ស្រុកស្រែ

សម្បូរដោយរសជាតិនៃទឹកត្រី Sa Chau

សម្បូរដោយរសជាតិនៃទឹកត្រី Sa Chau

(VOVWORLD) - ភូមិ Sa Chau ឃុំ Giao Chau ស្រុក Giao Thuy ខេត្ត Nam Dinh កាលពីមុន បច្ចុប្បន្នជាឃុំ Giao Hung ខេត្ត Ninh Binh គឺជាតំបន់ឆ្នេរសមុទ្រដែលល្បីល្បាញតាំងពីយូរយារណាស់មកហើយ សម្រាប់ការធ្វើទឹកត្រីប្រពៃណី។ ដំណក់ទឹកត្រីពណ៌មាស សម្បូរទៅដោយរសជាតិនៃសមុទ្រពីត្រីស្រស់ៗ អំបិលពណ៌ស និងបាតដៃដ៏ប៉ិនប្រសប់របស់ប្រជាជន។ នេះមិនត្រឹមតែជាផលិតផលប្រពៃណីដ៏ល្បីល្បាញនៅតំបន់វាលទំនាបតាមឆ្នេរសមុទ្រភាគខាងជើងប៉ុណ្ណោះទេ ថែមទាំងត្រូវបានអតិថិជននៅតាមខេត្តក្រុងជាច្រើនស្គាល់ដល់និងពេញនិយមប្រើប្រាស់ទៀតផង។

ភូមិ Sa Chau មានភាពល្បីល្បាញជាយូរមកហើយសម្រាប់ការធ្វើទឹកត្រីបែបប្រពៃណី។ (រូបថត៖ Kim Lieu/VOV5)

របរធ្វើទឹកត្រីនៅ Sa Chau មានតាំងពីយូរយារណាស់មកហើយ ដែលផ្សាភ្ជាប់ យ៉ាងជិតស្និទ្ធជាមួយជីវភាពរស់នៅរបស់ប្រជាជនតាមឆ្នេរសមុទ្រនៅទីនេះ។ ឆ្លងកាត់ជាច្រើនជំនាន់ ប្រជាជននៅមូលដ្ឋាននៅតែរក្សាបានពីវិធីសាស្រ្តកែច្នៃបែបប្រពៃណី ១០០% ជាមួយនឹងដំណើរការល្អិតល្អន់ គោលការណ៍ដ៏តឹងរ៉ឹង និងគ្មានការអន្តរាគមន៍ពីម៉ាស៊ីននោះឡើយ។ នេះជាចំណុចបង្កើតឡើងគុណភាព និងកេរ្តិ៍ឈ្មោះពិសេសរបស់ទឹកត្រី Sa Chau បើធៀបនឹងកន្លែងផ្សេងៗជាច្រើន។

លោក Vu Duy Tinh ដែលប្រកបរបរធ្វើទឹកត្រីប្រពៃណីនៅភូមិ Sa Chau អស់រយៈពេលជិត ៥០ ឆ្នាំមកហើយ បាននិយាយថា៖

“មុខរបរប្រពៃណីរបស់យើង តាមរឿងព្រេងដែលជីដូនជីតាបន្សល់ទុកមកគឺ មានអាយុកាលជាង ២០០ ឆ្នាំមកហើយ។ ជីដូនជីតារបស់ខ្ញុំសុទ្ធតែជាអ្នកធ្វើទឹកត្រី។ ឪពុកម្តាយខ្ញុំក៏ជាអ្នកធ្វើទឹកត្រី ហើយឪពុកម្តាយរបស់ប្រពន្ធខ្ញុំក៏ធ្វើទឹកត្រីដែរ។ ខ្ញុំរៀបការនៅឆ្នាំ ១៩៧៨ ហើយមកទល់នឹងពេលនេះយើងនៅតែរក្សានិងប្រកបរបរធ្វើទឹកត្រីនេះ”។

គ្រឿងផ្សំស្នូល ដើម្បីធ្វើទឹកត្រីដ៏ល្អប្រណិតនេះ ភាគច្រើនគឺ ត្រីសាបាក់ ត្រីអង្កាមបង្គាស្រស់ ដែលជាត្រីប្រចាំតំបន់សមុទ្រ Giao Hung។ ប្រការដ៏ពិសេសនោះគឺ ត្រីត្រូវបានជ្រើសរើសដោយមិនដាក់ទូរទឹកកក មិនត្រូវទុកឲ្យវាខ្ទិចខ្ទី ហើយត្រឹមតែប្រមូលផលពេលត្រីមានខ្លាញ់ជាងគេក្នុងមួយឆ្នាំ (ត្រីអង្កាមក្នុងរដូវរងា ត្រីសាបាក់នៅនិទាឃរដូវ...)។ លោក Vu Van Hai នៅភូមិទឹកត្រី Sa Chau បានចែករំលែកថា៖

“គ្រឿងផ្សំសម្រាប់ធ្វើទឹកត្រីនៅទីនេះរួមមាន បង្គា និងត្រី ប្រឡាក់ជាមួយអំបិល ត្រី ១០ គីឡូក្រាម ត្រូវការអំបិល ១,៣ គីឡូក្រាម បង្គា ១០ គីឡូក្រាម ត្រូវការអំបិល ១,៧ ឬ ១,៨ គីឡូក្រាម។ គ្រឿងផ្សំអាស្រ័យលើខែនិងរដូវ។ ក្នុងរដូវទឹកជន់ បង្គារខ្លាញ់ គឺត្រូវការអំបិលតិច។ បង្គានិងត្រីលាយអំបិលត្រូវលាយឱ្យស្មើគ្នា។ រយៈពេលផ្អាប់ អប្បបរមាគឺ ១ ឆ្នាំ ពេលវេលាផ្អាប់កាន់តែយូរ គុណភាពទឹកត្រីកាន់តែឆ្ងាញ់។ ប្រសិនបើពន្លឺថ្ងៃខ្លាំងដូចខែមិថុនា យើងហាលរយៈពេលពី ២ ទៅ ៣ ថ្ងៃ បើពន្លឺថ្ងៃខ្សោយ យើងត្រូវហាលយូរថែមទៀត”។

ក្រៅពីត្រីស្រស់ អំបិលក៏ជាកត្តាសំខាន់ដែលសម្រេចលើគុណភាពទឹកត្រីផងដែរ។ អំបិលដែលប្រើសម្រាប់ធ្វើទឹកត្រីត្រូវទិញពីភូមិអំបិលប្រពៃណី Bach Long ឃុំ Giao Hung។ ដោយសារតែគុណភាពនៃអំបិល Bach Long ត្រូវបានបញ្ជាក់ពីជាតិប្រៃ និងមីក្រូសារជាតិ។ យោងតាមលោក Nguyen Van Ba សិប្បករនៃភូមិធ្វើទឹកត្រីប្រពៃណី Sa Chau ឲ្យដឹងថា ពេលវេលាទិញអំបិលគឺចាប់ពីចុងខែមេសាដល់ចុងខែឧសភា។ វាជាអំបិលគ្រាប់ធំ ពណ៌សភ្លឺ ដាច់ដោយឡែកពីគ្រាប់នីមួយៗ ហើយត្រូវរក្សាទុកក្នុងឃ្លាំងយ៉ាងហោចណាស់មួយឆ្នាំ ដើម្បីកាត់បន្ថយរសជាតិល្វីង ធានាថាទឹកត្រីមានរសជាតិផ្អែម និងក្លិនឈ្ងុយឆ្ងាញ់៖

“ដើម្បីឲ្យជាប់ស្តង់ដារ ធ្វើទឹកត្រីឲ្យឈ្ងុយឆ្ងាញ់ ត្រូវតែប្រើអំបិល Bach Long។ ការលាយអំបិលតាមសមាមាត្រណា គឺអាស្រ័យលើរដូវនីមួយៗ។ ក្នុងខែឧសភា និងមិថុនា សមាមាត្រអំបិលគឺ ១៦% ចាប់ពីខែតុលាតតទៅ អំបិលត្រូវតែស្រូបយក ១៨% ក្នុងបរិមាណបង្គា ត្រី និងអំបិលសរុបដែលត្រូវបានផ្អាប់។ ចំណុចខុសគ្នាគឺថា បង្គានៅដើមឆ្នាំនៅតូច ហើយសាច់នៅតិច; ចាប់ពីខែកញ្ញាដល់ខែតុលា បង្គាមានសាច់ច្រើន ដូច្នេះអំបិលត្រូវតែកើនឡើង បើមិនដូច្នោះទ មិនអាចធានាគុណភាពបានដែរ”។

ដំំណាក់កាលហាលទឹកត្រី។ (រូបថត៖ Kim Lieu/VOV5)

បន្ទាប់ពីប្រឡាក់ត្រីជាមួយអំបិលតាមសមាមាត្រដែលបានកំណត់ហើយ ទុកឲ្យត្រីឆ្អិនតាមធម្មជាតិ លុះដល់រយៈពេល៦ខែ ទើបយកចេញដាក់ក្នុងកន្ត្រកឬស្សី ដើម្បីច្របាច់យកទឹកត្រីសុទ្ធ។ ទឹកត្រីនេះមិនចម្អិនដោយភ្លើង ដូចកន្លែងផ្សេងៗច្រើនទេ ប៉ុន្តែត្រូវហាលពន្លឺថ្ងៃរយៈពេល៦ខែទៀត។ ទឹកត្រីត្រូវចាក់ចូលក្នុងពាងដីដែលមានមាត់ធំ ជម្រៅប្រហែល ២០ សង់ទីម៉ែត្រ ហើយហាលពាសពេញទីធ្លាផ្ទះ។ មិនត្រឹមតែហាលពេលថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែហាលទាំងយប់ទៀតផង ដើម្បីឱ្យទឹកត្រីស្រូបយកទឹកសន្សើម រសជាតិកាន់តែឈ្ងុយ និងផ្អែម។ ដោយសារទឹកត្រីមិនត្រូវបានចម្អិនដោយភ្លើងទេ ដូច្នេះបានជាវាហាមទឹកភ្លៀង។ ពេលភ្លៀងធ្លាក់ម្តងៗ មិនថានៅកន្លែងណា ធ្វើអ្វី សូម្បីយប់ជ្រៅ ក៏អ្នកធ្វើទឹកត្រី ត្រូវគ្របពាងទឹកត្រីទាំងអស់ដែរ។ លោក Nguyen Van Hoat ប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថា៖

“យើងត្រូវអាស្រ័យលើអាកាសធាតុ ព្រោះមានពន្លឺថ្ងៃកាន់តែច្រើន ផលិតផលរបស់យើងនឹងកាន់តែប្រសើរ។ ត្រឹមតែធ្វេសប្រហែសម្ដង បើទុកឲ្យទឹកភ្លៀង ឬទឹកធម្មតាចូលក្នុងពាងទឹកដី វានឹងខូចតែម្ដង។ ថ្ងៃក្រោយទឹកត្រីនឹងប្រែពណ៌ស្រអាប់ ហើយមិនឆ្ងាញ់ទៀតទេ។ ដូច្នេះ ទោះបីជាជាប់រវល់យ៉ាងណាក៏ដោយ ក៏ត្រូវមានអ្នកយាមប្រចាំការជានិច្ច”។

ក្នុងសម័យកាលដ៏រុងរឿងបំផុតនៃភូមទឹកត្រី Sa Chau មានប្រជាជនរហូតដល់ ៤០០ គ្រួសារចូលរួមប្រកបមុខរបរនេះ ប៉ុន្តែឥឡូវនេះ សល់តែប្រហែល ៣០ គ្រួសារប៉ុណ្ណោះ ក្នុងនោះ ១០ គ្រួសារធ្វើផលិតកម្មខ្នាតធំ ដែលមានទិន្នផលជាមធ្យមពី ៤៥ ម៉ឺន-៥០ ម៉ឺនលីត្រ/ឆ្នាំ។ ទឹកត្រី Sa Chau មានភាពល្បីល្បាញនៅតាមខេត្តជាច្រើន។

ទឹកត្រី Sa Chau ជាផលិតផលដ៏ពិសេស និងជាមោទនភាពរបស់អ្នកស្រុក។ តំណក់ទឹកត្រីនីមួយៗ មិនត្រឹមតែបង្កប់នូវរសជាតិប្រៃឆ្ងាញ់នៃសមុទ្រ ដែលជាសមិទ្ធផលនៃកម្លាំងពលកម្មរបស់ប្រជាជនជាច្រើនជំនាន់ប៉ុណ្ណោះទេ ថែមទាំងជារឿងរ៉ាវនៃភូមិរបរតាមឆ្នេរសមុទ្រមួយកន្លែង នៅភាគខាងជើង ដែលនៅតែរក្សាបាននូវរសជាតិប្រពៃណី សម្រាប់ថ្ងៃនេះនិងថ្ងៃអនាគតទៀតផង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.