ព័ត៍មានវៀតណាមលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងស្តីពីជីវចម្រុះសមុទ្រ
វៀតណាមលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងស្តីពីជីវចម្រុះសមុទ្រ
ថ្ងៃអាទិត្យ, 16:33, 02/11/2025
VOV5
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ច្បាប់អន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៨០ នៅរសៀលថ្ងៃទី ៣១ ខែតុលា វៀតណាមនិងសិង្ហបុរីបានសហការរៀបចំសិក្ខាសាលាអន្តរជាតិ “ជំហានត្រៀមចាំបាច់សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្នុងតំបន់សមុទ្រនៅខាងក្រៅវិសាលភាពយុត្តាធិការជាតិ (BBNJ)៖ បញ្ហាប្រឈមនិងឱកាស”។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកជំនាញ និងអ្នកប្រាជ្ញឈានមុខគេលើពិភពលោក អំពីច្បាប់សមុទ្រនិងតំណាងប្រទេសជិត ១០០ នៅគ្រប់ទ្វីបទាំងអស់។
លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានធ្វើជាអធិបតីក្នុងពិធី (រូបថត៖ Quang TRung/VOV-Washington) |
កិច្ចព្រមព្រៀង BBNJ ដែលជាឯកសារមួយក្នុងក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីឈានដល់ចំណុចសំខាន់ដែលមានចំនួន ៦០ ប្រទេស ផ្តល់សច្ចាប័ន នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥។ នេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីអភិរក្ស និងធ្វើអាជីវកម្មប្រកបដោយជិរភាពជីវចម្រុះសមុទ្រ នៅក្នុងតំបន់សមុទ្រអន្តរជាតិ ដោយមានសសរស្តម្ភសំខាន់ៗចំនួនបួន៖ ការអភិក្រម ការធ្វើអាជីវកម្ម និងការចែករំលែកផលប្រយោជន៍ដោយសមធម៌ពីធនធានហ្សែនសមុទ្រ; បង្កើតនិងគ្រប់គ្រងតំបន់ការពារសមុទ្រ; វាយតម្លៃផលប៉ះពាល់បរិស្ថាននៃសកម្មភាពនៅខាងក្រៅវិសាលភាពយុត្តាធិការជាតិ; កសាងសមត្ថភាពនិងការផ្ទេរបច្ចេកវិទ្យាសមុទ្រ។
នៅក្នុងបរិបទនៃកិច្ចព្រមព្រៀង ដែលនឹងចូលជាធរមានឆាប់ៗនេះ ប្រតិភូដែលចូលរួមក្នុងការពិភាក្សាបានសង្កត់ធ្ងន់ថា ការអនុម័តលើកិច្ចព្រមព្រៀងនេះគឺជាជំហានដំបូង ហើយប្រទេសនានាត្រូវបង្កើនដំណើរការពិភាក្សាក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរៀបចំ ឯកភាពលើច្បាប់នីតិវិធី និងយន្តការពេញលេញ ដើម្បីឱ្យស្ថាប័នក្រោមកិច្ចព្រមព្រៀងអាចដំណើរការភ្លាមៗ បន្ទាប់ពីសន្និសីទបណ្តាប្រទេសសមាជិក (COP ១) ដែលគ្រោងនឹងរៀបចំឡើង មុនខែមករា ឆ្នាំ ២០២៧៕