ព្រឹត្តិការណ៍

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៣ ដែលបោះឆ្នោតជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម

ព្រឹត្តិការណ៍និងបញ្ហាអន្តរជាតិលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២៣ ដែលបោះឆ្នោតជ្រើសរើសដោយវិទ្យុសំឡេងវៀតណាម

(VOVWORLD) -

រូបថត៖ Reuters

១. សង្គ្រាមនិងជម្លោះបានផ្ទុះឡើងនៅទីកន្លែងជាច្រើនលើពិភពលោក

កាលពីថ្ងៃទី៧ ខែតុលា ចលនាអ៊ីស្លាមហាម៉ាស ដែលជាកម្លាំងកាន់អំណាចនៅតំបន់ហ្គាហ្សា បានបើកការវាយប្រហារគួរឲ្យភ្ញាក់ផ្អើលទៅលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាង ៧០០នាក់ និងចាប់ខ្លួនពលរដ្ឋអ៊ីស្រាអែលជាង ១០០នាក់។ ជាការឆ្លើយតប រដ្ឋាភិបាលអ៊ីស្រាអែលបានបើកយុទ្ធនាការយោធាដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៧៣ មក ដើម្បីវាយប្រហារលើតំបន់ហ្គាហ្សា ក្នុងគោលដៅកំចាត់កងកម្លាំងហាម៉ាសទាំងស្រុង។ ជម្លោះ ហាម៉ាស-អ៊ីស្រាអែល នៅតែបន្តជាមួយនឹងភាពកាចសាហាវកាន់តែខ្លាំងឡើងៗ ដែលបណ្តាលឲ្យមនុស្សជាង ២ ម៉ឺននាក់នៃភាគីទាំងសងខាងស្លាប់ ដែលបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។

ជម្លោះរុស្ស៊ី-អ៊ុយក្រែនឈានចូលដល់ឆ្នាំទីពីរហើយដោយមានភាពសាហាវមិនទាន់ថយចុះ។ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាការទូតណាមួយបង្ហាញថា ទាំងរុស្ស៊ី និងអ៊ុយក្រែន នឹងអង្គុយនៅតុចរចាដើម្បីបញ្ចប់ជម្លោះនោះទេ។

ជម្លោះផ្សេងទៀតដែលកើតឡើងនៅក្នុងប្រទេសស៊ូដង់ មីយ៉ាន់ម៉ា យេម៉ែន... រួមជាមួយនឹងការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់របស់ស.ប.បកូរ៉េ និងការដែលប្រទេសជាច្រើនបានបង្កើនការវិនិយោគផ្នែកយោធា បានបង្ហាញឲ្យឃើញពិភពលោកមួយពោរពេញទៅដោយអស្ថិរភាព។ ជម្លោះជាបន្តបន្ទាប់បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសកល ក៏ដូចជាសេដ្ឋកិច្ចនយោបាយពិភពលោកផងដែរ។

រូបថត៖ Reuters

២. សេដ្ឋកិច្ចសកលជាប់គាំងនិងអាប់អួរ

ផលវិបាកនៃជំងឺរាតត្បាត Covid-១៩ ជម្លោះជាបន្តបន្ទាប់ និងអស្ថិរភាពនយោបាយនៅក្នុងតំបន់ជាច្រើន បានបណ្ដាលឱ្យឆ្នាំ ២០២៣ បន្តជាឆ្នាំអាប់អួរសម្រាប់សេដ្ឋកិច្ចពិភពលោក។ ការធ្វើពាណិជ្ជកម្មទំនិញបានធ្លាក់ចុះ អតិផរណាកើនឡើង ហើយបំណុលសាធារណៈរបស់ប្រទេសជាច្រើនក៏ហក់ឡើងផងដែរ។ ធនាគារពិភពលោក (WB) ចាត់ទុកថា កំណើនសេដ្ឋកិច្ចសកលនឹងមិនលើសពី ២,១% ខណៈពេលដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប៉ាន់ប្រមាណថា កំណើនត្រឹមតែនៅកម្រិត ៣% ប៉ុណ្ណោះ។ ការលំបាកដែលមិនទាន់ដោះស្រាយបាន បណ្ដាលឱ្យការព្យាករណ៍ពីសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៤ អាចអាប់អួរជាងទៀត។

រូបថត៖ Reuters

៣. គ្រោះមហន្តរាយនិងគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរ

ការរញ្ជួយដីនៅទួរគី ស៊ីរី ម៉ារ៉ុក អាហ្វហ្គានីស្ថាន និងចិន ... បណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់ស្លាប់; ទឹកជំនន់នៅលីប៊ី សូម៉ាលី មីយ៉ាន់ម៉ា; គ្រោះភ្លើងឆេះព្រៃនៅហាវ៉ៃ គ្រោះរាំងស្ងួតនៅអាស៊ីខាងត្បូង...ឆ្នាំ ២០២៣ បានក្លាយជាឆ្នាំដែលមានគ្រោះមហន្តរាយធម្មជាតិជាច្រើន និងជាឆ្នាំក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ។ បម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ហើយប៉ះពាល់ដល់ប្រទេសទាំងអស់ ដែលទាមទារឱ្យសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមត្រូវតែពិចារណាពីផលវិបាករយៈពេលវែងទៅលើបរិស្ថាន។

រូបថត៖ Reuters

៤. ពង្រីកអង្គការពហុភាគី៖ បង្កើនតួនាទីនៃប្រទេសកំពុងអភិវឌ្ឍន៍

សហភាពអាហ្រ្វិកត្រូវបានបញ្ចូលទៅក្នុង G២០ (ក្រុមខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក) នៅក្នុងកិច្ចប្រជុំកំពូល G២០ ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែកញ្ញាឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌា; ក្រុម BRICS (ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង) បានសម្រេចចិត្តទទួលយកប្រទេសសមាជិកចំនួន ៦ បន្ថែមទៀតចាប់ពីដើមឆ្នាំ ២០២៤។ ការពង្រីកអង្គការពហុភាគីត្រូវបានចាត់ទុកថាជាកាយវិកាដ៏សំខាន់មួយ ដោយបានបង្ហាញពីតួនាទីកាន់តែខ្ពស់របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ និងខឿនសេដ្ឋកិច្ចទើបលេចចេញ ក្នុងការជំរុញពហុភាគីនិយម និងការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មីឲ្យមានការសមស្របនឹងតថភាពជាក់ស្ដែងនៃពិភពលោកនាពេលបច្ចុប្បន្ននេះ។

រូបថត៖ Reuters

៥. កិច្ចប្រជុំកំពូលអាមេរិក-ចិន៖ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងការប្រកួតប្រជែងយុទ្ធសាស្ត្រ

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បានចូលរួមកិច្ចប្រជុំកំពូលសំដៅកាត់បន្ថយភាពតានតឹង និងស្វែងរកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាងមុន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ នេះជាជំនួបផ្ទាល់រវាងប្រធានាធិបតីអាមេរិក និងប្រធានរដ្ឋចិន ក្រោយរយៈពេលប្រហែលមួយឆ្នាំ ក្នុងបរិបទដែលភាពតានតឹងក្នុងទំនាក់ទំនងអាមេរិក-ចិន បន្តកើនឡើង ដោយសារតែបញ្ហាតៃវ៉ាន់ ករណីដែលអាមេរិកបាញ់ទម្លាក់បាឡុងខ្យល់ក្តៅរបស់ចិន និងជម្លោះទាក់ទងនឹងពាណិជ្ជកម្ម បច្ចេកវិទ្យាអេឡិចត្រូនិក និងសន្តិសុខតាមអ៊ីនធឺណិត។ ទោះបីជាសម្រេចបានវឌ្ឍភាពជាក់ស្ដែងមួយចំនួនក៏ដោយ ប៉ុន្តែនិន្នាការនៃការប្រកួតប្រជែងឥទ្ធិពលរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងក្នុងវិស័យសំខាន់ៗ ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង។

រូបថត៖ Reuters

៦. រដ្ឋប្រហារកើតឡើងជាបន្តបន្ទាប់នៅបណ្ដាប្រទេសអាហ្វ្រិក

ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ រដ្ឋប្រហារចំនួន ២ ដែលដឹកនាំដោយកងកម្លាំងយោធាបានកើតឡើងនៅប្រទេសនីហ្សេ និងហ្គាបុង ដោយពង្រីករលកនៃរដ្ឋប្រហារនៅទ្វីបអាហ្រ្វិកអស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ ហើយបង្កឡើងផលវិបាកដ៏ធ្ងន់ធ្ងរជាច្រើន ធ្វើឱ្យសឹករិចរិលរបៀបរបបប្រជាធិបតេយ្យនៅទ្វីបនេះ ប៉ះពាល់យ៉ាងអវិជ្ជមានដល់សេដ្ឋកិច្ច ហើយបង្កើនហានិភ័យនៃអំពើភេរវកម្មផងដែរ។ អស្ថិរភាពនយោបាយបណ្ដាលឱ្យបញ្ហាភាពក្រីក្រ វិសមភាពសង្គមកាន់តែធ្ងន់ធ្ងរឡើង។ ទ្វីបអាហ្រ្វិកនឹងនៅតែប្រឈមនឹងបញ្ហានានាដូចជាជម្លោះ ការបែកបាក់ខាងសេដ្ឋកិច្ច សន្តិសុខ និងជាតិសាសន៍។

រូបថត៖ Reuters

៧. បញ្ញាសិប្បនិម្មិត (AI) អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៖ ឱកាសនិងហានិភ័យ

ក្នុងឆ្នាំ ២០២៣ បន្ទាប់ពី "ការបាញ់កាំភ្លើង" ដំបូងនៃ Chat GPT កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជាបន្តបន្ទាប់ទៀត ដូចជា Google Bard, Microsoft Bing, Whisper, Midjourney, DALL-E... បានបង្កើតឡើងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកដល់គ្រប់វិស័យនៃជីវភាពពិភពលោក។ ទោះបីជារដ្ឋាភិបាលជាច្រើនបានខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នភាវូបនីយកម្មនូវការគ្រប់គ្រង AI ក៏ដោយ ប៉ុន្តែការអភិវឌ្ឍយ៉ាងលឿនពេករបស់ AI នៅតែបង្កឱ្យមានការព្រួយបារម្ភជាច្រើនអំពីទិដ្ឋភាពអវិជ្ជមានដែលអាចប៉ះពាល់ដល់មនុស្ស និងសង្គម នោះគឺហានិភ័យអសន្តិសុខ អំពើបោកបកប្រាស់តាមអ៊ិនធឺរណិត; ឬការព្រួយបារម្ភថា AI អាចមានភាពជឿនលឿនដូចបញ្ញាមនុស្ស ឬឆ្លាតវៃជាងមនុស្ស។ របៀបធ្វើយ៉ាងណាដើម្បីការអភិវឌ្ឍរបស់ AI បម្រើដល់វឌ្ឍនភាពរបស់មនុស្សជាតិ ខណៈដែលកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យានេះគឺជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់ពិភពលោក។

រូបថត៖ Reuters

៨. COP២៨ ជាមួយនឹងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីឥន្ធនៈហ្វូស៊ីល

ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៣ គឺជាការបោះជំហាន "ប្រវត្តិសាស្ត្រ" នៅពេលដែលសន្និសីទអាកាសធាតុលើកទី ២៨ (COP28) នៅទីក្រុងឌូបៃ បានអនុម័តលើកិច្ចព្រមព្រៀងពិសេសមួយ ដែលអំពាវនាវឱ្យផ្លាស់ប្ដូរការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅក្នុងប្រព័ន្ធថាមពល ដោយយុត្តិធម៌ សណ្តាប់ធ្នាប់ និងសមហេតុផល ឆ្ពោះទៅរកការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យត្រឹមឆ្នាំ ២០៥០ បង្កើនសមត្ថភាពថាមពលកកើតឡើងវិញសកល ៣ ដងត្រឹមឆ្នាំ ២០៣០។ កិច្ចព្រមព្រៀងនេះបញ្ជាក់ពីការចាប់ផ្តើមនៃយុគសម័យដែលមនុស្សជាតិលាពីថាមពលហ្វូស៊ីល ដើម្បីការពារផែនដីពីការកើនឡើងនៃសីតុណ្ហភាព ជាមួយនឹងផលវិបាកលើសពីការគ្រប់គ្រង។ កិច្ចព្រមព្រៀងនេះទទួលបានការគាំទ្រពីសមាជិកជិត ២០០ ដែលចូលរួម COP28 ប៉ុន្តែបញ្ហាបន្ទាប់គឺសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត។

រូបថត៖ Reuters

៩. ឥណ្ឌាមានមហិច្ឆតាក្លាយជាមហាអំណាចក្នុងការរុករកអវកាស

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ ជាលើកដំបូងដែលយានអវកាសឥណ្ឌាបានចុះចតដោយជោគជ័យលើប៉ូលខាងត្បូងនៃព្រះច័ន្ទ ដែលនាំឱ្យឥណ្ឌាក្លាយជាប្រទេសទីបួនដែលបានចុះចតនៅលើឋានព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងសហភាពសូវៀត (ចាស់) ហើយជាប្រទេសដំបូងគេដែលមានយានអវកាសចុះចតដោយជោគជ័យនៅប៉ូលខាងត្បូង ដែលត្រូវបានចាត់ទុកថាជា "ផ្នែកងងឹតនៃឋានព្រះច័ន្ទ"។ បន្ទាប់នោះ នៅថ្ងៃទី ២ ខែកញ្ញា ឥណ្ឌាបានបាញ់បង្ហោះយានអវកាសទៅស្រាវជ្រាវព្រះអាទិត្យ។ ជោគជ័យទាំងនេះបាននាំឱ្យឥណ្ឌាក្លាយជាប្រទេសមហាអំណាចសកលក្នុងវិស័យអវកាស។

រូបថត៖ Reuters

១០. ពិភពលោកឆ្លងកាត់ជំងឺរាតត្បាត Covid-១៩ ជាផ្លូវការ៖ ផលវិបាក និងមេរៀន

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី៥ ខែឧសភា បានប្រកាសបញ្ចប់ភាពអាសន្នជាសកល ជាមួយនឹងជំងឺរាតត្បាត Covid-១៩។ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់វិបត្តិសុខាភិបាលសកលដ៏ធំបំផុតក្នុងរយៈពេលជាងមួយសតវត្សកន្លងមក ក្រោយពីការរីករាលដាលអស់រយៈពេលជាង ៣ ឆ្នាំ។ ករណីមនុស្សជាង ៧៦៥ លានត្រូវបានបញ្ជាក់ឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពីជំងឺរាតត្បាតនេះផ្ទុះឡើង ក្នុងនោះមានអ្នកស្លាប់ជិត ៧ លាននាក់។ ផលវិបាកដ៏ក្រៀមក្រំនៃការជំងឺរាតត្បាត Covid-១៩ បន្សល់ទុកនូវសំណួរដ៏ធំមួយចំពោះពិភពលោកអំពីសមត្ថភាពរបស់មនុស្សជាតិក្នុងការទប់ទល់នឹងជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរ និងការដោះស្រាយផលវិបាកខាងសេដ្ឋកិច្ច សង្គម នយោបាយ ... ដែលជំងឺរាតត្បាតបង្កឡើង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.