ព័ត៍មាន

វិមានក្រឹមឡាំងនិងសេតវិមាន មិនទាន់បញ្ជាក់ពីជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ីនិងអាមេរិកនោះទេ

វិមានក្រឹមឡាំងនិងសេតវិមាន មិនទាន់បញ្ជាក់ពីជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ីនិងអាមេរិកនោះទេ

(VOVWORLD) - ទាំងវិមានក្រឹមឡាំង និងសេតវិមាន មិនទាន់បានបញ្ជាក់ព័ត៌មានដែលចុះផ្សាយលើកាសែត New York Post កាលពីថ្ងៃទី ៨ ខែកុម្ភៈចំពោះការដែល ប្រធានាធិបតីអាមេរិក លោកDonald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំនៅទីក្រុងហែលស៊ីនគី (ហ្វាំងឡង់) ក្នុងខែកក្កដា ឆ្នាំ ២០១៨ (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃ ទី៩ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក “មិនអាចបញ្ជាក់ ឬបដិសេធ” ព័ត៌មានអំពីទំនាក់ទំនងរវាងប្រធានាធិបតី ពូទីន និងសមភាគីអាមេរិក ស្តីពីបញ្ហាអ៊ុយក្រែននោះទេ។ ទន្ទឹមនឹងនេះ សេតវិមាននៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនៅឡើយទេ។ មុននេះ កាសែត The New York Post (សហរដ្ឋអាមេរិក) បានចុះផ្សាយព័ត៌មានថា នៅក្នុងបទសម្ភាសន៍នៅលើយន្តហោះ Air Force One កាលពីថ្ងៃទី ៧ ខែកុម្ភៈ ប្រធានាធិបតី Donald Trump បានឲ្យដឹងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតី លោក Donald Trump បានសម្តែងម្តងហើយម្តងទៀតនូវឆន្ទៈ ក្នុងការពិភាក្សាជាមួយសមភាគីរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរ មិនទាន់បានបញ្ជាក់ ពីទំនាក់ទំនងផ្លូវការណាមួយ រវាងមេដឹកនាំទាំងពីររូបនេះនោះទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.