដង។ នេះក៏ជាបេសកកម្មប្រយុទ្ធមួយក្នុង សម័យសន្តិភាព”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.