ព្រឹត្តិការណ៍

ពិភពលោកឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

ពិភពលោកឆ្លើយតបដោយប្រុងប្រយ័ត្នចំពោះហានិភ័យនៃវិបត្តិសេដ្ឋកិច្ច

(VOVWORLD) - នៅចំពោះមុខហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់ តែលេចឡើងយ៉ាងច្បាស់លាស់ ស្ថាប័នហិរញ្ញវត្ថុនិងអ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានដាក់ចេញការព្រមាន និងអនុសាសន៍ជាច្រើនជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ រដ្ឋាភិបាល និងខឿនសេដ្ឋកិច្ចចាំបាច់ត្រូវមានការប្រុងប្រយ័ត្នជាពិសេស នៅពេលអនុវត្តន៍ដំណោះស្រាយ និងសកម្មភាពសម្រាប់ឆ្លើយតបជាមួយនឹងអតិផរណាដែលកំពុង្ងស្ថិតក្នុងកំណត់ត្រាខ្ពស់ នាពេលបច្ចុប្បន្ន។

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva  (រូបថត៖ Reuters)

នៅក្នុងការប្រកាសជាផ្លូវការថ្មីបំផុតកាលពីថ្ងៃទី ៦ ខែតុលា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលអូសបន្លាយពេលយូរ។ ក្នុងនោះ កំណើនសេដ្ឋកិច្ចនៅតាមប្រទេសធំៗ សុទ្ធតែធ្លាក់ចុះ។ មុននោះ  ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកវិភាគជាច្រើនក៏បានចេញការព្រមាន និងការព្យាករណ៍ស្រដៀងគ្នានេះផងដែរ ដោយឆ្លុះបញ្ចាំងពីការពិតគួរឲ្យព្រួយបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក។

ស្ថានភាពជាក់ស្តែងនិងការព្យាករណ៍គួរឱ្យព្រួយបារម្ភ

យោងតាមការប៉ាន់ប្រមាណរបស់ IMF ក្នុងដំណាក់កាលពីបច្ចុប្បន្នដល់ឆ្នាំ ២០២៦GDP សកលនឹង ខាតបង់ប្រហែល ៤ ពាន់ពាន់លានដុល្លាអាមេរិក ដែលស្មើនឹង GDP នៃសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប គឺសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានពណ៌នាការខាតបង់នេះថាជា "ជំហានថយក្រោយដ៏ធំសម្រាប់សេដ្ឋកិច្ចពិភពលោក"។ ស្ថាប័នហិរញ្ញវត្ថុសកលបានវាយតម្លៃថា មានកត្តាសំខាន់ៗចំនួនបីដែលគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោកនោះគឺ៖ វិបត្តិថាមពលនៅអឺរ៉ុប ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន; អតិផរណាខ្ពស់នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកគឺសហរដ្ឋអាមេរិក ហើយការអភិវឌ្ឍន៍មិនល្អនៅក្នុងទីផ្សារអចលនទ្រព្យនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកគឺប្រទេសចិន។ ជាមួយនឹងស្ថានភាពជាក់ស្តែងនេះ IMF បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP សកលនៅឆ្នាំ ២០២២ មកត្រឹម ៣,២% និងឆ្នាំ ២០២៣ ចុះត្រឹម  ២,៩% ហើយ ទាបជាង ០,៤% និង ០,៧% បើប្រៀបនឹងការព្យាករណ៍មុននេះបីខែ។

ដូចគ្នានេះដែរ នៅក្នុងរបាយការណ៍ចេញផ្សាយកាលពីថ្ងៃទី ៥ ខែតុលា អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បានទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៣ ពីកម្រិត ៣,៣% ចុះត្រឹម ២,៣%  ដែលបានព្យាករណ៍មុននោះ។ មិនត្រឹមតែប៉ុណ្ណោះ WTO បានព្រមានថា អត្រានេះអាចថយចុះកាន់តែច្រើន ប្រសិនបើធនាគារកណ្តាលដំឡើងអត្រាការប្រាក់យ៉ាងចាស់ដៃ ដើម្បីទប់ស្កាត់អតិផរណា។ សម្រាប់សកម្មភាពពាណិជ្ជកម្មដោយឡែក អង្គការ WTO ព្យាករណ៍ថា ការនាំចូល និងការនាំចេញសកលនឹងកើនឡើងត្រឹមតែ ១% ក្នុងឆ្នាំ ២០២៣ ពោលគឺ តិចជាងមួយភាគបីនៃកម្រិតកំណើន ៣,៤% នៅក្នុងការព្យាករណ៍ពីមុននោះ។

នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុត គឺសហរដ្ឋអាមេរិក មជ្ឈដ្ឋានធុរកិច្ចនៃប្រទេសនេះក៏មើលឃើញពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចយ៉ាងច្បាស់ណាស់ដែរ។ ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែតុលា របស់ក្រុមហ៊ុនសវនកម្មឈានមុខគេរបស់ពិភពលោក KPMG (មានមូលដ្ឋាននៅប្រទេសហូឡង់) ដែលអនុវត្តន៍សម្រាប់អ្នកដឹកនាំ ៤០០ នាក់ (CEO) នៃក្រុមហ៊ុនធំ ៗ របស់សហរដ្ឋអាមេរិកបានបង្ហាញថា៖ ចំនួន ៩១% នៃនាយកប្រតិបត្តិព្យាករណ៍ថា វិបត្តិសេដ្ឋកិច្ចនឹងកើតក្នុងរយៈពេល ១២ ខែខាងមុខ។ មានតែនាយកប្រតិបត្តិចំនួន ៣៤% ប៉ុណ្ណោះ ដែលត្រូវបានស្ទង់មតិគិតថា វិបត្តិសេដ្ឋកិច្ចនឹងមានលក្ខណៈស្រាល និងប្រព្រឹត្តទៅរយៈពេលខ្លី។ មុននោះ  ការស្ទង់មតិដែលបានចេញផ្សាយនៅក្នុងខែកញ្ញាដោយក្រុមហ៊ុនប្រឹក្សា Marcum និងសាលាអាជីវកម្ម Frank G. Zarb នៃសាកលវិទ្យាល័យ Hofstra (សហរដ្ឋអាមេរិក) ក៏បានបង្ហាញលទ្ធផលស្រដៀងគ្នាដែរ ជាមួយនឹង CEO ជាង ៩០% នៃក្រុមហ៊ុនខ្នាតមធ្យមនៅសហរដ្ឋអាមេរិក ដែលមានការព្រួយបារម្ភអំពី ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។

ចំពោះទស្សនវិស័យស្រាវជ្រាវទាំងមូល អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិជាច្រើនបានចង្អុលបង្ហាញពីសញ្ញាជាបន្តបន្ទាប់ដែលថា សេដ្ឋកិច្ចពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច ដូចជាការឡើងថ្លៃខ្លាំងរបស់ប្រាក់ដុល្លារ; សន្ទុះនៅក្នុងសេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ; សហគមន៍អាជីវកម្មរឹតបន្តឹងការចំណាយ និងការវិនិយោគ រួមទាំង ទីផ្សារភាគហ៊ុនធ្លាក់ចុះ; អស្ថិរភាពភូមិសាស្ត្រនយោបាយកើនឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោក…ជាដើម។

ធ្វើសកម្មភាពប្រកបដោយការប្រុងប្រយ័ត្ន

នៅចំពោះមុខហានិភ័យនៃវិបត្តិសេដ្ឋកិច្ចពិភពលោកកាន់តែលេចឡើងយ៉ាងច្បាស់ លាស់ អង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងអ្នកជំនាញសេដ្ឋកិច្ចបានដាក់ចេញនូវអនុសាសន៍ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យរដ្ឋាភិបាលនានា ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ ចាំបាច់ត្រូវចាត់វិធានការយ៉ាងប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងវិធានការទប់ទល់នឹងអតិផរណា។ ក្នុងនោះ ត្រូវយកចិត្តទុកដាក់ជាពិសេស ចំពោះមុខសញ្ញាដែលងាយរងគ្រោះ និងរងផលប៉ះពាល់ធ្ងន់បំផុត។

ថ្លែងមតិនៅសកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) នៅថ្ងៃទី ៦ ខែតុលា អគ្គនាយក IMF លោកស្រី Kristalina Georgieva បានលើកច្បាស់ថា ការរឹតបន្តឹងរូបិយវត្ថុច្រើនពេក នឹងជំរុញឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងយូរ។ ដូច្នេះ រដ្ឋាភិបាលត្រូវបានលើកទឹកចិត្តឱ្យឆ្លើយតបជាមួយនឹងគោលនយោបាយសារពើពន្ធបណ្តោះអាសន្ន ដែលមានគោលដៅ ដើម្បីគាំទ្រក្រុមដែលរងគ្រោះខ្លាំងបំផុត។

ដូចគ្នានេះផងដែរ របាយការណ៍ប្រចាំឆ្នាំស្តីពីយថាទស្សនសេដ្ឋកិច្ចសកលរបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) ដែលបានចេញផ្សាយកាលពីដើមខែនេះក៏បានព្រមាន ថា ការរឹតបន្តឹងនូវគោលនយោបាយរូបិយវត្ថុ (ការដំឡើងអត្រាការប្រាក់) នឹងបង្កឱ្យមានការខាតបង់បន្ថែមដោយជៀសមិនរួច។ UNCTAD អះអាងថា ការដំឡើងអត្រាការប្រាក់មិនបានជួយការដោះស្រាយការខ្វះខាតស្បៀងអាហារ និងថាមពលនោះទេ។ ដូច្នេះ អ្នកបង្កើតគោលនយោបាយគួរតែផ្តោតលើវិធានការដូចជា ការកំណត់តម្លៃថាមពល ការបង្កើនថវិកាពីការកើនឡើងនៃប្រាក់ចំណូលពន្ធ និងប្រាក់ចំណេញរបស់ក្រុមហ៊ុនថាមពល...។ អគ្គលេខាឌធិការ UNCTAD Rebeca Grynspan បានជឿជាក់ថា “នៅមានពេលវេសាសម្រាប់យើងរួចផុតពីជ្រោះហានិភ័យ។ យើងមានឧបករណ៍ដើម្បីបញ្ចុះកំដៅអតិផរណា និងឧបត្ថម្ភដល់ក្រុមងាយរងគ្រោះទាំងអស់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.