បទយកការណ៍ថ្ងៃសៅរ៍

សញ្ញាល្អក្នុងការស្តារវិស័យទេសចរណ៍នៅខេត្ត Yen Bai

សញ្ញាល្អក្នុងការស្តារវិស័យទេសចរណ៍នៅខេត្ត Yen Bai

(VOVWORLD) - នៅក្នុងខែមេសា ជាពិសេសបន្ទាប់ពីថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភា នៅតាមមណ្ឌលទេសចរណ៍និងរមណីយដ្ឋានមួយចំនួននៅខេត្ត Yen Bai កន្លែងជាច្រើនត្រូវបានភ្ញៀវកក់ពេញអស់ ហើយទីតាំងកម្សាន្តនិងរមណីដ្ឋាននៅទូទាំងខេត្ត គឺពោរពេញទៅដោយភ្ញៀវជាតិនិងអន្តរជាតិមកទស្សនា។ តាមនោះ បង្ហាញជាសញ្ញាល្អនៃការស្តារឡើងវិញវិស័យទេសចរណ៍តបន់ភ្នំ បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាយូរ ដោយសារផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ខេត្ត Yen Bai នៅតែរក្សាបាននូវសម្រស់ធម្មជាតិដ៏រហោស្ថាន។ (រូបថត៖ VOV)

ទោះបីមិនទាន់ជាតំបន់ទេសចរណ៍ដ៏សំខាន់របស់ប្រទេសក៏ដោយ ប៉ុន្តែបច្ចុប្បន្ន ខេត្ត Yen Bai ក៏មានទីកន្លែងទាក់ទាញជាច្រើនសម្រាប់ភ្ញៀវទេសចរដូចជា៖ “ឈូងសមុទ្រ Ha Long នៅលើភ្នំ” បឹង Thac Ba; អាង Muong Lo, “ឋានសួគ៌នៃវាលស្រែកាំជណ្តើរ” នៅ Mu Cang Chai ...ជាដើម។ ជាពិសេសជាមួយនឹងផ្លូវហាយវ៉េ Noi Bai - Lao Cai ភ្ញៀវមកពីហាណូយត្រូវធ្វើដំណើរទៅកាន់ Yen Bai ត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ដើម្បីចាប់ផ្តើមដំណើរទេសចរណ៍របស់ខ្លួន។ ដូច្នេះហើយ នៅពេលដែលទេសចរណ៍បើកឡើងវិញភ្លាម ច្រកទ្វាចូលទិសពាយ័ព្យនេះបានស្វាគមន៍ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។ លោក Do Nam Binh មកពីទីក្រុងហាណូយបានឲ្យដឹងថា៖ “ថ្ងៃនេះខ្ញុំមកទីនេះជាលើកដំបូង ព្រោះពួកយើងបានណាត់គ្នាមុននោះ គឺជាឱកាសសម្រាប់ពួកយើងមកទីនេះ ហើយនៅយូរជាងនេះទៀត ព្រោះខ្ញុំគិតថា ទីនេះស្អាតអញ្ជឹងសោះ”។

មកដល់ខេត្ត Yen Bai ទឹកដីស្ងប់ស្ងាត់ណាស់ ធម្មជាតិស្អាតអស្ចារ្យ មិនសូវមានសំណង់ជាច្រើនទេ មានអ្នករស់នៅតិច ដូច្នេះហើយទើបរក្សាសម្រស់នៃធម្មជាតិ។ នៅទីនេះ ភ្ញៀវទេសចរទទួលបានអារម្មណ៍មិនត្រឹមតែជាមួយនឹងទេសភាពធម្មជាតិព្រៃព្រឹក្សាអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរស់នៅជាមួយប្រជាជនក្នុងតំបន់ដែលមានភាពរួសរាយរាក់ទាក់ផងដែរ។

បន្ទាប់ពីវិស័យទេសចរណ៍ត្រូវបានបើកដំណើរការយ៉ាងពេញលេញ អារម្មណ៍របស់មនុស្សជាច្រើនគឺស្វែងរកទេសចរណ៍ធម្មជាតិ បទពិសោធន៍ទេសចរណ៍ ឬទេសចរណ៍ផ្សងព្រេងដើម្បីសម្រាកលំហែកាយ បន្ទាប់ពីរងសម្ពាធអស់រយៈពេលយ៉ាងយូរដោយសារជំងឺរាតត្បាត។ ខេត្ត Yen Bai មានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះ។

ភ្ញៀវទេសចរគយគន់ទេសភាពនៅបឹង Thac Ba។

នៅភូមិទេសចរណ៍ An Binh ឃុំ Tan Huong ស្រុក Yen Binh បានឃើញក្រុមភ្ញៀវទេសចរណ៍ជាច្រើនមកកម្សាន្តនៅរមណីយដ្ឋាននេះ។ នៅទីនេះ មានភាពស្ងប់ស្ងាត់ក្នុងលំហ និងខ្យល់អាកាសបរិសុទ្ធ ក្រៅពីទេសភាពដ៏ស្រស់ត្រកាលនៃបឹង Thac Ba ដ៏មនោរម្យបំផុតសម្រាប់អ្នកទេសចរដែលចូលចិត្តសម្រាកលំហែកាយ និងបំប៉នសុខភាព។ លោកស្រី Luong Thi Hien និងក្រុមគ្រួសារមកពីទីក្រុងហាណូយ បាននិយាយថា សមាជិកទាំងអស់មានអារម្មណ៍ពេញចិត្តនៅពេលជួបប្រទះជីវភាពនៅក្នុងភូមិទេសចរណ៍នេះ៖ “ចម្ងាយពីហាណូយមកដល់ទីនេះមិនឆ្ងាយប៉ុន្មានទេ នៅពេលមកដល់ទីនេះ បរិយាកាសពិតជាល្អណាស់។ ទេសភាពធំទូលាយ ទឹកថ្លា ដើមឈើខៀវស្រងាត់ កន្លែងស្នាក់នៅពិតជាពេញចិត្តណាស់។ យើងនៅតែមានគម្រោងមកធ្វើដំណើរទេសចរណ៍មកដល់ទីនេះម្តងទៀត”។

មិនត្រឹមតែសម្រាប់ថ្ងៃឈប់សម្រាកថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ១ ឧសភាប៉ុណ្ណោះទេ ចាប់តាំងពីជំងឺរាតត្បាតកូវីដ ១៩  ត្រូវបានគ្រប់គ្រង និងទេសចរណ៍វៀតណាមបានបើកឡើងវិញនោះ ទីភ្នាក់ងារទេសចរណ៍ក្នុងខេត្ត Yen Bai មានការមមាញឹកយ៉ាងខ្លាំងជាមួយនឹងការបើកដំណើរទួរទេសចរណ៍ខ្សែផ្លូវថ្មី។ ក្រុមហ៊ុន ចំកាត់ពាណិជ្ជកម្មនិងទេសចរណ៍ Hung Viet គឺជាឧទាហរណ៍មួយ។ អង្គភាពនេះបានសហការយ៉ាងសកម្មជាមួយដៃគូនានា ដើម្បីផ្សព្វផ្សាយកម្មវិធីជំរុញទេសចរណ៍ កសាងដំណើរទេសចរណ៍ប្លែកៗ តភ្ជាប់តំបន់ទេសចរណ៍បែបប្រពៃណី និងតំបន់ទេសចរណ៍ថ្មីៗដាក់ឱ្យដំណើរការ បង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវ

ទេសចរណ៍។ លោក Nguyen Viet Hung នាយកក្រុមហ៊ុនបានឲ្យដឹងថា៖

“ចំនួនអតិថិជនកក់សេវាកម្មតាមរយៈក្រុមហ៊ុន Hung Viet មានភាពសម្បូរបែបណាស់។ ពោលគឺ ភ្ញៀវគឺមកពីភាគខាងត្បូង ទីក្រុងហាណូយ និងខេត្តជិតខាង។ ទីតាំងទេសចរណ៍ជាច្រើនកំពុងមានភាពទាក់ទាញភ្ញៀវច្រើនកុះករ”។

លោក Hoang Hung Binh នាយករងនៃក្រុមហ៊ុនចំកាត់វិនិយោគនិងពាណិជ្ជកម្ម សាខា Yen Bai បានចែករំលែកថា៖ សហគ្រាសបន្តទាញយកលក្ខណៈពិសេសនៃវប្បធម៌ក្នុងស្រុក រួមមានមុខម្ហូបដែលមានរសជាតិប្លែក អាហារសរីរាង្គ ថែទាំសុខភាព; ជាមួយគ្នានេះ មានការប្តេជ្ញាចិត្តក្នុងការអនុវត្តគោលនយោបាយជំរុញទេសចរណ៍ ដើម្បីកាត់បន្ថយតម្លៃបន្ទប់ និងសេវាកម្មពី ១០ ទៅ ៥០% ប៉ុន្តែគុណភាពនៃសេវាកម្មនៅតែមិនផ្លាស់ប្តូរ ដែលជួយឱ្យភ្ញៀវដែលមកទីនេះពិតជាមានអារម្មណ៍ពេញចិត្ត។ ដូច្នេះ ថ្ងៃឈប់សម្រាកកន្លងទៅ រមណីយដ្ឋាននេះមានគេកកបន្ទប់ពេញ៖

“តម្លៃសមរម្យ ការស្នាក់នៅប្រកបដោយគុណភាព គឺជាលក្ខណៈវិនិច្ឆ័យកំពូលរបស់យើង ដែលធានាបាននូវការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ”។

ដោយមានប្រធានបទឆ្នាំ ២០២២ ថា "Yen Bai ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទាក់ទាញ និងគួរអោយចាប់អារម្មណ៍" នោះ វិស័យវប្បធម៌ កីឡា និងទេសចរណ៍ Yen Bai បានដឹកនាំ និងណែនាំការបើកតំបន់ទេសចរណ៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព រៀបចំគោលនយោបាយជំរុញទេសចរណ៍។ គ្រឹះស្ថានស្នាក់នៅ អាជីវកម្មសេវាកម្មទេសចរណ៍ក៏បានរៀបចំយ៉ាងយកចិត្តទុកដាក់ ដាក់ផលិតផលទេសចរណ៍ថ្មីៗជាច្រើនចូលដំណើរការ ...។ ទាំងនេះជាមូលដ្ឋានសម្រាប់ Yen Bai សម្រេចបាននូវគោលដៅស្វាគមន៍ និងបម្រើភ្ញៀវទេសចរជាង ១,១ លាននាក់ ក្នុងនោះមានទេសចរអន្តរជាតិប្រមាណ ៣០ ម៉ឺននាក់ ខិតខំសម្រេចបាន ប្រាក់ចំណូល ៨៤៥ ពាន់លានដុង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.