ការរកឃើញវៀតណាម

ធ្វើដំណើរទៅកាន់ Moc Chau ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនារដូវក្តៅ

ធ្វើដំណើរទៅកាន់ Moc Chau ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនារដូវក្តៅ

(VOVWORLD) - ជាមួយនឹងវាលស្មៅពណ៌បៃតងដ៏ធំល្វឹងល្វើយ អាកាសធាតុបរិសុទ្ធរួមជាមួយទេសភាពស្រស់បំព្រង តំបន់ទេសចរណ៍ជាតិ Moc Chau នៅខេត្ត Son La គឺជាគោលដៅកំសាន្តរបស់អ្នកទេសចរជាច្រើនរូប។ មកដល់ Moc Chau ក្រៅពីការទស្សនាកំសាន្តនិងដកបទពិសោធន៍នៅតាមកន្លែងល្បីៗ ជាច្រើនដូចជា ចំការតែរូបបេះដូង ល្បាក់ទឹក Yem ដ៏ស្រស់ស្អាតមក អ្នកទេសចរក៏អាចទៅទស្សនាចំការស្ត្រប៊ឺរី Chimi - Farm ដើម្បីបេះផ្លែនិងទិញយកទុកពិសារដោយរីករាយនិងចូលរួមក្នុងពិធីបុណ្យប្រពៃណី ភ្លក់មុខម្ហូបប្រពៃណីដែលរៀបចំដោយជនជាតិភាគតិចក្នុងតំបន់តែម្តង។

ចំការតែ Moc Chau (រូបថតៈ baosonla.org.vn ) 

កំពូលភ្នំ Pha Luong ដ៏អស្ចារ្យសម្បើម ល្បាក់ទឹក Yem ដ៏ល្វិតល្វន់ឬចំការតែបៃតងធំល្វឹងល្វើយ រួមជាមួយខ្យល់អាកាសបរិសុទ្ធនិងភាពកក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនបណ្តាជនជាតិនៅ Moc Chau  ពិតជានាំមកនូវបទពិសោធន៍ថ្មី និងគួរឱ្យចាប់អារម្មណ៍ ដល់អ្នកទេសចររគ្រប់រូប សូម្បីតែអ្នកដែលធ្លាប់ទៅលេងទីនោះច្រើនដងក៏ដោយ។ អ្នកទេសចរ Tran Phong Hoang មកពីទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ខ្ញុំឃើញ ថា បងប្អូនជនជាតិនៅទីនេះរួសរាយរាក់ទាក់ណាស់។  ហើយសម្លៀកបំពាក់របស់ពួកគេមានភាពចម្រុះពណ៌និងសម្បូរបែប ដែលបានរួមចំណែកលើកស្ទួយនូវសម្រស់ពិសេស របស់ក្រុមជនជាតិនៅភាគពាយព្យនៃប្រទេសវៀតណាម”។

នាប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែស្ត្របឺរី Moc Chau បានបញ្ជាក់ពីម៉ាកយីហោផ្លែឈើស្អាតសម្រាប់អ្នកប្រើប្រាស់។ គំរូកសិដ្ឋានដាំស្ត្រប៊េរី ដែលរួមបញ្ចូលទាំងដំណើរទស្សនានិងទិញផ្លែស្ត្របឺរីស្រស់ៗនៅក្នុងចំការតែម្តង គឺជាប្រភេទទេសចរណ៍គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

នៅចំការស្ត្រប៊ឺរី Chimi – Farm Moc Chau, ក្នុងកំឡុងពេលឈប់ទទួលភ្ញៀវដើម្បីអនុវត្តន៍ការរក្សាគម្លាតសង្គម ដោយសារជំងឺរាតត្បាត Covid-19 កម្មករបានផ្តោតការយកចិត្តទុកដាក់លើការថែរក្សាចំការស្ត្រប៊ឺរី ដោយធានាបាននូវគុណភាពល្អបំផុត។ ហេតុដូច្នេះហើយ បន្ទាប់ពីបានបើកឲ្យដំណើរការធម្មតាឡើងវិញ នាខែកក្កដានិងសីហាចំការស្ត្រប៊ឺរីមានភ្ញៀវទេសចរមកទស្សនានិងទទួលបទពិសោធន៍ជាច្រើនដែរ។ អ្នកស្រី Phan Thi Yen ភ្ញៀវទេសចរមកពីខេត្ត Bac Ninh បានឲ្យដឹងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានទៅទស្សនាចំការស្ត្រប៊ឺរី ហើយពេលមកទីនេះខ្ញុំមានអារម្មណ៍ប្លែកបន្តិច ពីព្រោះជាធម្មតាខ្ញុំគិតថាផ្លែស្ត្របឺរីត្រូវបានដាំនៅផ្ទាល់ដី ប៉ុន្តែនៅទីនេះ ស្ត្របឺរីត្រូវបានដាំក្នុងធុងដូច្នេះ។ នេះគឺជាបទពិសោធន៍ថ្មីសម្រាប់អ្នក ស្រុកកំណើតគ្មានដាំស្ត្រប៊េរីឬសម្រាប់អ្នកដែលមិនធ្លាប់បានទស្សនាចំការស្ត្រប៊ឺរី។ នេះជាទិសដៅដ៏អស្ចារ្យ ហើយប្រសិនបើខ្ញុំអាចត្រឡប់មកវិញខ្ញុំនៅតែអាចមកទីនេះជាពុំខាន”។

ដោយមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ដែលត្រូវបានប្រដូចជា “ម៉ាស៊ីនត្រជាក់ធំសម្បើម” ដែលមាតាធម្មជាតិអំណោយផល Moc Chau ក្លាយជាទិសដៅដ៏ល្អរៀងរាល់រដូវក្តៅ។ ហេតុដូច្នេះ ថ្វីត្បិតតែកន្លែងស្នាក់នៅ សណ្ឋាគារនិងផ្ទះសំណាក់ជាច្រើននៅ  Moc Chau  ត្រូវបានបើកដំណើរការជាថ្មីក៏ដោយ ប៉ុន្តែមានភ្ញៀវច្រើនមកទស្សនាជាពិសេសគឺនៅចុងសប្តាហ៍។ លោក Trang A Chu ម្ចាស់ Homstay A Chu នៅស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “មកកំសាន្តនៅទីនេះ ភ្ញៀវតែងតែមានគ្នាពី ៥ ទៅ ៦ នាក់ក្នុងមួយគ្រួសារ។ គ្រួសារនីមួយៗតែងតែជួលកន្លែងមួយ។  រាល់ឱកាសបែបនេះ Homstay របស់យើងមានប្រហែល ១៥ ដល់ ២០ នាក់”។

Homestay របស់គ្រួសារលោក Trang A Chu (រូបថត៖ baodantoc.vn)

ដើម្បីធ្វើឱ្យមានភាពខុសគ្នា កន្លែងស្នាក់នៅ សណ្ឋាគារ ឬ Homestay ក៏យកចិត្តទុកដាក់ក្នុងការថែរក្សានិងលើកកម្ពស់លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនិងផ្សព្វផ្សាយដល់ភ្ញៀវទេសចរផងដែរ។ Bui Thu Hien នៅរមណីយដ្ឋានអេកូឡូស៊ី Van Ho Ecologe ស្រុក Van Ho ខេត្ត Son La បានឲ្យដឹងថា៖ “ក្រៅពីរចនាបថទំនើប យើងតែងតែផ្តោតលើទំនៀមទំលាប់នៃវប្បធម៌ជនជាតិ។ ហេតុដូច្នេះ ក្នុងបន្ទប់យើងបានតុបតែងលំអ ដូចជាតាំងបង្ហាញកន្សែង pieu កាបូបចារបាប់ ដើម្បីឱ្យអ្នកទស្សនាមានអារម្មណ៍ស្និទ្ធស្នាលជាមួយជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ។  ម្ហូបភាគច្រើនជាម្ហូបជនជាតិ Thai, Muong និង Mong  តាមតម្រូវការរបស់ភ្ញៀវ ហើយយើងតែងស្លៀកសំលៀកបំពាក់ជនជាតិ ដើម្បីធ្វើអោយភ្ញៀវមានអារម្មណ៍សុខស្រួលនិងកាន់តែជិតស្និទ្ធជាង”។

នៅពេលថ្ងៃលិច គឺដល់ពេលដែលភ្ញៀវទេសចរត្រូវវិលត្រលប់មកកន្លែង ស្នាក់នៅហើយពិសារអាហារពេលល្ងាចដែលជាម្ហូបប្រចាំតំបន់ដោយប្រជាជនតាមតំបន់ចម្អិនតែម្តង។ ជាពិសេស នៅពេលយប់នេះ អ្នកទេសចរនឹងស្វែងយល់ផង រីករាយផងជាមួយនឹងសិល្បៈពិសេស ទស្សនារបាំបុរាណ ដែលសម្តែងដោយសិប្បករជនជាតិ Muong ។ របាំបុរាណរបស់ជនជាតិ Muong មានលក្ខណៈសាមញ្ញ ងាយស្រួលរៀន ប៉ុន្តែរស់រវើក ដែលជាស្ពានតភ្ជាប់រវាងក្រុមជនជាតិជាមួយភ្ញៀវទេសចរ។ លោក Le Xuan Bo ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ខ្ញុំពិតជាសប្បាយណាស់ដែលបានចូលរួមរាត្រីពិធីបុណ្យដ៏ពិសេសនេះ។ ដោយហេតុនេះ ខ្ញុំយល់ថា ទេសចរណ៍ក្នុងតំបន់ក៏មានសក្តានុពលល្អសម្រាប់ការអភិវឌ្ឍន៍ដែរ។ ជាពិសេស Moc Chau មានក្រុមជនជាតិភាគតិចនៅតំបន់ភ្នំ។ សកម្មភាពនៅទីនេះគឺទាក់ទាញយើងខ្ញុំខ្លាំងណាស់”។

យោងតាមការធ្វើស្ថិតិ ក្រោយពេលបានអនុវត្តន៍វិធានការរក្សាគម្លាតសង្គម ដោយសារការរីករាលដាលនៃ Covid-19 រហូតមកដល់បច្ចុប្បន្ន តំបន់ទេសចរណ៍ជាតិ Moc Chau បានស្វាគមន៍ភ្ញៀវទេសចររាប់ពាន់នាក់ មកកម្សាន្ត ស្វែងយល់និងទទួលបទពិសោធន៍។ ប្រការនេះ បានបង្ហាញថា វិស័យទេសចរណ៍នៅ Son La កំពុងត្រូវបានរំពឹងទុកថា នឹងនាំមកនូវលទ្ធផលវិជ្ជមានជាច្រើន ក្នុងឆ្នាំដែលត្រូវបានវាយតម្លៃថា ជាឆ្នាំលំបាកសម្រាប់វិស័យសេដ្ឋកិច្ចជាច្រើនទៀតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.