ព័ត៌មានសំខាន់

ពិធីមិទ្ទីញបើកទិវាសុខភាពជាតិនៅថ្ងៃទី ៧ ខែមេសា

[VOVWORLD] - ពិធីមិទ្ទីញបើកទិវាសុខភាពជាតិ (ថ្ងៃទី ៧ ខែមេសា) បានធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែមេសា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម សម្របសម្រួលជាមួយក្រសួងសុខាភិបាល ដោយមានប្រធានបទ៖ “បង្ការជំងឺប្រកបដោយប្រសិទ្ធភាព - ដើម្បីប្រទេសវៀតណាមដែលមានសុខភាពល្អ”។

នេះជាលើកដំបូងដែលទិវាសុខភាពជាតិត្រូវបានអនុវត្តទូទាំងប្រទេស។ ថ្លែងនៅក្នុងពិធីនេះ ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម លោក Trinh Van Quyet បានមានប្រសាសន៍ថា៖ “ការិយាល័យនយោបាយបានសម្រេចចិត្តកំណត់ថ្ងៃទី ៧ ខែមេសាជារៀងរាល់ឆ្នាំជាទិវាសុខភាពជាតិ។ ហើយឆ្នាំ ២០២៦ នឹងជាឆ្នាំដំបូងនៃការអនុវត្តដោយមានប្រធានបទ៖ បង្ការជំងឺប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសវៀតណាមដែលមានសុខភាពល្អ។ នេះមិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមដែលមានមូលដ្ឋានចលនានោះទេ ប៉ុន្តែជាទិសដៅយុទ្ធសាស្ត្រ ដែលផ្លាស់ប្តូរយ៉ាងខ្លាំងពីផ្នត់គំនិតដែលផ្តោតជាចម្បងលើការព្យាបាលទៅជាផ្នត់គំនិតដែលផ្តោតលើការបង្ការ ជាមូលដ្ឋាន និងរយៈពេលវែង ដោយដាក់សុខភាពប្រជាជនជាមជ្ឈភាពនៃគោលនយោបាយអភិវឌ្ឍន៍ជាតិទាំងអស់”។

ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជនមជ្ឈិម បានស្នើឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ កសាង និងផ្សព្វផ្សាយយ៉ាងខ្លាំងនូវ “វប្បធម៌សុខភាព”  នៅទូទាំងសង្គម។  បន្ទាប់ពីពិធីមិទ្ទីញ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យជាង ៣០០ នាក់មកពីមណ្ឌលសុខភាពមជ្ឈិម និងមូលដ្ឋានចំនួន ១៩ មន្ទីរពេទ្យឯកជន និងកងកម្លាំងប្រដាប់អាវុធ បានផ្តល់ការពិគ្រោះយោបល់ និងការពិនិត្យសុខភាពដោយឥតគិតថ្លៃសម្រាប់មនុស្ស ៥.០០០ នាក់។ នៅទីតាំងនេះផងដែរ មនុស្សជាង ១.០០០ នាក់បានទទួលការពិនិត្យដោយស្វ័យប្រវត្តិ និងប្រព័ន្ធបញ្ញាសិប្បនិម្មិត ដែលគាំទ្រការវិភាគសូចនាករសុខភាព វាយតម្លៃហានិភ័យនៃជំងឺមិនឆ្លង និងណែនាំការថែទាំផ្ទាល់ខ្លួន...៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.