ព្រឹត្តិការណ៍

EU និងការខិតខំប្រឹងប្រែងចុងក្រោយ សំដៅ​ដោះស្រាយ​រាល់បញ្ហា​នៅសេសសល់​ក្នុង​ឆ្នាំ ២០២០

EU និងការខិតខំប្រឹងប្រែងចុងក្រោយ សំដៅ​ដោះស្រាយ​រាល់បញ្ហា​នៅសេសសល់​ក្នុង​ឆ្នាំ ២០២០

(VOVWORLD) - នាប៉ុន្មានថ្ងៃចុងឆ្នាំ ២០២០ - ជាឆ្នាំមួយ ដែលត្រូវបានវាយតម្លៃថាមានបញ្ហាប្រឈមដ៏ធំៗសម្រាប់សហភាពអឺរ៉ុប (EU) ខណៈដែលអង្គការនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយឲ្យបានដាច់ស្រេចរាល់បញ្ហានៅសេសសល់។

 ប្រធានាធិបតីបារាំងលោក Emmanuel Macron (ឆ្វេង) និងលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EU) នៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី ១០ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ REUTERS / TTXVN)

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ បណ្ដាថ្នាក់ដឹកនាំមកពីប្រទេសជាសមាជិក EU ទាំង ២៧ បានបើកកិច្ចប្រជុំពិសេសនៅ ទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ជាមួយរបៀបវារៈ សំដៅដោះស្រាយភារកិច្ចដ៏ធ្ងន់ធ្ងរជាច្រើនរបស់ប្លុក ជាពិសេសគឺការអនុម័តលើផែនការហិរញ្ញវត្ថុដ៏សំខាន់ក្នុងរយៈ ពេលវែង។

ការបោះជំហាន ឆ្ពោះទៅមុខដ៏សំខាន់

ក្នុងថ្ងៃបើកកិច្ចប្រជុំនេះ បណ្ដាថ្នាក់ដឹកនាំ EU សម្រេចបានកិច្ចព្រមព្រៀងដ៏សំខាន់ស្ដីពីថវិកា EU ដំណាក់កាល ២០២១-២០២៧ ជាមួយកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញ ដែលមានតម្លៃ ១ ៨០០ ពាន់លានអឺរ៉ូ (ស្មើនឹង ២ ១៩០ ពាន់លានដុល្លារអាមេរិក) សំដៅដោះស្រាយ ផលវិបាកផ្នែកសេដ្ឋកិច្ច សង្គមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ។ កញ្ចប់ស្តារឡើងវិញនេះ រួមមានថវិកាសម្រាប់រយៈពេល ៧ ឆ្នាំខាងមុខ ដែលមានតម្លៃ ១ ១០០ ពាន់លានអឺរ៉ូ និងកញ្ចប់ស្តារឡើងវិញ ដែលមានឈ្មោះថា “ ជំនាន់ថ្មីរបស់ EU” ដែលមានតំលៃ ៧៥០ ពាន់លានអឺរ៉ូ។ ក្រៅពីការជួយឧបត្ថម្ភដល់ការស្តារឡើងវិញ ដោយសារជំងឺកូវីដ ១៩ នោះ កញ្ចប់ថវិកានេះក៏បានជួយឧបត្ថម្ភ EU អនុវត្តន៍ការផ្ទេរប្ដូរតាមរយៈគោលនយោបាយធំៗជាច្រើន ដូចជាកិច្ចព្រមព្រៀងបៃតង បដិវត្តឌីជីថល និងការរីកចម្រើនយ៉ាងខ្លាំងមាំមួន។

ដើម្បីសម្រេចបានលទ្ធផលទាំងនេះ គឺ ប៉ូឡូញ និងហុងគ្រីរួមគ្នាជាមួយអាល្លឺម៉ង់ (ដែលជាប្រទេសកំពុងកាន់តំណែងជាប្រធាន EU) បានឯកភាពគ្នាអំពីវិធីថ្មីចំពោះថវិការយៈពេលវែង២០២១-២០២៧ របស់ EU។

 កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបនៅ
ទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្សិក
(រូបថត៖  TTXVN)

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនេះ ដោយចាត់ទុកថា នាបច្ចុប្បន្ននេះ EUអាចចាប់ផ្តើមអនុវត្តន៍ការបែងចែកថវិកាពោលខាងលើ ហើយធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ។ យោងតាមមន្រ្តីរូបនេះថា កញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញនេះនឹងជំរុញការបំលាស់ប្ដូរថាមពលបៃតង និងការបំលាស់ប្ដូរឌីជីថលនៅតាមបណ្ដាប្រទេសជាសមាជិក។ ក្នុងពេលនោះ ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា “អឺរ៉ុបកំពុងបោះជំហានទៅមុខ” ដោយសម្តែងទំនុកចិត្តថា កញ្ចប់ថវិកាស្តារសេដ្ឋកិច្ចឡើងវិញនេះនឹងបន្ថែមកម្លាំងដល់ការស្តារឡើងវិញរបស់ EU ហើយរួមចំណែកកសាង EU បៃតង ដីជីថល និងខ្លាំងមាំមួនជាងទៀត។

លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាស្ដីពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកក៏ដូចជាការវិវឌ្ឍ ដ៏តានតឹងនាពេលថ្មីៗនេះនៅមហាសមុទ្រមេឌីទែរ៉ាណេខាងកើត និងទំនាក់ទំនងជាមួយទួរគីផងដែរ។ យោងតាមក្រុមអ្នកវិភាគថា ទាំងអស់នេះគឺជាបញ្ហាប្រឈមធំ ៗ ចំពោះ EU ទាំងបច្ចុប្បន្នកាល និងនាពេលអនាគតកាល។

អំពីទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនោះ EU អាចកែលំអទំនាក់ទំនងរវាងត្រើយទាំងសង្ខាងនៃមហាសមុទ្រអាត្លង់ទិច ក្រោយពីសហរដ្ឋអាមេរិកមានរដ្ឋអំណាចថ្មីតែប៉ុណ្ណោះ។ ក្នុងឆ្នាំ ២០២០ ប្រធានាធិបតីអាមេរិកលោក Donald Trump បន្តប្រដេងតាមគោលនយោបាយ“ សហរដ្ឋអាមេរិកកាំងជាចម្បង” ដែលធ្វើឱ្យទំនាក់ទំនង EU - សហរដ្ឋអាមេរិក“ នៅឈរទ្រឹងមួយកន្លែង” ។

ក្នុងពេលនោះ ការដោះស្រាយរបស់ EU ចំពោះភាពតានតឹងនាពេលថ្មីៗនេះនៅមហាសមុទ្រមេឌីទែរ៉ាណេខាងកើត ហើយក៏ជាទំនាក់ទំនងជាមួយទួរគីក៏ជួបការលំបាកជាច្រើនខណៈពេលដែលទួរគីបានកាន់ “សន្លឹកបៀដ៏សំខាន់” ដើម្បីរារាំង EU នោះ គឺបញ្ហាជនចំណាកស្រុកពីស៊ីរី និងតំបន់សង្គ្រាមមកពីមជ្ឈឹមបូព៌ា។ នេះត្រូវបាន ចាត់ទុកថាជាបញ្ហាប្រឈមក្នុងរយៈពេលវែងសម្រាប់អឺរ៉ុប ។

ជាចុងក្រោយ គឺមិនអាចមិននិយាយដល់គ្រោះអាសន្ន ដែល EU មិនសម្រេចបានកិច្ចព្រមព្រៀងជាមួយ ចក្រភពអង់គ្លេសស្តីពីទំនាក់ទំនងរវាងភាគីទាំងពីរ ក្រោយពីដំណាក់កាលអន្តរកាលបញ្ចប់នាថ្ងៃទី ៣១ ខែធ្នូខាងមុខ។

ពិតណាស់ថា អំរែកជាច្រើនកំពុងសង្កត់ទៅលើថ្នាក់ដឹកនាំ EU ហើយការរៀបចំកិច្ចប្រជុំកំពូលពិសេសរបស់ប្លុកក្នុងរយៈពេល ពីរថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ ត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងចាំបាច់តែប៉ុណ្ណោះ ពោលគឺមិនគ្រប់គ្រាន់ទេ សម្រាប់ EU ជំនះពុះពារលើ ឧបសគ្គក្នុងឆ្នាំ ២០២០ ដើម្បីឈានចូលឆ្នាំ ២០២១ ជាមួយនឹងយថាទស្សន៍ដ៏ភ្លឺស្វាងជាងទៀត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.