ព័ត៍មាន

វៀតណាមសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរជាសកល

វៀតណាមសន្យាគាំទ្រកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរជាសកល

(VOVWORLD) - សន្និសីទលើកទី៣ បណ្ដាប្រទេសសមាជិកនៃសន្ធិសញ្ញាប្រឆាំងអាវុធនុយក្លេអ៊ែរ (TPNW) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមីនា នៅទីស្នាក់ការអង្គការ សហប្រជាជាតិ (ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក) ដោយមានការចូលរួមពីតំណាង ប្រទេសចំនួន ៩៤ ដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នលើសន្ធិសញ្ញា ប្រទេស សង្កេតការណ៍ និងអង្គការអន្តរជាតិពាក់ព័ន្ធជាង ១០០។

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VOV)
ថ្លែងមតិនៅសន្និសីទ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវការសន្យាយ៉ាងមុតមាំ របស់វៀតណាមចំពោះគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង; ទន្ទឹមនឹងនោះ លោកបានអំពាវនាវឱ្យប្រទេសនានាផ្ដោតលើការជំរុញបណ្ដាប្រទេសផ្តល់សច្ចាប័ន និងចូលជាសមាជិកសន្ធិសញ្ញា ដើម្បីបង្កើនភាពជាសកលនៃឯកសារនេះ អនុវត្តន៍យ៉ាងពេញលេញនូវការសន្យារំសាយអាវុធនុយក្លេអ៊ែរ រំលេចតួនាទីនៃតំបន់គ្មានអាវុធ នុយក្លេអ៊ែរ បន្តពង្រឹងពហុភាគីនិយមក្នុងការរំសាយអាវុធ។ លោកឯកអគ្គរដ្ឋទូតបាន សង្កត់ធ្ងន់ថា បណ្ដាប្រទេសដែលមានអាវុធនុយក្លេអ៊ែរមានតួនាទីសំខាន់ជួរមុខក្នុងការ អនុវត្តវិធានការរំសាយអាវុធនុយក្លេអ៊ែរដែលអាចត្រួតពិនិត្យបាន មិនអាចបញ្ច្រាសបាន និងមានលក្ខណៈចាប់បង្ខំផ្លូវច្បាប់។
ក្នុងនាមជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) សន្ធិ សញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងជាប្រទេសមួយក្នុង ចំណោមប្រទេសដំបូងទាំង ១០ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាប្រឆាំងអាវុធ នុយក្លេអ៊ែរ វៀតណាមប្តេជ្ញាសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ ដើម្បីឆ្ពោះ ទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកប ដោយចីរភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.