ដំបូលអាស៊ាន

ក្រុម CIRAC របស់ថៃបង្ហាញបច្ចេកវិទ្យាកែច្នៃឡើងវិញនូវសំរាមប្លាស្ទិកសម្រាប់សេដ្ឋកិច្ចវិលជុំ

ក្រុម CIRAC របស់ថៃបង្ហាញបច្ចេកវិទ្យាកែច្នៃឡើងវិញនូវសំរាមប្លាស្ទិកសម្រាប់សេដ្ឋកិច្ចវិលជុំ

(VOVWORLD) - បោះជំហានចេញពីការប្រឡង «សាកល្បងដោយភាពច្នៃប្រឌិតក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត (EPPIC) ឆ្នាំ ២០២០» ដែលត្រូវបានរៀបចំឡើងដោយអង្គការ UNDP សហការជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងនាមជាក្រុមមួយ ក្នុងចំណោមក្រុមឈ្នះទាំង ៤ នោះក្រុម CIRAC មកពីប្រទេសថៃបានបង្ហាញជាសាធារណៈនូវបច្ចេកវិទ្យាដែលមានលក្ខណៈលោតផ្លោះគួរឲ្យចាប់អារម្មណ៍។ ទាំងនោះគឺបច្ចេកវិទ្យាដែលបំលែងកញ្ចប់អាហារសម្រន់ (Snack) ឲ្យក្លាយទៅជាអាលុយមីញ៉ូម និងប្រេងម៉ាស៊ូត។ ទោះបីជាគម្រោងនេះត្រឹមតែស្ថិតនៅក្នុងការសាកល្បងក៏ដោយ ប៉ុន្តែវានាំមកនូវលទ្ធផលយ៉ាងវិជ្ជមានជាមួយនឹងសមត្ថភាពដោះស្រាយបញ្ហាកញ្ចប់អាហារសម្រន់ចំនួន ១០០០ តោន ទៅជាអាលុយមីញ៉ូមចំនួន ២០០ គីឡូក្រាម/ថ្ងៃ ដែលរួមចំណែកក្នុងការកាត់បន្ថយកាកសំណល់ប្លាស្ទិក និងជម្រុញការអនុវត្តសេដ្ឋកិច្ចវិលជុំនៅប្រទេសថៃនិងក្នុងតំបន់ផងដែរ។

ផ្នែកមួយនៃការណែនាំរបស់ក្រុម CIRAC ក្នុងការប្រឡង EPPIC

«កាកសំណល់ប្លាស្ទិកប្រមាណ ២០ % ដែលយើងប្រើប្រាស់នាសព្វថ្ងៃនេះគឺប្រភេទកញ្ចប់ដូចជា៖ កញ្ចប់នំ កញ្ចប់អាហារសម្រន់ កញ្ចប់កាហ្វេជាដើម។ ប្រភេទកញ្ចប់នេះត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងជីវភាពរស់នៅនិងក្នុងពេលអនាគតផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លក្ខណៈពហុស្រទាប់នៃកាកសំណល់នេះធ្វើឱ្យការកែច្នៃមានការពិបាកណាស់។ ប្រសិនបើយើងមិនគិតពីវិធីកែឆ្នៃទេ ប្រភេទកញ្ចប់នេះ អាចត្រូវបានបោះចូលទៅក្នុងសមុទ្រតែម្តង។ ហេតុដូច្នេះយើងទើបតែគិតដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃកញ្ចប់អាហារសម្រន់ក្លាយទៅជាអាលុយមីញ៉ូមនិងម៉ាស៊ូតវិញ»។

ជាមួយនឹងចំណេះដឹងដែលធ្លាប់បានសិក្សារៀនសូត្រពីដេប៉ាតឺម៉ង់ ប្រេង PPC នៃសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ ក៏ដូចជាបទពិសោធន៍ក្នុងអំឡុងពេលធ្វើការនៅក្រុមហ៊ុនគីមី SCG លោក វេជ្ជបណ្ឌិត Sikarin Tamiyakul អាយុ ៣០ ឆ្នាំ រួមជាមួយមិត្តភក្តិម្នាក់ទៀត បានបង្កើតក្រុម CIRAC ដើម្បីស្រាវ ជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកែច្នៃឡើងវិញនូវកញ្ចប់អាហារសម្រន់ទៅជាអាលុយមីញ៉ូមនិងប្រេងម៉ាស៊ូត កាលពី ២ ឆ្នាំមុន។ នាបច្ចុប្បន្ន បច្ចេកវិទ្យាបំលែងកញ្ចប់អាហារសម្រន់ក្លាយទៅជាអាលុយមីញ៉ូម ត្រូវបានបញ្ចប់ ហើយកំពុងតែត្រូវបានធ្វើការពិសោធន៍។ រីឯការបំប្លែងទៅជាប្រេងម៉ាស៊ូតវិញ គឺស្ថិតនៅក្នុងដំណើរការស្រាវជ្រាវនិងអភិវឌ្ឍន៍៖

«ចំណុចសំខាន់នៃបច្ចេកវិទ្យានេះគឺការរចនាឡប្រតិកម្មកំដៅ ( រ៉េអាក់ទ័រ)។ ប៉ុន្តែរ៉េអាក់ទ័រនេះមានតម្លៃមិនខ្ពស់ទេ ដោយប្រើប្រាស់វត្ថុធាតុដើម ដែលមានស្រាប់នៅក្នុងប្រទេសថៃ។ ហើយវត្ថុធាតុដើម ដែលយើងប្រើប្រាស់សម្រាប់ការកែឆ្នៃឡើងវិញ គឺជាកញ្ចប់កាហ្វេដែលនាំចូលក្នុងបរិមាណច្រើនពីរោងចក្រ។ ពីព្រោះរោងចក្រក៏ប្រមូលមកវិញនូវកញ្ចប់កាហ្វេមិនខុសខ្នាតតាមការកំណត់ផងដែរ។ ហេតុដូច្នេះកញ្ចប់កាហ្វេទាំងនេះប្រែក្លាយទៅជាសំរាមវិញ។ យើងខ្ញុំនាំចូល ហើយបំលែងទៅជាអាលុយមីញ៉ូម និងប្រេងម៉ាស៊ូត ដោយមិនបំភាយ     ឧស្ម័នអ្វីដល់បរិស្ថានទេ»។

ក្រុម CIRAC ត្រូវបានផ្តល់កិត្តិយសតាមអនឡាញក្នុងពិធីប្រគល់រង្វាន់ដែលបានប្រារព្ធធ្វើនៅទីក្រុងហាណូយក្នុងខែមករាឆ្នាំ ២០២១

គុណសម្បត្តិនេះរបស់ CIRAC ទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការរៀបចំការប្រឡង «សាកល្បងច្នៃប្រឌិតកាត់បន្ថយកាកសំណល់ប្លាស្ទិកប្រកបដោយភាពច្នៃប្រឌិត (EPPIC) ឆ្នាំ ២០២០»។ CIRAC បានក្លាយទៅជាក្រុមមួយក្នុងចំណោមក្រុមទាំង៤ ដែលឈ្នះរង្វាន់ដូចគ្នានៃការប្រឡងនេះ ដោយទទួលបានទឹកប្រាក់ចំនួន ១៨.០០០ ដុល្លារអាមេរិក និងចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល «ពន្លឿនលឿនក្នុងរយៈពេល ៩ ខែ» ដើម្បីបង្កើតគំនិតផ្តួចផ្តើមក្លាយទៅជាគំរោងអាចអនុវត្តយ៉ាងជាក់ស្តែងទៅក្នុងជីវភាពរស់នៅផង  ដែរ។ លោក Hoang Thanh Vinh កម្មភិបាលទទួលបន្ទុកកម្មវិធី UNDP វៀត   ណាមដែលជាអង្គភាពរៀបចំការប្រឡង EPPIC បានវាយតម្លៃថា៖

« CIRAC ទទួលបានជោគជ័យនៅពេលដែលលើកសំណើរស្តីពីការអនុវត្តច្ចេកវិទ្យាកែច្នៃសំរាមកាកសំណល់ប្លាស្ទិកសម្រាប់ខឿនសេដ្ឋកិច្ចវិលជុំ។ ចំណុចថ្មីនៃគម្រោងនេះគឺមិនត្រឹមតែជាការប្រមូលផ្តុំ និងកែច្នៃប្លាស្ទិកនិងផលិតផលផ្សេងទៀតឡើងវិញដូចជាអាលុយមីញ៉ូមនិងប្រេងម៉ាស៊ូតប៉ុណ្ណោះទេ វាថែមទាំង បង្កើតតម្លៃបន្ថែម និងបង្កើតគុណប្រយោជន៍យ៉ាងធំធេងលើការកែច្នៃប្លាស្ទិកជាធម្មតាទៀតផង។ សម្រាប់នៅក្នុងទីផ្សារថៃ ដែលជាទីផ្សារកំពុងតែនាំចូលអាលុយមីញ៉ូមច្រើន ជាមួយនឹងភាពច្នៃប្រឌិតថ្មីបែបនេះ នេះគឺជាដំណោះស្រាយដែលមានសក្តានុពលខ្លាំងណាស់សម្រាប់ការកែច្នៃប្លាស្ទិក។ ទន្ទឹមនឹងនេះវានឹងក្លាយជាកម្លាំងចលករសម្រាប់ការប្រមូលប្លាស្ទិកកើនឡើងៗជាងមុន ហេតុនេះអាចកាត់បន្ថយការបោះចោលផ្លាស្ទិកទៅកន្លែងចាក់សំរាមនៅលើដីគោកបន្ទាប់មកពីដីគោកបញ្ជូនទៅកាន់សមុទ្រផងដែរ»។

សម្រាប់ក្រុម CIRAC ការចូលរួម EPPIC មិនត្រឹមតែជាឱកាសសម្រាប់ពួកគេក្នុងការលើកសំណើរគំនិតផ្តួចផ្តើម និងតភ្ជាប់ជាមួយអ្នកផ្លាស់ប្តូរថ្មីច្នៃប្រឌិតនៅក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកសម្រេចនូវគំនិតធ្វើអាជីវកម្មនៃគម្រោងនេះទៀតផង។  បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងការប្រឡង EPPIC ក្រុម CIRAC មានផែនការបញ្ចប់ការកសាងឧបករណ៍រ៉េអាក់ទ័រ ហើយថែមទាំងបន្តជំរុញការសិក្សាស្រាវជ្រាវលើបច្ចេកវិទ្យា បំលែងកញ្ចប់អាហារសម្រន់ទៅជាប្រេងម៉ាស៊ូត។ ទន្ទឹមនឹងនោះ ការកសាងរូបភាពម៉ាក់យីហោ គេហទំព័រ ដើម្បីអភិវឌ្ឍក្រុមហ៊ុនឲ្យបានជោគជ័យផងដែរ។ លើសពីនេះទៅទៀត ក្រុម CIRAC ក៏ស្វែងរកវិនិយោគិន ដៃគូផ្គត់ផ្គង់វត្ថុធាតុដើមនិងអតិថិជន ដើម្បីទិញផលិតផល និងបច្ចេកវិទ្យានៅឆ្នាំ ២០២១ ដើម្បីឆ្ពោះទៅពង្រីកទីផ្សារអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២២ ថែមទៀតផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.