ព្រឹត្តិការណ៍

ទាញយកផលប្រយោជន៍ពី EVFTA និង EVIPA ដើម្បី​បង្កើនឱកាស​អភិវឌ្ឍន៍ និងសមាហរណកម្ម

ទាញយកផលប្រយោជន៍ពី EVFTA និង EVIPA ដើម្បី​បង្កើនឱកាស​អភិវឌ្ឍន៍ និងសមាហរណកម្ម

(VOVWORLD) - នាថ្ងៃទី ៨ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តជាផ្លូវការលើសេចក្តីសម្រេចចិត្តស្ដីពីការផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម ជាមួយសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពាំរវិនិយោគរវាងវៀតណាមជាមួយបណ្ដាប្រទេសជាសមាជិកនៃ សហភាពអឺរ៉ុប (EVIPA)។ នេះជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ ហើយជាសញ្ញាសម្គាល់ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម - EU និយាយរួម ក៏ដូចជាបើកចេញឱកាសអភិវឌ្ឍន៍ និងសមាហរណកម្មរបស់វៀតណាមនាពេលខាងមុខ។

 (រូបថត៖ TTXVN)

បំពេញបទៅនឹងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត

ជំងឺរាតត្បាត COVID – 19 បានជះឥទ្ធិពលដល់ស្ថានភាពផលិតកម្ម និងការនាំចេញ - នាំចូលរបស់វៀតណាម និងដៃគូនានារបស់វៀតណាមនៅទូទាំងពិភពលោក។ ក្នុងបរិបទនេះ ការដែលកិច្ចព្រមព្រៀង EVFTA បានចូលជាធរមានគឺមានអត្ថន័យដ៏សំខាន់ ជួយបំពេញទៅនឹងការធ្លាក់ចុះនៃខឿនសេដ្ឋកិច្ចក្នុងអំឡុងពេលមានជំងឺរាតត្បាត។ សម្រាប់ភាគីសហគ្រាស EVFTA នឹងនាំមកនូវឱកាសទីផ្សារពិពិធិកម្ម ហើយជួយសហគ្រាសទទួលបានសន្ទុះកំណើនក្រោយពីជំងឺរាតត្បាត។

ជាក់ស្តែងនាពេលកន្លងទៅ នៅទីផ្សារអឺរ៉ុបសហគ្រាសវៀតណាម រងការប្រកួតប្រជែងជាច្រើនពីសហគ្រាសធំៗនៅលើពិភពលោក។ ដូច្នេះចំណែកទីផ្សារទំនិញរបស់វៀតណាមនៅ EU នៅមានកម្រិត។ គួរកត់សម្គាល់ថា តម្លៃប្រាក់នាំចេញ របស់វៀតណាមទៅកាន់ EU មាន ត្រឹមតែជាង ៤២% ប៉ុណ្ណោះ ត្រូវបានលើកលែងពន្ធ តាមកម្មវិធី អនុគ្រោះពន្ធទូទៅ (GSP) ។ដូច្នេះយោងតាមលោក Tran Thanh Hai អនុប្រធាននាយកដ្ឋាននាំចេញនិងនាំចូល នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា ដោយមានការសន្យាបើកចំហទីផ្សារយ៉ាងខ្លាំងក្លា និងការសន្យាលុបបំបាត់ពន្ធនាំចូល រហូតដល់ជិត ១០០ % នៃបញ្ជីពន្ធ EVFTA នោះ ឱកាសបង្កើនការនាំចេញរបស់វៀតណាមគឺធំធេងណាស់ ជាពិសេសគឺនៅពេលដែលវៀតណាមបានគ្រប់គ្រងជំងឺរាតត្បាត COVID-19 ហើលសហគមន៍ធុរជនវៀតណាមមានឱកាសម្ចាស់ការច្រើនជាង បើប្រៀបធៀបនឹងសហគ្រាសនៅបណ្ដាប្រទេសដទៃទៀត។ លោក Tran Thanh Hai បានឲ្យដឹងថា៖

“ទីផ្សារ EU  គឺជាទីផ្សារដ៏ធំមួយហើយក៏កំពុង បង្កើតឡើង រាល់តម្លៃខ្ពស់ក្នុង សកម្មភាពនាំចេញ នាំចូលរបស់វៀតណាម។ នេះក៏ជាទីផ្សារសម្រាប់ទំនិញប្រពៃណី ដែលមានប្រៀបខ្លាំង ដូចជា តម្បាញកាត់ដេរ ស្បែកជើង កសិ - ជលផល និងគ្រឿងឈើ។ នារយៈពេលកន្លងទៅ វៀតណាមបានជ្រៀតចូល និងពង្រីកទំហំពាណិជ្ជកម្មនៅទីផ្សារនេះ។ ការដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាននោះ យើងនឹងមានភាពងាយស្រួលថែមទៀតក្នុងការអភិក្រមទីផ្សារ ខណៈដែលទំនិញភាគច្រើនដែលនាំចេញទៅតំបន់នេះនឹងត្រូវបានលើកលែងពន្ធ“។

ទាក់ទងនឹងការនាំចូល សហគ្រាសវៀតណាមក៏នឹងទទួលបានផលប្រយោជន៍ពីប្រភពទំនិញនិងវត្ថុធាតុដើម ដែលនាំចូលប្រកបដោយគុណភាព និងស្ថិរភាពក្នុងតម្លៃសមរម្យ ពី EU។ លោក Tran Hoang Ngan  សមាជិក សភាទីក្រុងហូជីមិញបានចាត់ទុកថា៖

“វៀតណាមមិនត្រឹមតែបាននាំចេញទំនិញទៅកាន់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនាំចូលទំនិញពីអឺរ៉ុបទៀតផង ហើយអតិថិជនក៏អាចទិញទំនិញពី អឺរ៉ុបក្នុងអត្រាពន្ធ ០% ផងដែរ។ នាបច្ចុប្បន្ននេះ តម្លៃប្រាក់នាំចេញទ្វេភាគីសរុបចំនួន ៥៧,២ ពាន់លានដុល្លារអាមេរិកនោះ វៀតណាមបាននាំចូល ១៥ ពាន់លានដុល្លារអាមេរិក ពោលគឺភាគច្រើនជាគ្រឿងម៉ាស៊ីន ឱសថ និងគ្រឿងសំអាង។ នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន អតិថិជនវៀតណាមអាចទិញទំនិញដែលមានស្ដង់ដារអឺរ៉ុប ត្រូវបានលើកលែងពន្ធ។ ប្រការនេះពិតជាមានផលប្រយោជន៍សម្រាប់សហគ្រាស និងអតិថិជនណាស់“។

បន្តសុក្រឹតរបៀបរបប សំដៅកែលម្អបរិយាកាសវិនិយោគ

រួមជាមួយកិច្ចព្រមព្រៀង EVFTA នោះ ការអនុវត្តន៍រាល់ការសន្យាតាមកិច្ចព្រមព្រៀង EVIPA នឹងជាកម្លាំងចលករជំរុញវៀតណាមបន្តសុក្រឹតរបៀបរបប គោលនយោបាយ សំដៅកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មតាមទិសដៅកាន់តែងាយស្រួល សមភាព សុវត្ថិភាព តម្លាភាព និងស្និទ្ធិស្នាលថែមទៀតសម្រាប់វិនិយោគិនគ្រប់រូបនៃវិស័យសេដ្ឋកិច្ច។លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា បានឲ្យដឹងថា៖

“ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងទាំងនេះ នឹងនាំមកនូវឱកាសទាក់ទាញទុនវិនិយោគបរទេស ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម អភិក្រមខឿនឧស្សាហកម្មទំនើប បច្ចេកវិទ្យាថ្មី និងបច្ចេកវិទ្យាស្អាតពីបណ្តាប្រទេសអឺរ៉ុប។រួមជាមួយកិច្ចព្រមព្រៀង EVFTA នោះ កិច្ចព្រមព្រៀង EVIPA នឹងនាំមកនូវផលបយោជន៍ជាច្រើន ក្នុងការទាក់ទាញការវិនិយោគពីបណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ក៏ដូចជាបង្កើតឱកាសសម្រាប់វិនិយោគិនវៀតណាមផងដែរ“។

សហគមន៍អ៊ឺរ៉ុប (EU) ដែលមានទីផ្សារប្រជាជនចំនួន ៥០៨ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ប្រមាណ ១៨.០០០ ពាន់លានដុល្លារអាមេរិក គឺជាទីផ្សារដែលពោរពេញទៅដោយសក្តានុពល ហើយមិនអាចរំលងបានរបស់វៀតណាម។ ការដែលរដ្ឋសភាបានអនុម័តជាផ្លូវការលើ EVFTA និង EVIPA នោះ ផ្លូវសម្រាប់វៀតណាមអភិក្រមជាមួយទីផ្សារ EU កានតែទូលំទូលាយថែមទៀត ក៏ដូចជាបង្កើនឱកាសអភិវឌ្ឍសេដ្ឋកិច្ចផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.