(VOVWORLD) - នៅក្នុងតំបន់វិថីបុរាណហាណូយ ពិធីបើកខ្វោងទ្វារ O Quan Chuong នាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ បានបង្កើតឡើងវិញយ៉ាងឱឡារិកនូវពិធីកិច្ចបុរាណ ក្បួនដង្ហែ និងពណ៌សម្បូរវប្បធម៌ដ៏ពិសេសៗ។ ព្រឹត្តិការណ៍នេះ បង្ហាញពីជម្រៅប្រវត្តិសាស្ត្រ ព្រលឹង និងអត្តសញ្ញាណវប្បធម៌នៃតំបន់អតីតរាជធានីថាំងឡុង។
ចាប់ពីព្រឹកព្រលឹម នៅក្រោមភ្លៀងនិទាឃរដូវ តំបន់ជុំវិញខ្លោងទ្វារ O Quan Chuong បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាពិធីបើកខ្លោងទ្វារ។ ពិធីនេះ បានបង្កើតឡើងវិញនូវទំនៀមទម្លាប់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនហាណូយបុរាណ។
រូបភាពនៃខ្លោងទ្វារ O Quan Chuong - ជាស្លាកស្នាមដ៏កម្រដែលនៅសេសសល់នៃព្រះបរមរាជវាំង Thang Long ត្រូវបានបើកនោះ គឺមានអត្ថន័យជានិមិត្តរូប ដែលបង្ហាញពីការស្វាគមន៍ចំពោះនិទាឃរដូវថ្មី ព្រមទាំងរំលឹកឡើងវិញអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់អតីតរាជធានីបុរាណ។
ក្បួនដង្ហែប្រពៃណីឆ្លងកាត់ច្រកទ្វារ O Quan Chuong បង្កើតឡើងវិញនូវរូបភាពនៃក្បួនដង្ហែចូលទៅក្នុងព្រះបរមរាជវាំងថាំងឡុងបុរាណ។ ក្នុងសំឡេងស្គរដ៏លាន់លឺរំពង ក្បួនដង្ហែដែលស្លៀកពាក់សម្លៀកបំពាក់បុរាណ ធ្វើដំណើរយឺតៗឆ្លងកាត់ខ្លោងទ្វារបុរាណ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
ក្បួនដង្ហែឈានចូលទៅក្នុងទីធ្លាសាលាភូមិ Kim Ngan បន្ទាប់ពីការធ្វើដំណើរឆ្លងកាត់ដងវិថីបុរាណ។ ក្នុងបរិយាកាសដ៏ឧឡារិកនិងពិសិដ្ឋ ពិធីកិច្ចបូជាសំណែនត្រូវបានអនុវត្តន៍ ដោយបង្ហាញពីការដឹងគុណចំពោះបុព្វការីជន ហើយបួងសួងសុំឲ្យមានសេចក្ដីសុខក្នុងឆ្នាំថ្មីដល់សហគមន៍ប្រជាជននៅតំបន់វិថីបុរាណហាណូយ។