ប្រអប់សំបុត្រមិត្តអ្នកស្តាប់

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៥៣០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ផ្សាយសម្លេងជាភាសាបរទេស VOV5។

ក្នុងសប្តាហ៍មុន ព័ត៌មានអំពីទំនាក់ទំនងវៀតណាម-កម្ពុជា ជាធម្មតានៅតែទទួលបានការយកចិត្តទុកដាក់និងការផ្ដល់មតិច្រើនពីមិត្តអ្នកស្តាប់និងមិត្តអ្នកអានកម្ពុជា។ មិត្តអ្នកស្តាប់ គឹម សុខា មកពីខេត្តកំពង់ចាម បានសរសេរក្នុងសំបុត្រផ្ញើរមកកាន់កម្មវិធីថា៖ «តាមខ្ញុំដឹងថា វៀតណាមកំពុងសាងសង់វិមានរំលឹកគុណបណ្ដាប្រទេសដែលបានជួយវៀតណាមក្នុងសម័យសង្រ្គាម ក្នុងនោះមានកម្ពុជាផងដែរ។ នេះជាសកម្មភាពដ៏មានអត្ថន័យ បង្ហាញពីមនោសញ្ចេតនាដ៏ជិតស្និទ្ធរបស់ប្រជាជនវៀតណាមចំពោះបណ្ដាប្រទេសជាបងប្អូន និងមិត្តភក្តិ។ ដូចនៅប្រទេសកម្ពុជា ដែលបានសាងសង់វិមានជាច្រើនដើម្បីរំលឹកគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ការងារនេះមិនត្រឹមតែជួយយើងឱ្យចេះគោរពអតីតកាលប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្ពានចងមេត្រីភាពជំនាន់ក្រោយៗទៀតផង»។

កងកម្លាំងនៃកងយោធពលខេមរភូមិន្ទដែលបានអញ្ជើញចូលរួមពិធីព្យុហយាត្រាអបអរសាទរខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិនៅវៀតណាម កាលពីចុងខែមេសា ឆ្នាំ២០២៥។ (រូបថត៖ VOV)

ចំណែកឯក្នុងសំបុត្ររបស់មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ នៅទីក្រុងភ្នំពេញ លោកបានសម្ដែងថា៖ “ខ្ញុំនៅតែចងចាំយ៉ាងច្បាស់នូវរូបភាពកងទ័ពកម្ពុជាដែលអញ្ជើញចូលរួមពិធីព្យុហយាត្រាខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងវៀតណាម បង្រួបបង្រួមប្រទេសជាតិ កាលពីខែមេសាកន្លងទៅ។ នេះពិតជាពេលវេលាគួរឲ្យមោទនៈភាពខ្លាំងណាស់ សម្រាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ។ ឥឡូវនេះ ខ្ញុំដឹងថា វៀតណាមបន្តអញ្ជើញកម្ពុជាចូលរួមក្នុងពិធីព្យុហយាត្រាខួបលើកទី ៨០ ទិវាបុណ្យជាតិនាពេលខាងមុខនេះ។ ខ្ញុំមានបំណងថា ចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងវៀតណាម ជានិច្ចកាលត្រូវបានពូនជ្រុំយ៉ាងរឹងមាំដូច្នេះ”។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តអ្នកស្តាប់ សុខា និងសុគន្ធារិទ្ធ ដែលបានផ្ញើមតិយោបល់យ៉ាងជ្រាលជ្រៅ និងពោរពេញដោយមនោសញ្ចេតនាមកកាន់កម្មវិធីរបស់យើងខ្ញុំ។ មិត្តអ្នកស្តាប់ជាទីគោរព! ការសាងសង់វិមានរំលឹកគុណយុទ្ធជននៃបណ្តាប្រទេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងសម័យសង្គ្រាម មិនត្រឹមតែជាសំណង់ដែលបង្កប់នូវអត្ថន័យប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីប្រពៃណីសីលធម៌ “តបស្នងសងគុណ” របស់ប្រជាជាតិវៀតណាមទៀតផង។ វិមានរំលឹកគុណអ្នកជំនាញយោធាមកពីសហភាពសូវៀត/សហព័ន្ធរុស្ស៊ី ចិន ឡាវ កម្ពុជា និងគុយបា គ្រោងនឹងត្រូវបានសាងសង់នៅលើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ ក្នុងបរិវេណសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាមនៅរដ្ឋធានីហាណូយ។ នេះគឺជាសំណង់ដើម្បីអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២៥) និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

ក៏ក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបុណ្យជាតិផងដែរ វៀតណាមនឹងរៀបចំពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំនៅទីលាន Ba Dinh ទីក្រុងហាណូយ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងប្រជាជនពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងបានអញ្ជើញប្រទេសចំនួន ៥ គឺរុស្ស៊ី ចិន ឡាវ កម្ពុជា និងបេឡារុស្ស បញ្ជូនកងកម្លាំងមកចូលរួមក្នុងពិធីព្យុហយាត្រា។ ការដែលកងយោធពលខេមរភូមិន្ទបន្តបញ្ជូនគណៈប្រតិភូកិត្តិយសទៅចូលរួមពិធីព្យុហយាត្រានាពេលខាងមុខនៅប្រទេសវៀតណាម ដូចដែលបានចូលរួមក្នុងឱកាសខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាមកាលពីចុងខែមេសាកន្លងទៅ គឺជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសយើងទាំងពីរ។

កម្មវិធីបាញ់កាំជ្រួចរយៈពេល ១៥ នាទី នៅលើផ្ទៃមេឃឈូងសមុទ្រ Ha Long ខេត្ត Quang Ninh។ (រូបថត៖ VOV)

ក្រៅពីព័ត៌មានការទូត និងវប្បធម៌នោះ ព្រឹត្តិការណ៍ទេសចរណ៍ដ៏វិសេសវិសាលនៅវៀតណាមក៏តែងតែទាក់ទាញចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ជាពិសេសពីសំណាក់និស្សិតដែលកំពុងសិក្សានៅប្រទេសវៀតណាម។ មិត្ត សុខ ដារ៉ា និស្សិតកម្ពុជានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ថៃប៊ិញ បានចែករំលែកថា៖ “ក្នុងអំឡុងពេលសិក្សានៅទីនេះ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីវប្បធម៌ សិល្បៈ និងទេសចរណ៍របស់វៀតណាមដែលបានឧទ្ទេសនាមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ រួមទាំងវិទ្យុសម្លេងវៀតណាមផងដែរ។ ថ្មីៗនេះខ្ញុំបានដឹងពីព្រឹត្តិការណ៍មួយដែលមានឈ្មោះថា "ឈូងសមុទ្រកាំជ្រួច" នៅខេត្ត Quang Ninh ដែលល្បីល្បាញជាមួយនឹងបេតិកភណ្ឌធម្មជាតិពិភពលោកឈូងសមុទ្រ Ha Long។ ខ្ញុំចង់ស្វែងយល់អំពីកម្មវិធីនេះខ្លាំងណាស់”។

មិត្ត សុខ ដារ៉ា និងមិត្តអ្នកស្តាប់ជាទីមេត្រី! “ឈូងសមុទ្រកាំជ្រួច” គឺជាផលិតផលទេសចរណ៍ថ្មីមួយដែលបានរៀបចំឡើងនៅឆ្នេរឈូងសមុទ្រ Ha Long - បេតិកភណ្ឌធម្មជាតិពិភពលោកនៃខេត្ត Quang Ninh តាំងពីដើមខែកក្កដាមកម្ល៉េះ។ ជាមួយនឹងទីតាំងបែរមុខទៅសមុទ្រ និងលំហបើកចំហ ដែលបានប្រែក្លាយកន្លែងនេះទៅជាឆាកកណ្ដាលវាលដ៏គួរឱ្យចាប់អារម្មណ៍ ដែលពន្លឺនៃកាំជ្រួចលាយឡំជាមួយនឹងតន្ត្រី បង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់សាធារណៈជននិងភ្ញៀវទេសចរ។ កម្មវិធីនេះធ្វើឡើងនៅយប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ជារៀងរាល់សប្តាហ៍ និងអូសបន្លាយរហូតដល់ដំណាច់ឆ្នាំ ២០២៥។ ដើម្បីចូលរួមក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទិញសំបុត្រក្នុងតម្លៃ ១០ ម៉ឺនដុង/ម្នាក់ (ប្រហែល ៤ ដុល្លារ) កុមារក្រោម ១ ម៉ែត្រគឺឥតគិតថ្លៃ។ ជាពិសេសចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៣១ ខែកក្កដា តម្លៃអនុគ្រោះត្រឹមតែ ៦៥ ពាន់ដុង/ម្នាក់ (ជិត ៣ ដុល្លារ) នឹងត្រូវបានអនុវត្តន៍។ “ឈូងសមុទ្រកាំជ្រួច” គឺជាផលិតផលថ្មីបំផុតក្នុងចំណោមផលិតផលទេសចរណ៍ពេលរាត្រីរបស់ខេត្ត Quang Ninh ដូចជា៖ ការជិះទូកកម្សាន្តពេលរាត្រី អាហារតាមមាត់សមុទ្រ ការសម្តែងសិល្បៈ… រួមចំណែកដល់គោលដៅទទួលភ្ញៀវទេសចរចំនួន ២០ លាននាក់មកកាន់ខេត្ត Quang Ninh ក្នុងឆ្នាំ ២០២៥ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៤,៥ លាននាក់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.