ព្រឹត្តិការណ៍មួយដែលទាក់ទាញការយកចិត្តទុកដាក់យ៉ាងច្រើនបំផុតពីមិត្តអ្នកស្តាប់ក្នុងសប្តាហ៍កន្លងទៅ គឺជាការតាំងពិព័រណ៍ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (C-L-V) ឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅនៅខេត្ត Attapeu ភាគខាងត្បូងប្រទេសឡាវ។ មិត្តអ្នកស្តាប់ ផល ផានិត បានចែករំលែកថា លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំនិញវៀតណាមដែលត្រូបានដាក់លក់នៅទីនេះ ជាពិសេសផលិតផលសិប្បកម្មប្រចាំតំបន់នានាដែលមានគុណភាពខ្ពស់។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ពិព័រណ៍ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍និងការសម្តែងសិល្បៈនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនក្នុងក្របខ័ណ្ឌនៃសន្និសីទគណៈកម្មាធិការសម្របសម្រួលលើកទី ១៣ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នៅខេត្ត Attapeu ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា។
ដោយប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១ ខែមីនា ពិព័រណ៍នេះបានទាក់ទាញស្តង់ទំនិញចំនួន១១៨ ដោយឧទ្ទេសនាមទំនិញប្រើប្រាស់ឆ្នើមៗពីខេត្តក្រុងនានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ហើយបានបង្ហាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃខេត្តក្រុងនានានៅតំបន់ CLV។ ភាពទាក់ទាញនៃផលិតផលទាំងនេះ បានទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរណ៍មួយចំនួនធំ ឱ្យមកពិសោធន៍ប្រើប្រាស់ផលិតផល ហើយអ្នកទាំងអស់ពិតជាពេញចិត្តចំពោះគុណភាពនិងរសជាតិនៃផលិតផល។ នៅរាត្រីបើក ការតាំងពិព័រណ៍នេះបានទាក់ទាញប្រជាជនក្នុងស្រុកនិងភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកទស្សនា ទិញទំនិញ និងរីករាយជាមួយការសម្តែងសិល្បៈដែលកោតសរសើរប្រទេស ប្រជាជន វប្បធម៌ និងសាមគ្គីភាពរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម។
មនុស្សជាច្រើនបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅឯពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២៤។ |
ក្នុងសប្តាហ៍កន្លងទៅ យើងក៏បានទទួលសំបុត្រមួយរបស់អ្នកស្តាប់ សុខ ឡាយ មកពីទីក្រុងភ្នំពេញ កម្ពុជា ដែលបច្ចុប្បន្នកំពុងសិក្សានៅសកលវិទ្យាល័យជាតិហាណូយ ដែលបានចែករំលែកអំពីសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅដើមឆ្នាំថ្មី ក្នុងកម្មវិធី ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម នៅទីក្រុងហាណូយ។ មិត្តបានចែករំលែក៖ «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យ ដូច្នេះខ្ញុំបានចូលរួមបរិច្ចាគឈាមចំនួន ៣ ដងហើយ។ នៅទីនេះខ្ញុំបានឃើញមិនត្រឹមតែមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែក៏មានសិស្សានុសិស្សជាច្រើនដែលទើបតែមានអាយុ១៨ឆ្នាំចូលរួមបរិច្ចាកឈាមដែររ»។
បាទ សូមអរគុណអ្នកស្តាប់ សុខ ឡាយ ដែលបានចែករំលែកអំពីសកម្មភាពដ៏មានអត្ថន័យនេះ។ លោកអ្នកនាងជាទីមេត្រី ដោយប្រធានបទ "បរិច្ចាគឈាមនៅដើមនិទាឃរដូវ - ជាសុភមង្គលទ្វេដង" ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-២៥ខែកុម្ភៈ បានប្រមូលឈាមជិត ៩.០០០ឯកតា ដើម្បីបម្រើដល់ការងារសង្គ្រោះនិងព្យាបាល។ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមបានកើតចេញពីកង្វះឈាមដែលជារឿយៗកើតឡើងក្នុងអំឡុងពេលបុណ្យតេតនៅតាមបណ្តាមន្ទីរពេទ្យ។ កម្មវិធីត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០០៨ បានប្រមូលឈាមចំនួន ២.៦១០ឯកតា ដោយបង្កើតកំណត់ត្រាសម្រាប់ចំនួនឈាមដែលទទួលបានក្នុងមួយថ្ងៃនៅពេលនោះ។ បន្ទាប់ពីត្រូវបានរៀបចំឡើងចំនួន ១៧ដង (ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន) ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម បានទាក់ទាញអ្នកចូលរួមរាប់សែននាក់ និងទទួលបានឈាមជាង ១២១.០០០ឯកតា។
ជាមួយនឹងអត្ថន័យនិងគុណតម្លៃនៃកម្មវិធី ចាប់ពីឆ្នាំ២០១០ ដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិដឹកនាំការបរិច្ចាកឈាមដោយស្ម័គ្រចិត្តបានដឹកនាំ ចម្លង និងរៀបចំពិធីបុណ្យនិទាឃរដូវនៅទូទាំងប្រទេស។
ទេសភាព Hang Rai នៃខេត្ត Ninh Thuan។ |
ជាបន្តកម្មវិធី សូមអញ្ជើញលោកអ្នកនាងទៅទស្សនា និងស្វែងយល់អំពី វាលផ្កាថ្មនិងល្បាក់ទឹកនៅលើសមុទ្រនៅ Hang Rai ខេត្ត Ninh Thuan នេះក៏ជាគោលដៅដែលអ្នកស្តាប់ ជា សុខចាន់ មានបំណងចង់ស្វែងយល់ផងដែរ។
មិត្តអ្នកស្ដាប់ ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី! Hang Rai គឺជាគោលដៅដ៏គួរឲ្យទាក់ទាញដែលមានទីតាំងនៅក្នុងតំបន់អភិរក្សសមុទ្រនៃសួនឧទ្យានជាតិ Nui Chua ក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan។ នេះត្រូវបានប្រៀបប្រដូចទៅនឹង "ឋានសួគ៌" ដ៏កម្រមួយដែលមានសម្រស់ធម្មជាតិដ៏គួរអោយទាក់ទាញនិងអស្ចារ្យណាស់។ Hang Rai ត្រូវបានបង្កើតឡើងពីថ្មផ្កាថ្មបុរាណ មានទីតាំងនៅជិតមាត់សមុទ្រ ដោយមានផ្កាថ្មអណ្តែតលើផ្ទៃទឹក ដូចបន្ទះថ្មយក្ស។ ផ្កាថ្មបុរាណមានអាយុកាលរាប់ពាន់ឆ្នាំហើយ និងមានតម្លៃភូគព្ភសាស្ត្រពិសេស បានរួមចំណែកបង្កើតសម្រស់ធម្មជាតិដ៏អស្ចារ្យ និងសោភ័ណភាពពិសេសនៅទីនេះ។
Hang Rai ក៏ត្រូវបានគេស្គាល់ដល់ជាល្បាក់ទឹកនៅលើសមុទ្រ។ ផ្ទាំងថ្មដែលរងសំណឹកដោយរលកសមុទ្រ បង្កើតជារនាំងនៅកណ្តាលសមុទ្រ។ ពេលរលកសមុទ្របោកបក់មក មើលទៅដូចជាទឹកធ្លាក់ពណ៌ប្រាក់ ចែងចាំងពន្លឺថ្ងៃយ៉ាងស្រស់ស្អាតបំផុត។ Hang Rai ក៏ជាកន្លែងដែលធ្លាប់ស្គាល់សម្រាប់អ្នកថតរូបជាច្រើន ដើម្បីថតយកពេលវេលាដ៏ស្រស់ស្អាតទាំងថ្ម និងសមុទ្រនៅពេលថ្ងៃរះ ឬថ្ងៃលិចផងដែរ។








