សេដ្ឋកិច្ចវៀតណាម

សហគ្រាសទាញយកឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP

សហគ្រាសទាញយកឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP

(VOVWORLD) - ក្រោយយៈពេល ៣ ឆ្នាំនៃការចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) វៀតណាមបានទាញយកយន្តការសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគីនេះប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ តម្លៃប្រាក់នាំចូល-នាំចេញសម្រេចបាននូវកំណើនគួរឲ្យចាប់អារម្មណ៍ ដោយបន្តបង្កើតកំណត់ត្រាថ្មីៗ។ ប្រការនេះបានបង្ហាញថាសហគ្រាសកំពុងទាញយក ឱកាសយ៉ាងល្អពីកិច្ចព្រមព្រៀង CPTPP។

(ប្រភព៖ baoquocte.vn)

ចាប់តាំងពីពេលចូលរួម CPTPP មក វៀតណាមបានម្ចាស់ការនិងសកម្មធ្វើការផ្លាស់ប្តូរខិតខំប្រឹងប្រែងលើកកំពស់ទាំងគុណភាពរបៀបរបប និងគុណភាពទំនិញ ដើម្បីឆ្លើយតបស្តង់ដារខ្ពស់នសកិច្ចព្រមព្រៀង។ អាស្រ័យហេតុនេះ ទំនិញរបស់វៀតណាមកាន់តែឆ្លើយតបនឹងស្តង់ដារនៃកិច្ចព្រមព្រៀងនេះយ៉ាងល្អប្រសើរ តាមរយៈតម្លៃប្រាក់នាំចេញកាន់តែខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមតួរលេខស្ថិតិរបស់សម្ព័ន្ធសមាគមកែច្នៃនាំចេញជលផលវៀតណាម (VASEP) បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចជាសមាជិកជាច្រើនក្នុងប្លុក CPTPP កំពុងជាទីផ្សារនាំចេញជលផលដ៏ធំបំផុតរបស់វៀតណាម ដូចជា ជប៉ុន កាណាដា អូស្ត្រាលី និងម៉ិកស៊ិក។ គួរកត់សម្គាល់ថា ការនាំចេញទំនិញនេះទៅកាន់ទីផ្សារមួយចំនួនក្នុង CPTPP ដូចជាប្រទេសកាណាដា អូស្ត្រាលី ឈីលី និងប៉េរូ មានការបោះជំហានយ៉ាងខ្លាំងក្លាក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ។ លោកស្រី Le Hang នាយិការងមជ្ឈមណ្ឌល VASEP.PRO (VASEP) បានវាយតម្លៃថា៖ “វៀតណាមបានជាប់ចំណាត់ថ្នាក់ទី៣ក្នុងចំណោមប្រទេសនាំចេញជលផលជួរមុខនៅលើពិភពលោក។ ប្រការនេះបានសរឲ្យឃើញថា បណ្ដាសហគ្រាសបានទាញយកយ៉ាងល្អនូវពន្ធគយនាំចូល ដើម្បីបង្កើតការងារធ្វើ និងប្រាក់ចំណូលដល់ពលករ និងទាញយកផលិតភាពពីរោងចក្រកែច្នៃ។ យើងខ្ញុំបានព្យាករណ៍ថា ការនាំចេញជលផលនឹងបន្តកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ព្រោះថា ផ្នែកឧស្សាហកម្មកែច្នៃជលផលក្នុងប្រទេសកាន់តែអភិវឌ្ឍន៍ជាមួយនឹងបច្ចេកវិជ្ជាកែច្នៃទំនើប និងស៊ីជម្រៅ ជាមួយនឹងជួរពលករជំនាញខ្ពស់ និងជាមួយនឹងគុណសម្បត្តិពន្ធនាំចូលបន្ទាប់ពីមាន EVFTA  CPTPP និងកិច្ចព្រមព្រៀងផ្សេងទៀត”

យោងតាមរបាយការណ៍របស់ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថាក្នុងបរិបទដ៏លំបាក ពីការរាតត្បាតកូវីដ-១៩ នោះ ដើម្បីទទួល បានតម្លៃប្រាក់នាំចូល-នាំចេញនៅឆ្នាំ ២០២១ ក្នុងកម្រិតកំណត់ត្រាជិត ៦៧០ ពាន់លានដុល្លារអាមេរិកនោះ គឺមានការរួមចំណែកដ៏សំខាន់ពីការពង្រីកការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានទាំង FTA ជំនាន់ថ្មី និងស្តង់ដារខ្ពស់ដូចជា CPTPP ជាដើម។ លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់តាំងពីពេលដែល កិច្ចព្រមព្រៀង CPTTP ចូលជាធរមានមក តម្លៃប្រាក់នាំចេញទៅកាន់ទីផ្សារ CPTPP តែងតែមានការរីកចម្រើនល្អ ដែលបង្ហាញថាសហគ្រាសកំពុងទាញយកាលានុវត្តភាពពីកិច្ចព្រមព្រៀង៖ “សម្រាប់តំបន់ CPTPP យើងខ្ញុំបានឃើញថា តួរលេខកំណើនគួរឲ្យចាប់អារម្មណ៍ក្នុងរយៈពេលថ្មីៗនេះ។ ក្រៅពីតំបន់ EU ដែលជាទីផ្សារនាំចេញប្រពៃណីនោះ តំបន់ CPTPP ជាពិសេសគឺបណ្ដាប្រទេសនៅទ្វីបអាមេរិក ដូចជាកាណាដា ម៉ិកស៊ិក និងប៉េរូ គឺជាទីផ្សារថ្មី ហើយការនាំចេញរបស់យើងនាពេលថ្មីៗនេះ មានកម្រិតតិចតួច។ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀង CPTPP ចូលជាធរមានមក ការនាំចេញរបស់យើងទៅកាន់ទីផ្សារទាំងនេះក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ប្រការនេះបានសរឲ្យឃើញថា សហគ្រាសរបស់យើងបានទាញយក ឱកាសបានយ៉ាងល្អពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ជាពិសេសគឺកិច្ចព្រមព្រៀង CPTPP”។

លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (រូបថត៖ VNA)

យោងតាមសេដ្ឋកិច្ចវិទូជាច្រើនបានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា EVFTA និង CPTPP នឹងបន្តផ្ដល់ការអនុគ្រោះពន្ធ បង្កើតកម្លាំងចលករទាក់ទាញការវិនិយោគ ដើម្បីបង្កើនសមត្ថភាពផលិតកម្ម ជួយសហគ្រាសនាំចេញកាន់តែមានជំនាញវិជ្ជាជីវៈទាំងក្នុងទីផ្សារអន្តរជាតិ។ អាស្រ័យហេតុនេះ ការនាំចេញបន្តត្រូវបានរំពឹងថានឹងក្លាយទៅជាចំណុចភ្លឺនៃខឿនសេដ្ឋកិច្ច ធានាការងារធ្វើសម្រាប់ពលករ និងជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ លោក Le Anh Duong ប្រធានគណៈកម្មការសិក្សាស្រាវជ្រាវទូទៅ នៃវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានសង្កត់ធ្ងន់ថា៖ “CPTPP មានភាពល្អប្រសើរជាងកិច្ចព្រមព្រៀងផ្សេងទៀត អំពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាទាំងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក គយ របាំងបច្ចេកទេស។ នៅពេលចូលរួម CPTPP វៀតណាមទទួលបានផលប្រយោជន៍ច្រើនបំផុតពីការធ្វើកំណែទម្រង់របៀបរបប។ ដូច្នេះ គ្មានហេតុផលណាដែលវៀតណាមមិនអនុវត្តន៍កំណែទម្រង់ស្របតាមស្មារតី CPTPP នោះឡើយ។ បញ្ហាប្រឈមសំខាន់ គឺដំណើរការ នៃការធ្វើកំណែទម្រង់នេះមានរយៈពេលយូរអង្វែង ហើយលទ្ធផលប្រហែលជាមិនអាចមើលឃើញភ្លាមៗឡើយ”។

ជឿជាក់ថា ជាមួយនឹងការមើលឃើញដ៏ត្រូវអំពីបញ្ហានោះ ស្ថាប័នគ្រប់គ្រងរដ្ឋ និងសហគមន៍ធុរកិច្ចនឹងមានយុទ្ធសាស្ត្រ និងជំហានដ៏សមស្រប ប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តឆក់យកឱកាស និងទាញយកផលប្រយោជន៍ដ៏ធំធេងឱ្យកាន់តែប្រសើរឡើងពី CPTPP ក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.