ការរកឃើញវៀតណាម

ទស្សនាភូមិ Giang Mo នៅខេត្ត Hoa Binh

ទស្សនាភូមិ Giang Mo នៅខេត្ត Hoa Binh

(VOVWORLD) -ភូមិ Giang Mo ចំណុះឃុំ Binh Thanh ស្រុក Cao Phong ដែលមានចំងាយប្រ មាណ១០គីឡូម៉ែត្រពីទីក្រុង Hoa Binh ភូមិភាគខាងជើងវៀតណាមគឺជាគោលដៅទេសចរ ណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវជាតិនិង អន្តរ ជាតិ។ ទេសភាពធម្មជាតិរួមមានព្រៃភ្នំរួមជាមួយផ្ទះឈើប្រពៃណីរស់ប្រជាពលរដ្ឋនៅទីនេះបានបង្ហាញនូវផ្នត់វប្បធម៌និងជីវភាពរស់នៅសុខសាន្តត្រាណរបស់អ្នកភូមិ។

ភូមិ Giang Mo ស្ថិតក្នុងជ្រលងភ្នំ ព័ទ្ធជុំវិញដោយ វាលស្រែស្រូវខៀវស្រងាត់និងព្រៃភ្នំ Hoa Binh។ នៅក្នុងភូមិមានបងប្អូនជនជាតិ Muong ចំនួន១២០គ្រួសាររួមរស់ជាមួយគ្នាហើយភ្ញៀវទេសចរមកនេះអាចស្វែងយល់ពីជីវភាពរស់នៅនិងវប្បធម៌របស់ជនរួមជាតិនេះ។ 

 ភូមិ Giang Mo ទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ (រូបថតៈ mytour.vn)

        តាមលោក Nguyen Van Hau ជាម្ចាស់ផ្ទះមួយរូបដែលកំពុងត្រៀមរៀបចំម្ហូបអាហារជូនក្រុមភ្ញៀវមកពីអឺរ៉ុបនោះបានឲ្យដឹងថា ទេសចរក្នុងស្រុកនិងបរទេសចូលចិត្តមកទស្សនាភូមិ Giang Mo ដោយសារនៅភូមិនេះប្រជាជនរក្សាបាននូវផ្នត់វប្បធម៌ប្រពៃណីរបស់ខ្លួន។ លោក Nguyen Van Hau បានថ្លែងយ៉ាងដូច្នេះថា៖

       “ភូមិ Giang Mo មានប្រជាជន ចំនួន១២០គ្រួសារដែលចែកជាច្រើនក្រុមក្នុងនោះមាន៤៦គ្រួសារបើកសេវាទេសចរណ៍។ ភូមិយើងខ្ញុំបានទទួលភ្ញៀវមកទស្សនាតាំងពីយូរមកហើយ។ ក្នុងអំឡុងឆ្នាំ១៩៧៩-១៩៨០ពេលកសាងរោងចក្រវារីអគ្គិសនីនោះក្រុមជំនាញការអតីតសហភាពសូវៀតតែងតែមកទស្សនានិងស្នាក់នៅភូមិនាចុងសប្ដាហ៍។ គ្រួសារខ្ញុំចាប់ផ្ដើមបើកសេវាទេសចរណ៍តាំងពីឆ្នាំ១៩៩៧មក ហើយដល់ឆ្នាំ២០០១គឺបើកបន្ថែមនូវសេវាធ្វើម្ហូបបំរើភ្ញៀវ។ ក្នុងរដូវទេសចរណ៍មានពេលខ្លះយើងខ្ញុំទទួលជនបរទេសរហូតដល់ទៅ៣០០ឬ៤០០នាក់ក្នុងមួយថ្ងៃ ”។

ក្រៅពីគយគន់ទេសភាពធម្មជាតិនិងទស្សនាផ្ទះសំបែងរបស់ប្រជាជន ភ្ញៀវទេសចរក៏បានភ្លក់ម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខដូចជាបាយដំណើប សាច់ក្របី សាច់ជ្រូក មាន់ ត្រីជ្រោះ ទំពាំងព្រៃនិងស្រាពាងជាដើម។លោក Nguyen Van Hau បានឲ្យដឹងទៀតថា៖

        “ភ្ញៀវទេសចរមកកាន់ភូមិ Giang Mo គេចូលចិត្តពិសារណែមនិងប្រហិតសាច់ជ្រូកចៀនណាស់។ គេថានៅទីក្រុងគេធ្លាប់ហូបហើយតែម្ហូបទាំង២មុខហ្នឹងដោយបងប្អូនជនជាតិ Muong ច្នៃគឺឈ្ងុយឆ្ងាញ់ពិសេស។ ទន្ទឹមនឹងម្ហូបអាហារយើងខ្ញុំក៏សំដែងសិល្បៈច្រៀងរាំវាយគងឃ្មោះជូនភ្ញៀវកំសាន្តផងដែរ”។

        ប្រជាជនជនរួមជាតិ Muong រស់នៅក្នុងផ្ទះឈើផុតពីដីហើយមុខរបរសំខាន់គឺធ្វើស្រែចំការនិងត្បាញក្រណាត់។ នារីជនជាតិ Muong ពូកែត្បាញក្រណាត់ ដេរប៉ាក់ខោអាវរាប់ទាំងឧបករណ៍សំរាប់ផលិតកម្មកសិកម្មទៀផង។ តាមអ្នកស្រី Jaelle ជាភ្ញៀវមកពីប្រទេសបារាំងបានចែករំលែកថា៖

“ខ្ញុំមកទស្សនាវៀតណាមជាលើកដំបូងតែសប្បាយចិត្តណាស់ដោយឃើញនូវការស្វាគមន៍យ៉ាងកក់ក្ដៅរបស់ប្រជាជនវៀតណាមដែលមានវប្បធម៌ខុសពីប្រទេសបារាំង។ ភូមិ Giang Moនេះមានភាពចំលែកជាច្រើនដោយមានផ្ទះឈើផុតពីដីរបស់អ្នកភូមិដែលធ្វើឲ្យខ្ញុំមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ”។

        ពេលមកទស្សនាភូមិ Giang Mo របស់ប្រជាជនជនរួមជាតិ Muong នេះភ្ញៀវទេសចរក៏អាចទៅមើលរមណីយដ្ឋានផ្សេងៗក្នុងខេត្ត Hoa Binh ដែរមានជាអាទិ៍ សារមន្ទីរវប្បធម៌ Muong  តំបន់ទេសចរណ៍ បឹង Hoa Binh ឬទៅទស្សនាចំការក្រូចនៅទីរួមស្រុក Cao Phong ក៏បានដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.