ស្រុកស្រែ

ប្រជាកសិករឌីជីថលនៅតំបន់ព្រៃភ្នំ

ប្រជាកសិករឌីជីថលនៅតំបន់ព្រៃភ្នំ

(VOVWORLD) - ក្នុងរយៈពេលកន្លងទៅ ជំងឺរាតត្បាត កូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចស្ទើរតែទាំងអស់ ក្នុងនោះមានវិស័យកសិកម្មផងដែរ។ ទោះយ៉ាងណាក៏ដោយ ក៏មានឱកាសថ្មីសម្រាប់ប្រជាកសិករ ជាពិសេសគឺកសិករនៅតំបន់ព្រៃភ្នំជួយពួកគេមានភាពស្វាហាប់ និងម្ចាស់ការជាងក្នុងផលិតកម្ម។ នៅខេត្ត Lao Cai គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល ហើយក្លាយទៅជា "កសិករឌីជីថល" ជាជំហានៗផងដែរ។

គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល

ក្នុងរយៈពេល ១ ខែទៀត ទើបឈានចូលរដូវប្រមូលផលក្រូចឃ្វិចនៅស្រុក Muong Khuong ជាផ្លូវការ ប៉ុន្តែនាបច្ចុប្បន្ននេះ អ្នកស្រី Vang Thi Hoa នៅឃុំ Lung Khau Nhin បានខិតខំប្រឹងប្រែងធ្វើបច្ចុប្បន្នភាពចំការផ្លែឈើរបស់គ្រួសារខ្លួននៅលើបណ្តាញសង្គម។ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅ របៀបធ្វើដូច្នេះបានជួយក្រុមគ្រួសារអ្នកស្រីបញ្ចេញលក់ផ្លែលក្រូចឃ្វិចយ៉ាងរលូនជាងសូម្បីតែក្នុងអំឡុងពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងយ៉ាងស្មុគស្មាញបំផុត។ អ្នកស្រី Vang Thi Hoa ចែករំលែកថា៖ “នៅពេលដើមឃ្វិកចេញផ្កា នាងខ្ញុំបានថតវីដេអូណែនាំពីរបៀបថែទាំដើមឈើ និងរបៀបប្រមូលផល ប្រកបដោយមានប្រសិទ្ធភាពផងដែរ”។

នារីជនជាតិ Mong និងជនជាតិ Pa Di នៅស្រុកព្រំដែន Muong Khuong តែងតែធ្វើការ livestream លក់ទំនិញ នៅលើបណ្ដាញសង្គម។ របៀបធ្វើបែបនេះបាននាំមកនូវប្រសិទ្ធភាពល្អក្នុងផលិតកម្ម និងបញ្ចេញលក់កសិផល។ ទន្ទឹមនឹងនេះ នៅពេលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន បងប្អូនកសិករមានទំនុកចិត្តជាងក្នុងការត្រិះរិះផលិតកម្ម ធ្វើអាជីវកម្មទំនើប ការប្រាស្រ័យទាក់ទងជាមួយអតិថិជន ឆ្លើយតបនឹងបំណងប្រាថ្នា និងតម្រូវការរបស់អតិថិជន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម អាជីវកម្ម។ អ្នកស្រី Ma Thi Chu មកពីទីរួមស្រុក Muong Khuong ស្រុក Muong Khuong បានឲ្យដឹងថា៖ “នៅពេលដែលខ្ញុំធ្វើការ livestream ដូច្នេះ មនុស្សម្នាឃើញថាល្អមើល ហើយចែករំលែកគ្នានៅតាម group នានា។ ដូច្នេះហើយ អត្រាគ្របដណ្ដើមលើទីផ្សារគឺធំ និងឆាប់រហ័សណាស់”។

ការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានក្នុងការផលិតនិងការបញ្ចេញលក់កសិផលនៅតំបន់ព្រៃភ្នំ Lao Cai មិនត្រឹមតែផ្ដោតសំខាន់លើការបញ្ចេញលក់តាមអនឡាញប៉ុណ្ណោះទេ បងប្អូនកសិករថែមទាំងប្រើប្រាស់លេខកូដ QR ផ្សារពាណិជ្ជកម្មអេឡិចត្រូនិច កំណត់ហេតុកសិកម្ម ឬកម្មវិធីនានាដើម្បីបញ្ជាម៉ាស៊ីនបម្រើផលិតកម្មកសិកម្មទៀតផង។ លោក Tran Manh Thang មកពីឃុំ Ban Sen ស្រុក Muong Khuong កំពុងធ្វើតេស្តពិសោធន៍ប្រើដ្រូនដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃការពារដើមតែ។ លោក Thang បានឲ្យដឹងថា៖ “ឧទាហរណ៍ថា កម្មវិធីនៅលើម៉ាស៊ីនបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃនេះ យើងខ្ញុំក៏តម្រូវឱ្យអ្នកផលិតមានផ្នែកមួយដើម្បីរក្សាទុករយៈពេលប៉ុន្មានថ្ងៃ ទើបបាញ់ថ្នាំម្តង; ឧទាហរណ៍ថា ១៥-២០ ថ្ងៃ គឺដល់ពេលបាញ់ថ្នាំហើយ”។

គ្រួសារជាច្រើននៅតំបន់ដាច់ស្រយាលបានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ទៅក្នុងផលិតកម្ម ការបញ្ចេញលក់កសិផល

ទាក់ទងនឹងការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្ម លោក Le Thanh Hoa ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Muong Khuong បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងខ្ញុំនឹងផ្ដល់ប្រឹក្សាលើការកសាងគេហទំព័រកសិផល Muong Khuong ដើម្បីឧទ្ទេសនាម និងផ្សព្វផ្សាយកសិផល។ ទន្ទឹនឹងនេះបើកថ្នាក់ហ្វឺកហ្វឹនដល់ប្រជាជនឱ្យចេះប្រើប្រាស់បញ្ចេកវិទ្យា ៤.០ ក្នុងការបញ្ចេញលក់ និងផលិតកម្មជាក់ស្ដែងផងដែរ”។

កសិផលនៅស្រុក Muong Khuong ត្រូវបានភ្ជាប់ជាមួយលេខកូដ QR សម្រាប់តាមដានប្រភពដើម ចំការជាច្រើនបានប្រើប្រាស់ប្រព័ន្ធស្រោចទឹកដោយស្វ័យប្រវត្តិ ហើយត្រូវបានផ្តល់លេខកូដតំបន់ដាំដុះ គឺជាលទ្ធផលដំបូងនៃការផ្លាស់ប្តូរឌីជីថលនៅស្រុក Muong Khuong និយាយដោយឡែក និងខេត្ត Lao Cai និយាយរួម។ "ប្រជាកសិករឌីជីថល" នៅតំបន់ព្រៃភ្នំដ៏ស្វាហាប់ មានទំនុកចិត្ត ហើយត្រៀមខ្លួនជាស្រេចជំនះពុះពារលើឧបសគ្គ ឆ្ពោះទៅរក ជោគជ័យនៃយុគសម័យផ្លាស់ប្តូរឌីជីថលផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.