ការរកឃើញវៀតណាម

ស្ពាន Long Bien៖ សញ្ញាសម្គាល់របស់រដ្ឋធានី​ហាណូយ

ស្ពាន Long Bien៖ សញ្ញាសម្គាល់របស់រដ្ឋធានី​ហាណូយ

(VOVWORLD) - កាលពី ១២០ ឆ្នាំមុន (១៩០២ - ២០២២) ស្ពាន Long Bien ដែលជាស្ពានថែបដើមដំបូងឆ្លងទន្លេក្រហមត្រូវបានសម្ពោធ។

ស្ពាន Long Bien

ស្ពាននេះត្រូវបានរចនា និងសាងសង់ដោយជនជាតិបារាំងក្នុងរយៈពេល ៤ ឆ្នាំ (១៨៩៨ - ១៩០៣) ដើម្បីបម្រើការត្រួតត្រាវៀតណាមខាងជើងនាពេលនោះ។រួមជាមួយរោងមហោស្រពធំ សារមន្ទីរប្រវត្តិសាស្ត្រ ស្ពាន Long Bien គឺជាស្ថាបត្យកម្មបារាំងឆ្នើមមួយនៅរដ្ឋធានីហាណូយ។ អស់រយៈពេល ១២០  ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែស្ពាននេះនៅតែជារូបភាពដ៏ស្និទ្ធស្នាលចំពោះមនុស្សជាច្រើនជំនាន់ ហើយក្លាយទៅជានិមិត្តសញ្ញាវប្បធម៌ និងប្រវត្តិសាស្ត្រមួយនៃរដ្ឋធានី។

នៅចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២០ ស្ពាន Long Bien គឺជាស្ពានរចនាសម្ព័ន្ធដែកដ៏ធំសម្បើមបំផុតនៅអាស៊ីអាគ្នេយ៍។ នេះជាស្ពានសរសៃឈាមដើមដំបូងតភ្ជាប់ច្រាំងទន្លេក្រហមទាំងពីរ។ ស្ពាននេះ ត្រូវបានរចនាឡើងដោយមានផ្លូវដែកតែមួយគត់ដែលរត់នៅចំកណ្តាល ហើយអមនៅសង្ខាងជាផ្លូវសម្រាប់កង់ និងអ្នកដើរថ្មើរជើង។ ជាមួយនឹងរចនាសម្ព័ន្ធបែបនេះ ស្ពាន Long Bien បានក្លាយជាស្ពានដែកមួយក្នុងចំណោមស្ពានដែកធំជាងគេទាំង ៤ នៅលើពិភពលោកនាពេលនោះ។ លោក Manh Ha ស្ថាបត្យករម្នាក់ បានឲ្យដឹងថា៖ “នេះជាគម្រោងដ៏ពិសេសនៅទីក្រុងហាណូយ ព្រោះថាវាបានសាងសង់ពីដែកជាមួយប្រវែងជិត ៣ គីឡូម៉ែត្រ ឆ្លងទន្លេក្រហម តភ្ជាប់ខ័ណ្ឌ Long Bien ជាមួយខ័ណ្ឌ Hoan Kiem។ ក្នុងរយៈពេលជិតមួយសតវត្សរ៍កន្លងទៅនេះ ស្ពានបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាជនហាណូយ”។

ស្ពាន Long Bien មិនត្រឹមតែល្បីឈ្មោះជាស្ពាន់ដែលមានអាយុកាលយូរឆ្នាំ ហើយមានស្ថាបត្យកម្មដ៏ពិសេសប៉ុណ្ណោះទេ ថែមទាំងត្រូវបានប្រជាជនរដ្ឋធានីហាណូយរំលឹកជាសាក្សីប្រវត្តិសាស្ត្រនៃរដ្ឋធានី។ នាដើមសរទរដូវឆ្នាំ ១៩៥៤ ស្ពាន Long Bien បានទទួលស្វាគមន៍កងទ័ពជ័យជំនះវិលប្រឡប់មករំដោះរដ្ឋធានី។ កងទ័ពអាណានិគមបារាំងបានដកខ្លួនចេញពីរដ្ឋធានីហាណូយ តាមផ្លូវលេខ៥ ចុះនាវានៅកំពង់ផែ Hai Phong ហើយចាកចេញពីប្រទេសវៀតណាម។ ទន្ទឹមនឹងនេះ ក្នុងសង្រ្គាមបំផ្លិចបំផ្លាញនៅភាគខាងជើងលើកទី ១ (១៩៦៥ - ១៩៦៨)  និងលើកទី ២ ឆ្នាំ ១០៩៧ ស្ពាន Long Bien រងការទម្លាក់គ្រាប់បែកជាច្រើនដង។

នាបច្ចុប្បន្ននេះ រដ្ឋធានីហាណូយបានសងសង់ស្ពានថ្មីជាច្រើន ទំនើប និងធំជាង ធានាការធ្វើចរាចរណ៍យ៉ាងលូនសម្រាប់រដ្ឋធានី។ ប្រការនេះក៏មានន័យថា ស្ពាន Long Bien លឺថដើរតួនាទីជាសរសៃឈានក្នុងការធ្វើចរាចរណ៍ទៀតហើយ។ ឥឡូវនេះ ស្ពានទុកសម្រាប់អ្នកជិះកង ម៉ូតូ និងរថភ្លើងតែប៉ុណ្ណោះ។                                     

ស្នូរសំឡេងនិងរូបភាពរថភ្លើង និងរថយន្តធ្វើដំណើរដំណើរទៅមកបានចារឹកក្នុងអនុស្សាវរីយ៍របស់ប្រជាជនរដ្ឋធានីហាណូយ។ លោក Tran Lam ពលរដ្ឋហាណូយម្នាក់បានចែករំលែកថា៖ “ខ្ញុំបានស្គាល់ស្ពាន Long Bien យ៉ាងជិតស្និទ្ធតាំងពីកុមារភាពមក ហើយបច្ចុប្បន្ននេះខ្ញុំមានអាយុ ៦០ ឆ្នាំហើយ។ ថ្ងៃណាដែលខ្ញុំមិនបានឆ្លងស្ពាន់នេះ ដោយសារនឿយហត់ ឬអាកាសធាតុមិនអំណោយផល គឺខ្ញុំនឹកវាណាស់”។

ចាប់តាំងពីពេលបើកសម្ពោធជាមួយនឹងរហស្សនាមថា "ស្ពានមួយក្នុងចំណោមស្ពានធំបំផុតទាំង ៤ នៅលើពិភពលោក" ឬ "គម្រោងដែកថែបដ៏ធំសម្បើមបំផុតនៅលើឧបទ្វីបឥណ្ឌូចិន" មក ស្ពាន Long Bien នៅតែរំលេចក្នុងចំណោមស្ពានទំនើបៗផ្សេងទៀត ហើយតែងតែមានលក្ខណៈស្ថាបត្យកម្មដ៏វិសេសវិសាលដោយឡែករបស់រដ្ឋធានីហាណូយ។

ស្ពាន Long Bien

ក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ មហោស្រពស្ពាន Long Bien ចំនួនពីរត្រូវបានប្រារព្ធឡើងប្រកបដោយជោគជ័យនៅលើស្ពាននេះ។ នៅពេលនោះ ស្ពាន Long Bien បានក្លាយជាតំបន់ដើរថ្មើរជើង និងជាលំហតាំងពិពណ៌បម្រើប្រជាជន និងភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរស្ត្រីអាស៊ីម្នាក់បានចែករំលែកថា៖ “នៅពេលដើរថ្មើរជើងនៅលើស្ពាន Long Bien ពិតជាចាប់អារម្មណ៍ណាស់។ ភ្ញៀវទេសចរក៏អាចជិះកង់ និងម៉ូតូដើម្បីឆ្លងស្ពានផងដែរ។ នេះគឺជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅរដ្ឋធានីហាណូយផងដែរ”។

អស់រយៈពេល ១២០ ឆ្នាំបានកន្លងផុតទៅហើយ ស្ពាន Long Bien នៅតែជាសក្ខីភាពនៃការផ្លាស់ប្ដូររបស់រដ្ឋធានីហាណូយ។ រាល់តម្លៃនៃអតីតកាលនៅតែដិតជាប់ក្នុងស្ពាននេះដដែល។ ប្រទេសជាតិអភិវឌ្ឍន៍ រដ្ឋធានីក៏រីកចម្រើន ប៉ុន្តែតម្លៃប្រវត្តិសាស្ត្រ និងលក្ខណៈនិមិត្តសញ្ញានៃស្ពាន Long Bien នៅតែស្ថិតស្ថេរគង់វង្យរហូតរៀងទៅផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.