ដំបូលអាស៊ាន

ម៉ាស្សាសម្រួលសុខភាពបែបប្រពៃណីថៃនៅវត្តភូ

ម៉ាស្សាសម្រួលសុខភាពបែបប្រពៃណីថៃនៅវត្តភូ

(VOVWORLD) - វត្តភូ ស្ថិតនៅខាងក្រោយវត្តព្រះកែវ មានភាពល្បីល្បាញដោយរូបសំណាកព្រះពុទ្ធស្រោបមាសដ៏យក្ស ប្រវែង ៤៦ម៉ែត្រ កំពស់ ១៥ ម៉ែត្រ ក្នុងឥរិយាបថដេកសម្រាក។ មិនត្រឹមតែជាវត្តប៉ុណ្ណោះទេ វត្តភូក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេជ្ជសាស្រ្ដបុរាណជាមួយនឹងរូបមន្តយូហ្គា និងម៉ាស្សាបែបប្រពៃណីថៃ។ ក្រោមរាជកាលស្ដេចរាមាទី ១ និងស្ដេចរាមាទី ៣ វត្តភូបានក្លាយទៅជាមជ្ឈមណ្ឌលសិល្បៈវប្បធម៌និងចំណេះដឹងរបស់ថៃ ដែលជាទីកន្លែងរក្សាទុកនិងបង្រៀនចំណេះដឹងអំពីវេជ្ជសាស្ត្រ និងបច្ចេកវិទ្យាម៉ាស្សាបែបបុរាណ។ ក្នុងនោះ សាលា Chetawan នៃប្រាសាទវត្តភូ ក៏ជាសាលាបង្រៀនម៉ាស្សានិងវេជ្ជសាស្ត្របុរាណថៃដំបូងគេដែលត្រូវបានអនុម័តជាផ្លូវការដោយក្រសួងអប់រំនិងបណ្តុះបណ្តាលថៃ។

សាលា Chetawan នៃប្រាសាទវត្តភូ ក៏ជាសាលាបង្រៀនម៉ាស្សានិងវេជ្ជសាស្ត្របុរាណថៃដំបូងគេដែលត្រូវបានអនុម័តជាផ្លូវការដោយក្រសួងអប់រំនិងបណ្តុះបណ្តាលថៃ។

នាបច្ចុប្បន្ន វត្តភូនៅតែរក្សាទុករូបសំណាក និងសិលាចារឹកដែលពិពណ៌នាពីកាយវិការលំហាត់ ការព្យាបាល សម្រួលសុខភាពដោយបច្ចេកទេសម៉ាស្សា ក៏ដូចជារូបមន្តផ្សំឱសថបុរាណដែលប្រើប្រាស់ក្នុងការម៉ាស្សាតាំងពីរាជកាលស្ដេចរាមាទី១ និងស្ដេចរាមាទី៣។ សម្រាប់ភ្ញៀវទេសចរជាច្រើន នៅពេលមកដល់ទីក្រុងបាងកក ការរីករាយនឹងការម៉ាស្សាបែបបុរាណនៅវត្តភូ គឺជាបទពិសោធន៍ដ៏គួរឲ្យទាក់ទាញ។ លោក Valerio - ភ្ញៀវទេសចរអ៊ីតាលី និងអ្នកស្រី Pham Dieu Linh - ភ្ញៀវទេសចរវៀតណាមបានធ្វើអធិប្បាយថា៖

“សេវាម៉ាស្សានៅទីនេះគឺល្អឥតខ្ចោះ ខ្ញុំធ្លាប់បានទទួលបទពិសោធន៍នូវការម៉ាស្សាផ្សេងៗគ្នាជាច្រើនប្រភេទ ប៉ុន្តែខ្ញុំវាយតម្លៃខ្ពស់ចំពោះវិធីសាស្រ្ត និងសេវាម៉ាស្សានៅ Chetawan។ នៅពេលអនុវត្តន៍ អាចមានអារម្មណ៍ឈឺបន្តិច ប៉ុន្តែបន្ទាប់មក រាងកាយទាំងមូលនឹងមានអារម្មណ៍ស្រួលខ្លាំងណាស់ បំបាត់ភាពនឿយហត់ បន្ទាប់ពីការធ្វើដំណើររយៈពេលវែង។ ខ្ញុំគិតថា ខ្ញុំនឹងទទួលការម៉ាស្សាបែបប្រពៃណីថៃម្ដងទៀត ប្រសិនបើខ្ញុំមានឱកាសវិលត្រឡប់មកទីនេះ នាពេលអនាគត”។

“ជារឿយៗ ខ្ញុំត្រូវឈឺខ្នង និងក ដោយសារលក្ខណៈការងាររបស់ខ្ញុំ ត្រូវអង្គុយធ្វើការដោយកុំព្យូទ័ររយៈពេលវែង មានពេលវេលាតិចតួចដើម្បីហាត់ប្រាណ។ ក្រោយដំណើរការងាររយៈពេលច្រើនថ្ងៃនៅថៃ រាងកាយក៏នឿយហត់ខ្លាំងណាស់។ ប៉ុន្តែក្រោយពីទទួលការម៉ាស្សាប្រពៃណីថៃជាង៣០នាទីប៉ុណ្ណោះ រាងកាយមានអារម្មណ៍សុខស្រួលជាងមុនច្រើនហើយ”។ 

លោកស្រី Noppamas Karawanon ដែលធ្វើជាអ្នកបច្ចេកទេស និងចូលរួមបង្រៀនម៉ាស្សាថៃនៅសាលា Chetawan អស់រយៈពេល២៤ឆ្នាំ បានឲ្យដឹងថា៖ «ការម៉ាស្សានេះអាចជួយបន្ធូរសាច់ដុំ ជួយលំហូរឈាមបានល្អថែមទៀត បំបាត់អារម្មណ៍ឈឺចុកចាប់ទាំងអស់។

“មុនពេលក្លាយជាបុគ្គលិកម៉ាស្សានៅទីនេះ យើងខ្ញុំបានរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែងអំពីរបៀបម៉ាស្សា។ សិក្ខាកាមក៏នឹងត្រូវបានលោកគ្រូ អ្នកគ្រូណែនាំអំពីអ្វីៗដែលគួរធ្វើ ឬមិនគួរធ្វើ និងកត់ចំណាំចំពោះរាងកាយអ្នកដែលទទួលការម៉ាស្សាផងដែរ។ ឧទាហរណ៍ ចំពោះអ្នកដែលផ្ទុកជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ ឬជំងឺបេះដូង... ត្រូវប្រយ័ត្នប្រយែងមែនទែន។ ជាពិសេសមិនអាចធ្វើម៉ាស្សាសម្រាប់អ្នកជំងឺមហារីកបានឡើយ។ ពេលធ្វើម៉ាស្សាក៏ត្រូវដឹងថា ពីក្បាលដល់ចុងជើង កន្លែងណាខ្លះអាចម៉ាស្សាបានហើយកន្លែងណាមិនបាន។ ពេលរៀនម៉ាស្សា  នាគ្រាដំបូង សិក្ខាកាមអាចជួបការពិបាកក្នុងការចងចាំដ្យាក្រាមរាងកាយមនុស្ស។ ប៉ុន្តែនៅពេលមានចំណេះដឹងហើយ វាមិនពិបាកពេកក្នុងការអនុវត្តនោះទេ”។

លោក Serat Trangtrongchitr នាយកសាលា Chetawan។

ក្រៅពីសកម្មភាពព្យាបាលជំងឺដោយរុក្ខជាតិឱសថ និងម៉ាស្សា សាលាក៏ជាកន្លែងបង្រៀនពីឱសថបុរាណ និងម៉ាស្សាថៃទៀតផង។ នៅទីនេះ ថ្នាក់នីមួយៗមានគ្រូតែម្នាក់ និងសិស្សពីរនាក់ប៉ុណ្ណោះ។ ជាមួយនឹងគំរូសាកលវិទ្យាល័យបើកចំហ មនុស្សគ្រប់គ្នាអាចចុះឈ្មោះរៀនម៉ាស្សាថៃ ប្រសិនបើពួកគេពិតជាចូលចិត្ត។ លោក Serat Trangtrongchitr នាយកសាលា Chetawan បានឲ្យដឹងថា៖

“នៅសាលា Chetawan ជារៀងរាល់ឆ្នាំ មានសិក្ខាកាមរាប់ពាន់នាក់ចូលរៀនវិធីម៉ាស្សាប្រជាប្រិយថៃ។ ក្នុងនោះ សិក្ខាកាមប្រមាណ ៦០% ជាជនជាតិថៃ និង ៤០% ជាជនបរទេស។ យើងមានកម្មវិធីសិក្សារួមមានម៉ោងសិក្សាចំនួន ៨០០ ម៉ោង ក្នុងរយៈពេល ២ ឆ្នាំ រហូតដល់វគ្គសិក្សាខ្លីជាង ១៥០ ម៉ោង ក្នុងរយៈពេល តែ ១ ខែប៉ុណ្ណោះ។ សញ្ញាបត្ររបស់សាលា Chetawan ត្រូវបានទទួលស្គាល់ដោយប្រទេសជាច្រើនជុំវិញពិភពលោក ដូច្នេះសិក្ខាកាមអាចប្រកបរបរនៅពេលរស់នៅក្នុងប្រទេសផ្សេងទៀត”។

យោងតាមលោក Serat Tangtrongchitr ផងដែរ សាលា Chetawan ដំណើរការដោយគោលដៅស្នូលនោះ គឺផ្សព្វផ្សាយចំណេះដឹងអំពីឱសថបុរាណ និងការម៉ាស្សាថៃ។ នៅឆ្នាំ ២០១៩ ការព្យាបាលដោយម៉ាស្សាបែបប្រពៃណីថៃត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.