ស្រុកស្រែ

ជួយទំនុកបម្រុងសិស្សានុសិស្សទៅសាលានៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum

ជួយទំនុកបម្រុងសិស្សានុសិស្សទៅសាលានៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum

(VOVWORLD) - ក្នុងឆ្នាំសិក្សាថ្មីនេះ ខេត្ត Kon Tum មានសិស្សានុសិស្សជនជាតិភាគតិចជាង ៩២ ០០០ នាក់។ នៅតាមតំបន់ឆ្ងាយដាច់ស្រយាលក្នុងខេត្ត ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារជួបការលំបាកនោះ កុមារា កមារីជាច្រើនគ្មានសៀវភៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សានៅពេលទៅសាលារៀនឡើយ។

 
 
អ្នកគ្រូអ៊ុតសំលៀកបំពាក់ជូនសិស្ស

នៅចំពោះតថភាពជាក់ស្ដែងនេះ នៅសាលាបឋមសិក្សា Nguyen Van Cu នៅភូមិលំបាកពិសេស Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum នោះ លោកគ្រូ អ្នកគ្រូ មានរបៀបធ្វើប្រកបដោយប្រសិទ្ធភាព ដើម្បីរីកសាយភាយសេចក្ដីស្រឡាញ់ជួយទំនុកបម្រុងសិស្សានុសិស្សឲ្យបានទៅសាលារៀនផងដែរ។

ក្រោយពីរយៈពេលសិក្សារៀនសូត្រនៅផ្ទះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នោះ កុមារា កុមារីចំនួន ២៧៥ នាក់នៅ សាលាបឋមសិក្សា Nguyen Van Cu នៅឃុំលំបាកពិសេស Dak Pxi ស្រុក Dak Ha ទើបបានទៅសាលារៀនវិញ។ លោកគ្រូ Nguyen Trung Dung នាយកសាលាបានឲ្យដឹងថា៖ សិស្សានុសិស្សរបស់សាលាភាគច្រើនគឺជាកូនចៅបងប្អូនជនជាតិភាគតិច Xo Dang។ ទោះបីមានការត្រៀមរៀបចំលក្ខណៈទុកជាមុនហើយក៏ដោយ ប៉ុន្តែលោកគ្រូ អ្នកគ្រូនៅតែមានអារម្មណ៍អាណិតអាសូរ នៅពេលដែលមើលឃើញកូនសិស្សទៅសាលាដោយគ្មានស្បែកជើង ហើយស្លៀកសម្លៀកបំពាក់ និងសៀវភៅរបស់ពួកគេមិនមានគ្រាប់គ្រាន់។ លោកគ្រូបានឲ្យដឹងថា៖ “នៅចំពោះស្ថានភាពលំបាក់ជាក់ស្ដែងនៅសាលាដូច្នេះ ថ្នាក់ដឹកនាំសាលាបានធ្វើការចលនាដល់ជួរកម្មាភិបាល លោកគ្រូ អ្នកគ្រូ កម្មាភិបាល និងសប្បុរសជនដទៃទៀត ដើម្បីបំផុសការកសាងគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ជួយឧបត្ថម្ភដល់ប្អូនសិស្សានុសិស្សនូវសំភារៈចាំបាច់នានាដូចជា៖ សំលៀកបំពាក់ ស្បែកជើង ដើម្បីធ្វើឱ្យប្អូនៗមានក្ដីសប្បាយរីករាយនៅពេលទៅសាលាផងដែរ”។

ដោយបាន រៀបចំបន្ទប់ដាច់ដោយឡែកក្នុងបរិវេណសាលានោះ គំរូ  “ ទៅសាលាយ៉ាងសប្បាយរីករាយ”  ដែលត្រូវបានគណៈនាយក និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សា Nguyen Van Cu សាងសង់ឡើង បាននាំមកនូវអារម្មណ៍ដ៏កក់ក្ដៅ ស្និទ្ធិស្នាលជូនប្អូនៗសិស្សានុសិស្ស។ ក្នុងបន្ទប់នេះ មានឯកសណ្ឋានសិស្សជាង ៣០០ កំប្លេ ត្រូវបានលោកគ្រូ អ្នកគ្រូបោកអ៊ុត និងព្យូរយ៉ាងស្អាតបាត។ ប្អូន Y Tram  Y Chung នៅថ្នាក់ 1B និងប្អូន A Tien  A Hau  A Vinh នៅថ្នាក់ 3B រួមជាមួយសិស្សានុសិស្សជាច្រើនទៀតមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេល ដែលលោកគ្រូ អ្នកគ្រូជូនទៅកាន់បន្ទប់ “ ទៅសាលាយ៉ាងសប្បាយរីករាយ” ដើម្បីជ្រើសរើសយកសំលៀកបំពាក់ល្មមល្មមបំផុតសម្រាប់ខ្លួន ។ ប្អូន Y Tram និង A Tien បានសម្ដែងក្ដីសប្បាយរីករាយយ៉ាងដូច្នេះថា៖ "ប្អូនពិតជាសប្បាយរីករាយណាស់ ព្រោះថា អ្នកគ្រូ បាន ជូនឯកសណ្ឋាន ទៅសាលារៀនឲ្យប្អូន។ នៅផ្ទះប្អូនគ្មានអាវសទេ។ អ្នកគ្រូបានជូនអាវសដ៏ស្រស់ស្អាត ប្អូនពិតជាសប្បាយរីករាយណាស់។ ប្អូននឹងខិតខំព្យាយាមសិក្សារៀនសូត្រឲ្យបានល្អ"។

អ្នកគ្រូផ្ដល់សំលៀកបំពាក់ជូនសិស្ស

ចំពោះអ្នកគ្រូ Nguyen Thi Thu Huong ដែលត្រូវបានគណៈនាយកសាលា បឋមសិក្សា Nguyen Van Cu ប្រគល់ភារកិច្ចរ៉ាប់រងគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ”  បានឲ្យដឹងថា៖ “នៅពេលដែលសប្បុរសជនបានប្រគល់ជូនសំលៀកបំពាក់ទាំងនេះ អ្នកគ្រូនឹងធ្វើការបោកអ៊ុតឲ្យស្អាតបាត ហើយពិនិត្យមើលថាតើមានការដាច់រហែកអ្វីខ្លះ ដើម្បីជួសជុល ហើយព្យួរនៅលើធ្នើរដូច្នេះ។ សិស្សានុសិស្សណា ដែលមានស្ថានភាពរស់នៅលំបាកនោះ អ្នកគ្រូនឹងនាំ មកទីនេះដើម្បីរកសំលៀកបំពាក់ទៅសាលាផងដែរ”។

ក្រៅពីគំរូ “ ទៅសាលាយ៉ាងសប្បាយរីករាយ”  ប្រគល់សំលៀកបំពាក់ដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកនោះ សាលាបឋមសិក្សា Nguyen Van Cu ក៏បានបង្កើតទូសៀវភៅប្រើប្រាស់រួម ដោយបានជួយសិស្សានុសិស្សមានសៀវភៅសិក្សាប្រមាណ ១០០ នាក់។ គំរូ “ បណ្ណាល័យនៃក្ដីស្រឡាញ់” បានលើកទឹកចិត្តដល់ប្អូនបង្កើតវប្បធម៌អាន ដើម្បីទទួលបានចំណេះដឹង។ លោក U Ly អនុប្រធានគណៈកម្មាធិការឃុំ Dak Pxi បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងសេចក្ដីស្រឡាញ់របស់លោកគ្រូ អ្នកគ្រូផ្ដល់ជូនសិស្សានុសិស្ស៖ “សាលានេះមានសិស្សានុសិស្សជាច្រើនមកពីគ្រួសារក្រីក្រ។ សាលាមានគំនិតផ្តួចផ្តើមជាច្រើន ដោយអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងសាច់ញាតិគ្រូបង្រៀន ដែលមានលក្ខខ័ណ្ឌធូធារជាង ដើម្បីបរិច្ចាកសំលៀកបំពាក់ សៀវភៅ និងស្បែកជើង ជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលមានស្ថានភាពលំបាកពិសេស។ ចំពោះអាជ្ញាធរវិញ ខ្ញុំបានសង្កេតឃើញថា គំរូនេះពិតជាល្អណាស់ ហើយចាំបាច់ត្រូវពង្រីកនៅសាលារៀនដទៃទៀតផងដែរ”។

ដោយមានការយកចិត្តទុកដាក់ ដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់របស់លោកគ្រូ អ្នកគ្រូ ចំពោះសិស្សានុសិស្សនោះ សាលា បឋមសិក្សា Nguyen Van Cu នៅឃុំ Dak Pxi ស្រុក Dak Ha ខេត្ត Kon Tum ជានិច្ចកាលរក្សាល្អនូវអត្រាសិស្សានុសិស្សឧស្សាហ៍ព្យាយាម។ តាមរយៈការងាររបស់លោកគ្រូ អ្នកគ្រូ ក៏បានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំងដល់ ឪពុកម្តាយរបស់សិស្សានុសិស្ស ក្នុងការថែទាំដល់ការសិក្សារៀនសូត្ររបស់កូនៗផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.