ដំបូលអាស៊ាន

សិក្ខាសាលាបាទីក៖ នាំបាទីកមកជិតយុវជនវៀតណាម

សិក្ខាសាលាបាទីក៖ នាំបាទីកមកជិតយុវជនវៀតណាម

(VOVWORLD) - បាទីកត្រូវបានចាត់ទុកថា ជាសិល្បៈសិប្បកម្មដ៏ពេញនិយមនិងល្បីល្បាញលើទូទាំងពិភពលោក។ សម្រាប់ប្រជាជនឥណ្ឌូនេស៊ី បាទីក មិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញាវប្បធម៌របស់ប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងលក្ខណៈពិសេសផ្ទាល់ខ្លួនទៀតផង។ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីក្រណាត់ បាទីក ដល់ប្រជាជន វៀតណាមនិយាយរួម និងជំនាន់វ័យក្មេងនិយាយដោយឡែក ស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហូជីមិញបានរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីណែនាំអំពី បាទីក។ "សិក្ខាសាលាបាទីក" គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំងនោះ។

បណ្ដាតំណាងដែលចូលរួមសិក្ខាសាលា។

“បាទីកនៅឥណ្ឌូណេស៊ីគឺមានការពេញនិយមខ្លាំងណាស់ ប៉ុន្តែមានប្រភេទពិសេសចំនួន២ពីរនោះ គឺបាទីកនៅ Jawa ខាងលិច និងតំបន់ឆ្នេរសមុទ្រ។ បាទីក នៅ Jawa ទទួលឥទ្ធិពលពី "លក្ខណៈរាជវង្សានុវង្ស" ដោយមានពណ៌ជ្រៅ។ ក្នុងពេលជាមួយគ្នានោះ បាទីកនៅតំបន់ឆ្នេរសមុទ្រ មានក្បូរក្បាច់រចនានិងពណ៌ចម្រុះជាង។ ហើយមានគំរូបាទីកខ្លះទៀត ដែលទទួលឥទ្ធិពលពីវប្បធម៌ចិន និងជប៉ុន និងប្រទេសភាគខាងកើតមួយចំនួន។ សង្ឃឹមថានៅពេលអនាគត ខ្ញុំនឹងមានការច្នៃប្រឌិតថ្មីលើក្រណាត់បាទីក ជាមួយនឹងលក្ខណៈ "វប្បធម៌" របស់វៀតណាម”។

នោះគឺជាការចែករំលែករបស់លោកស្រី Venny Afwanny Akamsyah - សិប្បការិនីមកពីវិទ្យាស្ថាន Batik House Indonesia ក្នុងកម្មវិធី "សិក្ខាសាលា បាទីក" ដែលបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គ និងមនុស្សសាស្ត្រ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍ បាទីក" ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមេសា នៅទីក្រុងហូជីមិញ។ ដោយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងការបង្រៀននិងចែករំលែកចំណេះដឹងអំពី បាទីក ក៏ដូចជាផលិតផលតម្បាញប្រពៃណីរបស់ឥណ្ឌូនេស៊ីទៅកាន់ប្រទេសនិងតំបន់ជាង១១២នោះ លោកស្រី Venny Afwanny Akamsyah បានណែនាំយ៉ាងយកចិត្តទុកដាក់ដល់មិត្តវ័យក្មេងនៅព្រឹត្តិការណ៍អំពីជំហានគូរ បាទីក ។ លោកស្រីឲ្យដឹងថា ដើម្បីសម្រេចរួចរាល់ផលិតផលបាទីកមួយ គឺទាមទារឲ្យមានភាពអត់ធ្មត់និងភាពល្អិតល្អន់ក្នុងដំណាក់កាលនីមួយៗ។

“ដំបូងឡើយ ត្រូវប្រើខ្មៅដៃដើម្បីគូសវាសលំនាំលើក្រណាត់ ប្រើឧបករណ៍ដើម្បីលាបក្រមួនឃ្មុំលើលំនាំដែលអ្នកទើបតែគូរ។ ចង់ឲ្យផលិតផលបានល្អ យើងត្រូវពិនិត្យផ្ទៃទាំងសងខាងនៃក្រណាត់ដើម្បីដឹងថា តើក្រមួនឃ្មុំជ្រាបចូលបានស្មើឬអត់? បន្ទាប់នោះ គឺការជ្រលក់ក្រណាត់។ បន្ទាប់ពីជ្រលក់ក្រណាត់រួចត្រាំក្រណាត់ក្នុងទឹកក្តៅដើម្បីបំបែកក្រមួនឃ្មុំចេញពីក្រណាត់ ដូច្នេះអ្នកបានបញ្ចប់ដំណើរការរបស់អ្នកហើយ”។

ដោយមានការណែនាំផ្ទាល់ពីលោកស្រី Venny Afwanny Alamsyah និស្សិតជិត ៦០ នាក់មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ ចំណុះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ និងអ្នកចូលរួមដទៃ ទទួលបានចំណេះដឹងដែលមានប្រយោជន៍ ក៏ដូចជាទទួលបានបទពិសោធន៍គួរឲ្យចងចាំផងដែរ នៅពេលបានចូលរួមផ្ទាល់ក្នុងការធ្វើឡើងក្រណាត់បាទីកមួយផ្ទាំង។ ជាពិសេសសម្រាប់និស្សិតដែលធ្លាប់បានស្លៀកពាក់សម្លៀកបំពាក់ បាទីក នេះគឺជាឱកាសដ៏ល្អមួយដើម្បីស្វែងយល់បន្ថែមអំពីដំណើរការដើម្បីធ្វើឡើងប្រភេទក្រណាត់ដ៏ពិសេសនេះ។

“យើងត្រូវចេះបច្ចេកទេសដូចបានណែនាំ របៀបដាក់ក្រណាត់ របៀបគូរយ៉ាងម៉េច។ សម្រាប់អ្នកដែលធ្វើជាលើកដំបូង ត្រឹមតែបាត់បង់ការប្រមូលអារម្មណ៍បន្តិចបន្តួច ក៏អាចធ្វើឲ្យក្រមួនឃ្មុំហៀរចេញ ហើយធ្វើឲ្យខូចលំនាំ។ ទោះជាយ៉ាងណាក៏ដោយ នោះក៏ជាលក្ខណៈគួរឲ្យទាក់ទាញនៃការគូរបាទីកផងដែរ”។

“ខ្ញុំឃើញថា លំនាំលើក្រណាត់បាទីក មានភាពស្រដៀងគ្នាជាច្រើនជាមួយក្រណាត់ចរបាប់វៀតណាម ដែលមានពណ៌ចម្រុះ ហើយត្រូវបានប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃជាច្រើនដូចជា ធ្វើសម្លៀកបំពាក់ ធ្វើថង់ កាបូប ឬតុបតែងផ្ទះជាដើម។ បទពិសោធន៍ថ្ងៃនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ខ្ញុំបានធ្វើផលិតផល បាទីក មួយដោយខ្លួនឯង ទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយ វាក៏ជាអនុស្សាវរីយ៍គួរឲ្យចងចាំដែរ”។

បាទីក មិនត្រឹមតែបង្ហាញពីភាពប្រណិតរបស់សិប្បករប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិទ្យាដ៏ជ្រាលជ្រៅក្នុងជីវិតមនុស្សផងដែរ។ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០០៩ បច្ចេកទេសជ្រលក់ពណ៌ប្រពៃណីបាទីក របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបាន UNESCO បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។
ក្រណាត់ បាទីក ឥណ្ឌូនេស៊ីនិយាយរួម និងលំនាំ បាទីក និយាយដោយឡែក មានភាពស្រដៀងគ្នាជាច្រើនជាមួយនឹងលំនាំក្រណាត់សូត្រនៅ វៀតណាម។ លំនាំទាំងនេះឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌កសិកម្មស្រូវទឹក របស់ប្រជាជនអាស៊ីអាគ្នេយ៍ ដូចជាការដាក់រូបភាពសត្វ និងរុក្ខជាតិទៅក្នុងផលិតផលនីមួយៗ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.