ព្រឹត្តិការណ៍

ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុសកលក្រោយជម្ងឺរាតត្បាត កូវីដ ១៩

ហានិភ័យនៃវិបត្តិហិរញ្ញវត្ថុសកលក្រោយជម្ងឺរាតត្បាត កូវីដ ១៩

(VOVWORLD) - ជម្ងឺរាតត្បាត កូវីដ ១៩ កំពុងបង្កឡើងការខូចខាតយ៉ាងដំណំលើសេដ្ឋកិច្ច សកល។ តាមការប៉ាន់ស្មានរបស់មូលនិធិរូបីយ៍វត្ថុអន្តរជាតិ (IMF) ការខាត់បង់ដែល បណ្ដាលមកពី កូវីដ ១៩ នឹងឡើងដល់ទៅ ២៨ ទ្រីលានដុល្លាអាមេរិក រហូតដល់ឆ្នាំ ២០២៥។ ជាមួយនឹងការវិវឌ្ឍន៍នៃជម្ងឺរាតត្បាត និងការធ្វើស្ថិតិជាជំហានដំបូងក្នុង ប៉ុន្មានខែដើមឆ្នាំ២០២១នេះបានឲ្យដឹងថា ពិភពលោកទំនងជាត្រូវប្រឈមនឹងវិបត្តិហិរញ្ញវត្ថុថ្មីមួយ ហើយឆ្នាំ២០២១បន្តជាឆ្នាំលំបាកចំពោះខឿនសេដ្ឋកិច្ចសកល។

រាល់ករវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៃជម្ងឺរាតត្បាត កូវីដ ១៩ បណ្ដាលឲ្យទីផ្សារហិរញ្ញវត្ថុសកលជួបប្រទះនឹងហានិភ័យជាច្រើន។ (រូបថត៖ thethaovanhoa.vn)
បំណុលសាធារណៈសកលកើនឡើងខ្ពស់បំផុត
យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ បំណុលសាធារណៈសកលបានកើន ១៥ ទ្រីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០២០ ឡើងដល់ទៅកម្រិតខ្ពស់បំផុត ២៧៧ ទ្រីលានដុល្លាអាមេរិក ស្មើនឹង ៣៦៥% នៃ GDP សកល។
របាយការណ៍នាពេលថ្មីបំផុតរបស់ IMF បានព្យាករណ៍ថា បំណុលសាធារណៈ សកលសរុបក្នុងឆ្នាំ២០២១ នឹងស្មើ ៩៩,៥% GDP សកល។ IMF ក៏បានព្យាករណ៍ថា ឱនភាពហិរញ្ញវត្ថុសកលក្នុងឆ្នាំ២០២១ នឹងស្ថិតនៅកម្រិត ៨,៥% ផងដែរ។ ដោយ មានការព្រួយបារម្ភចំពោះការកើនឡើងនៃបំណុលសាធារណៈ IMF នាពេលចុងក្រោយនេះ បានអំពាវនាវឲ្យអ្នកតាក់តែងគោលនយោបាយនានា បន្តជួយទ្រទ្រង់ខឿនសេដ្ឋកិច្ច រហូតដល់ពេលដែលជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រង ក្នុងនោះផ្ដោតសំខាន់ទៅលើកញ្ចប់ វិនិយោគចូលក្នុងវិស័យនានាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជម្ងឺរាតត្បាត។
ការវិភាគថ្មីបំផុតរបស់អង្គការពលកម្មអន្តរជាតិ (ILO) អំពីផលប៉ះពាល់ដោយ កូវីដ ១៩ ទៅលើទីផ្សារពលកម្ម ក៏បានសរឲ្យឃើញថា ជម្ងឺរាតត្បាតបានបង្កឡើងការ ខូចខាតដ៏ធំសម្បើមដល់ពេលវេលាធ្វើការនិងប្រាក់ចំណូលផងដែរ។ ប្រសិនបើខ្វះ គោលនយោបាយស្ដារឡើងវិញដោយយកមនុស្សធ្វើជាមជ្ឈភាពនោះ គឺយថាទស្សន៍ ស្ដារឡើងវិញ ក្នុងឆ្នាំ២០២១ នឹងរងភាពយឺតយ៉ាវ មិនស្មើគ្នា និងមិនប្រាកដប្រជា ឡើយ។
នៅចំពោះមុខវិបត្តិ កូវីដ ១៩ ឆ្នាំ២០២០ជាលើកដំបូងដែលខឿនសេដ្ឋកិច្ចធំៗ ភាគច្រើនលើពិភពលោកសុទ្ធតែរងការធ្លាក់ចុះដោយព្រមៗគ្នាដូចជា អាមេរិក អង់គ្លេស អេស្ប៉ាញ់ បារាំង អាល្លឺម៉ង់ អូស្ត្រាលី ប្រេស៊ីល កាណាដា ជប៉ុន កូរ៉េខាង ត្បូង ឥណ្ឌូនេស៊ី សឹង្ហបុរីនិងថៃ ជាដើម។ ក្នុងនោះ អាមេរិកនិងអឺរ៉ុបជាតំបន់ដែលរង ការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតក្នុងឆ្នាំ២០២០។
ហានិភ័យនៃការដួលរលំផ្នែកហិរញ្ញវត្ថុដោយសារកញ្ចប់ជួយសង្គ្រោះធំសម្បើម
ទោះបីជាជម្ងឺរាតត្បាត កូវីដ ១៩ កំពុងត្រូវបានគ្រប់គ្រងជាបណ្ដើរៗ ដោយសារ តែផែនការចាក់វ៉ាក់សាំងលើទូទាំងពិភពលោក ហើយអង្គការអន្តរជាតិនានា សុទ្ធតែ ព្យាករណ៍ថា សេដ្ឋកិច្ចសកលនឹងទទួលបានកំណើនវិជ្ជមានឡើងវិញក្នុងឆ្នាំ២០២១ នេះ ក៏ដោយ ប៉ុន្តែហានិភ័យដែលលាក់ខ្លួននៅតែធំណាស់។ IMF បានព្រមានថា វ៉ាក់សាំងនិងវិធីព្យាបាល អាចជំរុញល្បឿនស្ដារសេដ្ឋកិច្ចឡើងវិញពិតមែន ប៉ុន្តែក៏ អាចបណ្ដាលឲ្យស្ថានភាពកាន់តែអាក្រក់ទៅផងដែរ ជាពិសេសគឺក្នុងករណីដែល ចំនួនអ្នកជម្ងឺថ្មីមានការកើនឡើងយ៉ាងខ្លាំង។ ក្រៅពីនោះ នៅតែមានហានិភ័យ ផ្សេងជាច្រើនទៀតដូចជា ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជម្លោះពាណិជ្ជកម្ម គ្រោះមហន្តរាយធម្មជាតិ ជាដើម។
ប្រការគួរឲ្យព្រួយបារម្ភមួយទៀត គឺការដែលប្រទេសជាច្រើនបានបញ្ចេញក្នុង ពេលតែមួយនូវ កញ្ចប់ទឹកប្រាក់ជំរុញសេដ្ឋកិច្ច រួមជាមួយវិធានការរូបីយ៍វត្ថុនិងទុនកម្ចី ជាបន្ទាន់ ដើម្បីជួយសង្គ្រោះខឿនសេដ្ឋកិច្ច។ តម្លៃសរុបនៃកញ្ចប់ប្រាក់ជួយសង្គ្រោះ របស់អាមេរិកឬជប៉ុន បានឡើងដល់ទៅ២០%នៃ GDP។ រាល់កញ្ចប់ជំនួយសង្គ្រោះដ៏ធំ សម្បើមនេះ កំពុងនាំទៅរកហានិភ័យនៃការដួលរលំ ចំពោះធនាគារនិងអង្គការហិរញ្ញវត្ថុ នានា ជាពិសេសគឺនៅអាមេរិកនិងទ្វីបអឺរ៉ុប។
រហូតមកទល់ពេលនេះ រាល់ការព្យាករណ៍អំពីវិបត្តិហិរញ្ញវត្ថុសកលថ្មីមួយ សុទ្ធតែគ្មានលក្ខណៈប្រាកដប្រជានោះឡើយ ហើយអ្វីៗគ្រប់បែបយ៉ាងនៅតែពឹង ផ្អែកលើការគ្រប់គ្រងជម្ងឺរាតត្បាត កូវីដ ១៩ លើវិសាលភាពទូទាំងពិភពលោក មានប្រសិទ្ធភាពយ៉ាងដូចម្ដ៉េច៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.