ព្រឹត្តិការណ៍

ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងទំនួលខុសត្រូវក្នុងការលើកកំពស់កម្លាំងជាតិ

ជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ និងទំនួលខុសត្រូវក្នុងការលើកកំពស់កម្លាំងជាតិ

(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម នាពេលថ្មីៗនេះ បានអញ្ជើញជួបសំណេះ សំណាលជាមួយបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ២០០នាក់។ លោកអគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា៖ ជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាកម្លាំងស្នូលដែលបង្កើតការច្នៃប្រឌិត និងរបកគំហើញដ៏ខ្លាំងក្លា បង្កើតសន្ទុះអតិបរមាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងដំណាក់កាលថ្មី។

បញ្ញវន្ត គឺជាកម្លាំងតំណាងឱ្យប្រាជ្ញា និងទេពកោសល្យរបស់ប្រជាជន និងប្រទេសជាតិ ហើយជាធនធាននិងជាកម្លាំងចលករដ៏សំខាន់បំផុតមួយ ដែលនាំមកនូវភាពរីកចម្រើននិងភាពរុងរឿងសម្រាប់ប្រទេសជាតិ។

លោកអគ្គលេខាបក្ស តូ ឡឹម ជួបសំណេះសំណាលជាមួយបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ២០០នាក់។ (រូបថត៖ VOV)

កម្លាំងស្នូលដើម្បីនាំវៀតណាមអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព

ប្រវត្តិសាស្ត្រវៀតណាមបានកត់ត្រាកេរ្តិ៍ឈ្មោះរបស់បញ្ញវន្តជាច្រើនដែលបានផ្សព្វផ្សាយមនោគមន៍ស្ដីពីសេចក្ដីស្នេហាជាតិ ភាពជឿនលឿន និងបដិវត្តន៍ ហើយបង្កើតមូលដ្ឋានដ៏សំខាន់សម្រាប់ចលនាតស៊ូដើម្បីឯករាជ្យ។ អ្នកវិទ្យាសាស្ត្រ វេជ្ជបណ្ឌិត វិស្វករ និងមេធាវីជាច្រើនបានលះបង់ចំណេះដឹង ទេពកោសល្យ ប្រាជ្ញា និងទ្រព្យសម្បត្តិសម្ភារៈសម្រាប់បដិវត្តន៍ ហើយបញ្ញវន្តជាច្រើនបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ និងដើម្បីសេចក្តីសុខរបស់ប្រជាជន។

សព្វថ្ងៃនេះ នៅក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍន៍ប្រទេសជាតិ វណ្ណៈបញ្ញាវន្តបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ជាក់ច្បាស់នៃការលះបង់ និងការរួមចំណែកសម្រាប់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“អាចបញ្ជាក់បានថា សមិទ្ធិផលបដិវត្តន៍ ជាពិសេសសមិទ្ធិផលដ៏មហិមារដែលប្រទេសជាតិសម្រេចបានបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី មានការរួមចំណែកយ៉ាងសំខាន់ពីជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ។ ពីការធ្វើសេនាធិការត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្ដូរថ្មីផ្នត់គំនិត ជាពិសេសផ្នត់គំនិតសេដ្ឋកិច្ច បាននាំវៀតណាមរួចផុតពីវិបត្តិសេដ្ឋកិច្ចសង្គម ធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិជាបណ្ដើរៗ ផ្តល់មូលដ្ឋានវិទ្យាសាស្ត្រ ស្នើគំនិត ធ្វើបដិវាទសង្គម រៀបចំការអនុវត្ត ច្នៃប្រឌិត បង្កើតគំនិត ប៉ាតង់ និងផលិតផលដែលរួមចំណែកជំរុញឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិ លើកកម្ពស់នវានុវត្តន៍ ដែលបានបន្សល់ទុកនូវសញ្ញាសម្គាល់យ៉ាងជាក់ច្បាស់នៃការលះបង់និងការរួមចំណែករបស់ជួរបញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រវៀតណាម”។

ទំនួលខុសត្រូវក្នុងការលើកកំពស់ប្រាជ្ញ និងកម្លាំងជាតិ

ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរដោយមានលក្ខណៈសម័យកាល។ ការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា បានបង្កើតការផ្ទុះឡើងនៃព័ត៌មាន វប្បធម៌ ការយល់ដឹង សកម្មភាព... ដែលជំរុញការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី។

ជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រត្រូវយល់ដឹងយ៉ាងស៊ីជម្រៅអំពីទំនួលខុសត្រូវរបស់ខ្លួន ក្នុងដំណាក់កាលបដិវត្តន៍ថ្មី ក៏ដូចជាទំនួលខុសត្រូវក្នុងការលើកកំពស់ប្រាជ្ញ និងកម្លាំងជាតិផងដែរ។ ជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រត្រូវខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ នឹងមានប៉ាតង់ សំណង់វិទ្យាសាស្ត្រចំនួន ១០០ នៅលើតារាងរៀបចំណាត់ថ្នាក់វិទ្យាសាស្ត្រពិភពលោក; មានផលិតផលវិទ្យាសាស្ត្រ បច្ចេកវិទ្យា ស្នាដៃអក្សរសាស្ត្រ សិល្បៈឈានមុខគេ; ដល់ឆ្នាំ ២០៤៥ ជួរបញ្ញវន្តវៀតណាមនឹងនាំមុខគេក្នុងតំបន់ ហើយស្ថិតក្នុងជម្រើសកំពូលពិភពលោក; មានអ្នកវិទ្យាសាស្ត្ររាប់រយនាក់ដែលមានឥទ្ធិពលនៅលើពិភពលោកដែលឈ្នះពានរង្វាន់អន្តរជាតិក្នុងវិស័យជាច្រើន។ អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយតំណាងបញ្ញវន្តវៀតណាមនៅសហគមន៍ហ្វ្រង់កូហ្វូន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ (ខែតុលា ឆ្នាំ ២០២៤) លោកអគ្គលេខាបក្ស តូ ឡឹម បានមានប្រសាសន៍ថា៖

“គោលដៅរបស់យើងគឺត្រូវតែអភិវឌ្ឍន៍ខ្លាំងជាងទៀត ពោលគឺទំហំសេដ្ឋកិច្ចត្រូវតែកើនឡើងជិត ៣ ដង។ ដើម្បីធ្វើបានដូច្នេះ មាគ៌ាតែមួយគត់គឺវិទ្យាសាស្ត្រ បច្ចេកវិទ្យា គ្មានមាគ៌ាផ្សេងទៀតទេ ហើយបទពិសោធន៍ពីប្រទេសដទៃក៏អញ្ចឹងដែរ។ បើគ្មានវិទ្យាសាស្ត្រ បច្ចេកវិទ្យាទេ ក៏គ្មានការរីកចម្រើនដែរ។ ក្រឡែកមើលប្រទេសដែលមានអត្រាកំណើនខ្ពស់ គឺសុទ្ធតែផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដូចជាសហរដ្ឋអាមេរិក ចិន ឥណ្ឌា... ដូច្នេះយើងត្រូវចាប់យកនិងឈានទៅមុខ នោះគឺជាឱកាសរបស់យើង”។

ចំណែកខាងអាជ្ញាធរវិញ ដើម្បីលើកកំពស់តួនាទីរបស់បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ វៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវការបណ្តុះបណ្តាល ការជ្រើសរើស ការប្រើប្រាស់ និងការវាយតម្លៃខ្ពស់ចំពោះបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ។ អញ្ជើញថ្លែងក្នុងជំនួបសំណេះសំណាលជាមួយបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រចំនួន ២០០នាក់ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២៤ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“យកចិត្តទុកដាក់ពិសេស និងផ្តោតលើការលើកតម្កើងបញ្ញវន្ត ឆាប់មានបទប្បញ្ញត្តិជាក់លាក់ យកលទ្ធផល និងផលិតផលដោយឈរលើស្មារតី "បម្រើប្រជាជន" ធ្វើជាមូលដ្ឋាន ដើម្បីលើកតម្កើង ផ្ដល់រង្វាន់ ធានាការបង្ហាញយ៉ាងស៊ីជម្រៅនូវវប្បធម៌នៃការគោរពមនុស្សមានទេពកោសល្យ។ មានដំណោះស្រាយជាក់លាក់ ដើម្បីផ្លាស់ប្ដូរថ្មីផ្នត់គំនិតយ៉ាងខ្លាំងក្លា លើកកំពស់ និងបង្រួបបង្រួមការយល់ដឹងនៅក្នុងប្រព័ន្ធនយោបាយ និងសង្គមទាំងមូលអំពីតួនាទី ឋានៈ និងសារៈសំខាន់នៃការកសាងជួរបញ្ញវន្តក្នុងស្ថានភាពបច្ចុប្បន្ន”។

ជាមួយនឹងឋានៈនិងកម្លាំងរបស់ប្រទេសជាតិបន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី ជាមួយនឹងឱកាសនិងកាលានុវត្តភាពថ្មី បក្ស រដ្ឋ និងប្រជាជនកំពុងទន្ទឹងរង់ចាំការលះបង់ និងការរួមចំណែកក្នុងទ្រង់ទ្រាយនិងកម្រិតថ្មី ជាមួយនឹងរបកគំហើញថ្មីដ៏ខ្លាំងក្លារបស់ជួរបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ។ ព្រោះមានតែវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប៉ុណ្ណោះ ទើបជាមាគ៌ាជួយវៀតណាមតាមទាន់ ប្រកៀកស្មា លោតផ្លោះ និងវ៉ាដាច់ពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.