ព័ត៍មាន

វៀតណាមម្ចាស់ការទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារ

វៀតណាមម្ចាស់ការទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារ

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅសន្និសីទអនុវត្តការគ្រប់គ្រងការនាំចេញអង្ករ។ សន្និសីទនេះត្រូវបានក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho សម្របសម្រួលរៀបចំឡើង ។

យោងតាមការប៉ាន់ស្មានរបស់ស្ថាប័នអន្តរក្រសួង រហូតដល់ចុងខែកក្កដាកន្លងទៅ វៀតណាមត្រូវបានប៉ាន់ប្រមាណនាំចេញអង្ករចំនួន ៤,៨៣ លានតោន ដែលមានតម្លៃ ២,៥៨ ពាន់លានដុល្លារ កើនឡើង ១៨,៧% អំពីបរិមាណ និងកើនឡើង ២៩,៦% អំពីតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រៅពីទីផ្សារនាំចេញសំខាន់ប្រពៃណីដែលត្រូវបានបន្តរក្សាដូចជា៖ ហ្វីលីពីន ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូតឌីវ័រ ហុងកុង(ចិន) និងទីផ្សារមួយចំនួនទៀតដូចជាសហភាពអឺរ៉ុប (EU) ក៏បានកត់សម្គាល់នូវកំណើនលេចធ្លោផងដែរ។
ទិដ្ឋភាពនៃសន្និសីទ។ រូបថត៖ VOV

ក្នុងសន្និសីទនេះ លោក Nguyen Nhu Cuong ប្រធាននាយកដ្ឋានដាំដុះដំណាំ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ស្ថានភាពផលិតកម្មស្រូវអង្ករ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងមានភាពអំណោយផល។ ដូច្នេះ ឱកាសសម្រាប់នាំចេញអង្ករគឺធំធេងណាស់ ដែលអាចឈានដល់ជាង ៧,៥ លានតោន៖ “ជាមួយអ្វីៗដែលបានត្រៀមរៀបចំនោះ វៀតណាមអាចម្ចាស់ការទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារក៏ដូចជាការនាំចេញ។ អាចបញ្ជាក់បានថា វៀតណាមនឹងនរចិត្តទាំងស្រុងក្នុងការធានាសន្តិសុខស្បៀងអាហារនៅកម្រិតខ្ពស់បំផុត មានដំណោះស្រាយសមស្របបំផុតដើម្បីទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាត ប្រសិនបើកើតមានឡើងក្នុងទ្រុងទ្រាយធំ”។

យោងតាមសមាគមស្បៀងអាហារវៀតណាម ការនាំចេញអង្កររបស់វៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ នាបច្ចុប្បន្ន វៀតណាមឈរលំដាប់ថ្នាក់ទី២ បន្ទាប់ពីឥណ្ឌា អំពីការនាំចេញអង្ករ។ នាពេលថ្មីៗនេះ ក្រោយរយៈពេលប្រហែល ២ សប្តាហ៍ចាប់តាំងពីឥណ្ឌាបានហាមឃាត់ការនាំចេញ (ចាប់ពីថ្ងៃទី ២០ ខែកក្កដា) តម្លៃអង្កររបស់វៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមសមាគមស្បៀងអាហារវៀតណាម ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំតម្រូវការនាំចូលអង្កររបស់បណ្តាប្រទេសនៅតែធំធេងណាស់។ នេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការផលិតនិងនាំចេញមុខទំនិញនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានលើកច្បាស់ថា៖ “តម្លៃនាំចេញអង្ករមួយចំនួននាបច្ចុប្បន្នបានបង្កើតកំណត់ត្រាក្នុងរយៈពេល ១១ ឆ្នាំកន្លងទៅ ហើយតម្លៃស្រូវអង្កររបស់ប្រជាជនក៏ខ្ពស់ជាងផងដែរ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានបញ្ជាណែនាំយ៉ាងសកម្ម ហើយមូលដ្ឋាននានាក៏បានខិតខំប្រឹងប្រែង ជាពិសេសតំបន់ដីសណ្តទន្លេ Cuu Long  ដែលមានផ្ទៃដីប្រមាណ ៧០០.០០០ ហិកតា កើនឡើងជាង ៥០.០០០ ហិកតា បើប្រៀបធៀបនឹងឆ្នាំមុន ត្រូវបានរំពឹងថានឹងទទួលបានស្រូវជាង៤៣លានតោន។ ក្នុងលក្ខខណ្ឌធម្មតាជាមួយនឹងការរំពឹងទុកនេះ បន្ទាប់ពីបានធានាសន្តិសុខស្បៀងអាហាររួចហើយ អាចនាំចេញស្បៀងអាហារពី ៧,៥ ដល់ ៨ លានតោន”។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអះអាងថា នឹងតាមដានយ៉ាងជិតស្និទ្ធនូវការវិវឌ្ឍទីផ្សារដើម្បីកុំឱ្យមានភាពអសកម្ម និងភ្ញាក់ផ្អើលចំពោះការវិវឌ្ឍន៍ និងការផ្លាស់ប្តូរទីផ្សារនាំចេញ ឆ្លៀតយកឱកាសដើម្បីពង្រីកទីផ្សារ និងបញ្ជាក់ពាណិជ្ជសញ្ញាអង្ករវៀតណាមនៅលើទីផ្សារពិភពលោក៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.