Media

ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ

ពិធីបុណ្យដ៏វិសេសវិសាលនៅខែមិគសិរ

(VOVWORLD) - ពិធីបុណ្យគឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលតាំងពីយូរលង់ណាស់មកហើយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។ នៅពេលបុណ្យតេតមកដល់ម្ដងៗ ក៏ជាការចាប់ផ្តើមនៃរដូវពិធីបុណ្យផងដែរ។ ខាងក្រោមនេះជាពិធីបុណ្យដ៏វិសេសវិសាលបំផុតក្នុងខែមិគសិរ។

១. ពិធីបុណ្យទួល Dong Da

ពិធីបុណ្យទួល Dong Da ប្រព្រឹត្តទៅនៅថ្ងៃទី ៥ បុណ្យតេតប្រពៃណី ជារៀងរាល់ឆ្នាំនៅឯទួល Dong Da សង្កាត់ Quang Trung ខ័ណ្ឌ Dong Da ទីក្រុងហាណូយ។ នេះជាពិធីបុណ្យជ័យជំនះ ដែលប្រារព្ធឡើងដើម្បីរំលឹកដល់យុទ្ធជ័យដ៏រុងរឿងរបស់ស្តេច Quang Trung ដែលជាវីរៈបុរសក្នុងប្រវត្តិសាស្ត្រនៃការតស៊ូរបស់ប្រទេសជាតិប្រឆាំងនឹងការឈ្លានពានរបស់ខ្មាំងសត្រូវបរទេស។
(រូបថត៖ Ha Phuong/VOV)
សម្រង់វិចារណកថាបានបង្កើតឡើងវិញនូវរូបភាពនៃទ័ព Tay Son ក្រោមការបញ្ជារបស់វីរៈបុរស Quang Trung - Nguyen Hue បានវាយឲ្យបរាជ័យកងទ័ពរាជវង្ស ឈីង (Qing) ជាង ២៩ ម៉ឺននាក់ នាំមកនូវជ័យជំនះយ៉ាងត្រចះត្រចង់ដល់ប្រទេសជាតិ។ (រូបថត៖ Ha Phuong/VOV)

២. ពិធីបុណ្យ Yen Tu ខេត្ត Quang Ninh

ពិធីបុណ្យ Yen Tu គឺជាពិធីបុណ្យដ៏ធំមួយនៅឃុំ Thuong Yen Cong ទីក្រុង Uong Bi ខេត្ត Quang Ninh។ ពិធីបុណ្យនេះបើកនៅថ្ងៃទី ១០ ខែមិគសិរ។

នេះជាពិធីបុណ្យដ៏ធំនិងអូសបន្លាយបំផុតនៅតំបន់ភាគខាងជើង (រហូតដល់ចុងខែទី ៣ តាមច័ន្ទគតិ) ដោយទាក់ទាញព្រះសង្ឃ ពុទ្ធបរិសទ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ធ្វើធម្មយាត្រាមក Yen Tu ដើម្បីថ្វាយបង្គំ ព្រះពុទ្ធរូប និងសម្តែងការគោរពបូជាចំពោះព្រះចៅអធិរាជ Tran Nhan Tong។ (រូបថត៖ VOV)
ពិធីបុណ្យនេះមានពិធីប្រពៃណីជាច្រើនដូចជា ការអុជធូប ពិធីបួងសួងសុំសន្តិភាពនិងសេចក្ដីសុខដល់ប្រជាជាតិ ពិធីបោះត្រាពិសិដ្ឋ Yen Tu ហើយទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ (រូបថត៖ VOV)

៣. ពិធីបុណ្យ Lim នៅខេត្ត Bac Ninh

ជាពិធីបុណ្យដ៏ធំមួយរបស់ខេត្ត Bac Ninh ដែលត្រូវបានបើកជាផ្លូវការនៅថ្ងៃទី ១៣ ខែមិគសិរ។ ពិធីបុណ្យ Lim ត្រូវបានចាត់ទុកថា ជាការប្រមូលផ្ដុំនៃលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃតំបន់ភាគខាងជើង ជាមួយនឹងល្បែងប្រជាប្រិយជាច្រើនដូចជា ក្បាច់គុន ចំបាប់ លេងអុក ដាំបាយ ជាដើម។

 
ផ្នែកពិសេសបំផុតគឺការច្រៀងឆ្លើយឆ្លងគ្នាក្នុងពិធីបុណ្យ។ (រូបថត៖ VOV)
ទំនៀមទម្លាប់អញ្ជើញម្លូស្លា - សម្រស់វប្បធម៌របស់ប្រជាជននៅមូលដ្ឋាន។ (រូបថត៖ VOV)

៤. ពិធីបុណ្យក្បួនដង្ហែផាវ Dong Ky

 
ពិធីបុណ្យក្បួនដង្ហែរផាវភូមិ Dong Ky (ស្រុក Tu Son ខេត្ត Bac Ninh) គឺជាពិធីបុណ្យប្រពៃណីមួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ៤ នៃបុណ្យតេតជារៀងរាល់ឆ្នាំ ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធព្រះបាទ Thien Cuong ជាមេទ័ពមួយរូប ដែលក្រោយមកត្រូវបានប្រជាជនគោរពបូជាជាអ្នកតាភូមិ ដែលបានដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយសត្រូវ។ (រូបថត៖ Van Giang/VOV)
ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺការដង្ហែរ "លោកផាវ" ប្រវែង ៥-៦ម៉ែត្រ លាបពណ៌ក្រហមនិងពណ៌មាសយ៉ាងស្អាតឆើតឆាយ ដែលត្រូវបានយុវជនរាប់រយនាក់ដង្ហែរតាមផ្លូវសំខាន់ៗនៃភូមិ Dong Ky។ (រូបថត៖ Tuan Huy/qdnd.vn)

៥. ពិធីបុណ្យប្រាសាទ Soc (ពិធីបុណ្យ Giong)

ពិធីបុណ្យ Giong ត្រូវបានប្រារព្ធឡើងនៅទីកន្លែងជាច្រើននៅទីក្រុងហាណូយ។ ក្នុងនោះ ពិធីបុណ្យគំរូចំនួនពីរគឺពិធីបុណ្យ Giong នៅប្រាសាទ Phu Dong ឃុំ Phu Dong - ជាស្រុកកំណើតរបស់វីរបុរសរឿងព្រេង ព្រះ Giong និងពិធីបុណ្យ Giong នៅប្រាសាទ Soc ឃុំ Phu Linh – Soc Son។

ពិធីបុណ្យនេះធ្វើឡើងនៅថ្ងៃទី ៦ ខែមិគសិរ ជារៀងរាល់ឆ្នាំ ហើយអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ ជាមួយនឹងពិធីប្រពៃណីជាច្រើន។ (រូបថត៖ Tuan Anh/VNA)
ផ្កាឫស្សីជាវត្ថុដែលមិនអាចខ្វះបានក្នុងពិធីសែន។ (រូបថត៖ Tuan Anh/VNA)

ពិធីបុណ្យ Giong ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

៦. ពិធីបុណ្យ Cau Ngu (សែនត្រីពិន្ទង)

វាបានក្លាយជាទំនៀមទម្លាប់ទៅហើយដែលជារៀងរាល់បីឆ្នាំម្តង ក្នុងខែមិគសិរ អ្នកភូមិ Thai Duong Ha (ទីក្រុង Hue) នឹងប្រារព្ធពិធីបុណ្យសែនត្រីពិន្ទង។ នេះក៏ជាពិធីបុណ្យសែនត្រីពិន្ទងចំណាស់ជាងគេនៅអតីតរាជធានី Hue ដែលមានអាយុកាលជាង ៥០០ ឆ្នាំ។

 
ពិធីបុណ្យ Cau Ngu ត្រូវបានអ្នកភូមិ Thai Duong Ha ប្រារព្ធឡើង ដើម្បីរំលឹកដល់អ្នកតាភូមិ Truong Quy Cong ដែលមានគុណបង្រៀនប្រជាជនអំពីរបរនេសាទ និងជួញដូរទូក។ (រូបថត៖ Nguyen Vuong/VTC News)
ទិដ្ឋភាពក្នុងពិធីបុណ្យ Cau Ngu នៅភូមិ Thai Duong សង្កាត់ Thuan An ទីក្រុង Hue។ (រូបថត៖ Le Hieu/VOV)

ការប្រារព្ធពិធីបុណ្យ Cau Ngu នាដើមឆ្នាំថ្មីគឺជាការលើកទឹកចិត្តដ៏ធំធេង ដើម្បីជួយអ្នកនេសាទជំនះរាល់ការលំបាក នេសាទត្រីបានអំណោយផល អ្នកភូមិមានជីវភាពធូរធារ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.