ដំបូលអាស៊ាន

ដំណើរឡើងកំពូលភ្នំ Fansipan - បទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់ភ្ញៀវទេសចរថៃ

ដំណើរឡើងកំពូលភ្នំ Fansipan - បទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់ភ្ញៀវទេសចរថៃ

(VOVWORLD) - Sa Pa ខេត្ត Lao Cai តាំងពីយូរណាស់មកហើយ បានក្លាយជាគោលដៅទេសចរណ៍ដែលមិនអាចរំលងបានសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ក្នុងនោះមានភ្ញៀវទេសចរថៃ នៅពេលដែលពួកគេមានឱកាសមកទស្សនាតំបន់ភាគខាងជើងប្រទេសវៀតណាម។ មកដល់ Sa Pa ទីកន្លែងដែលភ្ញៀវទេសចរភាគច្រើនចង់ទៅទស្សនានោះ គឺតំបន់ទេសចរណ៍ Sun World Fansipan Legend ហើយទទួលបទពិសោធន៍ឡើងកំពូលភ្នំ Fansipan - "ដំបូលឥណ្ឌូចិន" នៅរយៈកម្ពស់ ៣,១៤៣ ម៉ែត្រ។

ក្រុមភ្ញៀវទេសចរថៃមកទស្សនាតំបន់ទេសចរណ៍ Sun World Fansipan Legend។

ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសវៀតណាម លោក Paladej Pinprateep ភ្ញៀវទេសចរថៃម្នាក់ បានចំណាយរយៈពេលមួយថ្ងៃដើម្បីទៅទស្សនា Sa Pa ហើយទីកន្លែងដែលលោកអន្ទះសារចង់ទៅទស្សនាដំបូងគេនោះគឺតំបន់ទេសចរណ៍ Sun World Fansipan Legend។

“នៅអឺរ៉ុប គោលដៅទេសចរណ៍បែបនេះមានច្រើនណាស់ ប៉ុន្តែនៅអាស៊ីអត់មានទេ ព្រោះថាអត់មានកន្លែងស្ថិតនៅកំពស់យ៉ាងដូច្នេះ។ ចំណុចលេចធ្លោនៃកន្លែងនេះគឺមានភ្នំខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដែលនាំកន្លែងនេះក្លាយទៅជាកន្លែងអាជីវកម្មទេសចរណ៍ ដោយអនុវត្តន៍
បច្ចេកវិទ្យាពីប្រទេសស្វីស និងអាល្លឺម៉ង់។ ខ្ញុំមិនដឹងថា ការវិនិយោគសាងសង់បែបនេះចំណាយទឹកប្រាក់អស់ប៉ុន្មានលានដុល្លារទេ ប៉ុន្តែខ្ញុំគិតថាវាសក្តិសម។ ដោយសារតែការវិនិយោគនិង
សាងសង់បែបនេះនឹងនាំមកនូវប្រាក់ចំណេញ និងប្រាក់ចំណូល។ ហើយខ្ញុំឃើញថា រាប់ពីចំនួនភ្ញៀវទេសចរមកទីនេះ ច្បាស់ណាស់ថាភាគច្រើនគឺភ្ញៀវទេសចរថៃដែរ”។

Sun World Fansipan Legend ត្រូវបានសម្ព័ន្ធក្រុមហ៊ុន Sun Group វិនិយោគសាងសង់ ហើយដាក់ឱ្យដំណើរការនៅឆ្នាំ ២០១៦ នៅទីរួមខេត្ត Sa Pa ខេត្ត Lao Cai។ តំបន់ទេសចរណ៍នាំមក
ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តជាមួយនឹងបទពិសោធន៍រាប់មិនអស់ ដែលពោរពេញទៅដោយលក្ខណៈវប្បធម៌ និងសម្រស់ធម្មជាតិនៃតំបន់ភាគពាយ័ព្យ។ នោះគឺជាដំណើរឆ្លងកាត់ពពកដោយរថយន្តខ្សែកាប ៣ ខ្សែ វែងបំផុតលើពិភពលោក ដែលហោះហើរឆ្លងកាត់ព្រៃ Hoang Lien ធំល្វើងល្វើយ ដើម្បីទៅដល់ក្លោងទ្វារមេឃ Fansipan។ នោះគឺជាបរិវេណស្ថាបត្យកម្មវិញ្ញាណដ៏ស្អាតឆើត
ឆាយនៅលើ "ដំបូលឥណ្ឌូចិន" ជាមួយនឹងដំបូលវត្តផ្អៀងទល់នឹងចំណោទភ្នំថ្ម លាក់ខ្លួនក្នុងពពក ស្រស់ស្អាតដូចឋានសួគ៍។ រួមដំណើរជាមួយលោក Paladej Pinprateep ក្នុងដំណើរទៅទស្សនាកំពូលភ្នំ Fansipan លោក Banhan Bunkhet ភ្ញៀវទេសចរជនជាតិថៃម្នាក់ បានឲ្យដឹងថា នេះជាលើកទី២ហើយដែលលោកទៅដល់ Sa Pa ហើយលោកបានមើលឃើញយ៉ាងច្បាស់ពីការផ្លាស់ប្តូរនៃតំបន់ទេសចរណ៍ដ៏ល្បីល្បាញនេះ។

“លើកមុន ខ្ញុំទៅដល់ Sa Pa ប្រហែល ៦ ឆ្នាំមុន ពេលនោះ Sa Pa មិនរីកចម្រើនដូចសព្វថ្ងៃនេះទេ ហើយការធ្វើដំណើរពិបាកណាស់។ លើកមុនដែលខ្ញុំមកទីនេះ មិនមានរថភ្លើងឡើង Fansipan ទេ។ ខ្ញុំត្រូវដើរថ្មើជើងឡើង Fansipan ប៉ុន្តែនៅពាក់កណ្តាលផ្លូវ ខ្ញុំត្រូវចុះព្រោះហត់ណាស់។ លើកនេះ ទៅដល់ Sa Pa ពិតជាគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំបានអមដំណើរលោកសមាជិកព្រឹទ្ធសភាហើយក្រុមរបស់យើងបាន ដោតទង់ជាតិថៃនៅលើកំពូលភ្នំ Fansipan រួចហើយ។ នៅពេលដែលយើងចុះផ្សាយព័ត៌មានពីសកម្មភាពនេះ យើងទទួលបានសារជាច្រើនពីមនុស្សម្នានៅប្រទេសថៃដែលចាប់អារម្មណ៍លើព័ត៌មាននេះ”។

ទង់ជាតិវៀតណាមបក់រវីកៗលើកំពូលភ្នំ Fansipang។

Sa Pa ក៏ទាក់ទាញភ្ញៀវទេសចរ អាស្រ័យដោយមានពិធីបុណ្យក្នុងអំឡុងរដូវទាំង៤ ដែលត្រូវបានប្រារព្ធឡើងជាបន្តបន្ទាប់នៅតំបន់ទេសចរណ៍ Sun World Fansipan Legend ដែលនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏រស់រវើកបំផុតអំពីជីវភាពរបស់ប្រជាជននៅតំបន់ព្រៃភ្នំ ជាមួយ
នឹងស្នូរសម្លេងនៃត្រែស្លឹក ជាមួយនឹងសម្លៀកបំពាក់ចរបាប់ចម្រុះពណ៌ ឬរសជាតិដ៏ទាក់ទាញនៃមុខម្ហូបប្រចាំតំបន់ខ្ពង់រាប។ ដូច្នេះហើយ ក្នុងរយៈពេលត្រឹមមួយថ្ងៃឡើងកំពូលភ្នំ Fansipan ទស្សនាសំណង់វប្បធម៌ព្រលឹងវិញ្ញាណនិងទេសភាពនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញនេះតែប៉ុណ្ណោះ ភ្ញៀវទេសចរថៃទាំងអស់បានសម្តែងការចាប់អារម្មណ៍ចំពោះសំណង់ដ៏ប្រណិត ក៏ដូចជាទេសភាពដ៏ស្រស់បំព្រងនៅទីនេះ។

“នាពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរថៃប្រហែលជាមិនសូវស្គាល់ច្រើនពីគោលដៅទេសចរណ៍ Fansipan នេះទេ ប៉ុន្តែឆ្លងកាត់ពេលវេលា តាមរយៈការឧទ្ទេសនាម ការណែនាំ ប្រជាជនថៃនឹងមកដល់ទីនេះកាន់តែច្រើន។ ព្រោះថានៅទីនេះមានកន្លែងទេសចរណ៍ទាំងធម្មជាតិនិងវប្បធម៌ ក៏ដូចជារបៀបរស់នៅរបស់ជនជាតិភាគតិចផងដែរ។ ទីនេះមានភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន ដូច្នេះក៏ទាក់ទាញភ្ញៀវទេសចរលើទូទាំងពិភពលោកផងដែរ។ ទីនេះជាកន្លែងរស់នៅរបស់ជនជាតិ Mong ដែលជាជនជាតិភាគតិចនៃប្រទេសវៀតណាម។ ពួកគេមានស្រែកាំជណ្ដើរ មានវប្បធម៌ពិសេស មានសិល្បៈប៉ាក់ និងមុខម្ហូបប្លែកៗ។ រដ្ឋាភិបាលបានសាងសង់តំបន់ទេសចរណ៍នេះ ប៉ុន្តែជនជាតិ Mong នៅតែរស់នៅ ហើយរបៀបរស់នៅរបស់គេនៅតែត្រូវបានរក្សាដដែល។ ប្រសិនបើភ្ញៀវទេសចររាប់លាននាក់មកទីនោះ ពួកគេនឹងរីករាយជាមួយអាហារនៅទីនេះ និងផលិតផល
ពីវាលស្រែរាបស្មើរបស់ជនជាតិ Mong។

“ខ្ញុំសប្បាយចិត្តណាស់ដោយឃើញប្រជាជនថៃដើរលេងវៀតណាមយ៉ាងច្រើន ជាពិសេសនៅ Sa Pa។ រហូតដល់រាប់លាននាក់ក្នុងមួយឆ្នាំ។ វៀតណាម និងថៃជាបងប្អូន។ ខ្ញុំចូលចិត្តប្រទេសវៀតណាមខ្លាំងណាស់ ម្ហូបក៏ឆ្ងាញ់ អាកាសធាតុស្រួល ហើយទេសភាពធម្មជាតិក៏ស្រស់ស្អាតណាស់”។

នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានយល់ស្របនឹងផែនការកសាងអាកាសយានដ្ឋាន Sa Pa ឲ្យក្លាយជាអាកាសយានដ្ឋានអន្តរជាតិ។ ផែនការនេះនឹងជាជំហានទម្លុះទម្លាយក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៃតំបន់ភាគពាយ័ព្យទាំងមូល ដែលជះឥទ្ធិពលជាវិជ្ជមានដល់ការទទួលភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិដែលមកដល់ Sa Pa ក៏ដូចជាតំបន់ទេសចរណ៍ Sun World Fansipan Legend។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅខែមីនា ឆ្នាំ ២០២២ ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៦៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.