ព្រឹត្តិការណ៍

កិច្ចប្រជុំកំពូល G7៖ បេសកកម្មនិងបញ្ហាប្រឈម

កិច្ចប្រជុំកំពូល G7៖ បេសកកម្មនិងបញ្ហាប្រឈម

(VOVWORLD) - នៅថ្ងៃទី ២០ ខែកុម្ភៈ មេដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង ៧ (G7) បានរៀបចំកិច្ចប្រជុំកំពូល តាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំកំពូល G7 ដើមដំបូងដែលត្រូវបានប្រព្រឹត្តទៅចាប់តាំងពីខែមេសាឆ្នាំ ២០២០ មក ហើយក៏ជាព្រឹត្តិការណ៍អន្តរជាតិធំដំបូងដែលមានវត្តមានរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden។ បានប្រារព្ធធ្វើឡើងនៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបន្តរីករាលដាលនិងប៉ះពាល់យ៉ាងខ្លាំងលើ សកលលោក កិច្ចប្រជុំកំពូល G7 លើកនេះត្រូវបានគេរំពឹងទុកយ៉ាងខ្លាំង តាមនោះក៏ប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងផងដែរ។

ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden (រូបថត៖ TTXVN)

យោងតាមអ្នកវិភាគ បេសកកម្មក៏ដូចជាបញ្ហាប្រឈមដ៏ធំបំផុតនៃកិច្ចប្រជុំកំពូល G7 គឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩  ដែលកំពុងរីករាលដាលនៅជុំវិញពិភពលោក និងស្តារសេដ្ឋកិច្ចពិភព លោកដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះ។

បេសកកម្ម

មួយសប្តាហ៍មុនពេលប្រព្រឹត្តទៅព្រឹត្តិការណ៍នេះ សេតវិមានបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា៖ នេះគឺជាឱកាសសម្រាប់លោកប្រធានាធិបតី Biden ជួបពិភាក្សាជាមួយមេដឹកនាំ G7 អំពីផែនការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ និងស្តារសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតនេះ។ ហេតុដូច្នេះ លោកប្រធានាធិបតី Biden បានផ្តោតលើប្រធានបទពិភាក្សាដូចជា វិធីឆ្លើយតបជាសកលចំពោះការផលិតនិងការចែកចាយវ៉ាក់សាំងការពារកូវីដ ១៩ ការរក្សារាល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីប្រឆាំងនឹងការគំរាមកំហែងពីជំងឺរាតត្បាតបច្ចុប្បន្នតាមរយៈការកសាងសមត្ថភាពជាតិនិងបង្កើតមូលនិធិសន្តិសុខសុខាភិបាលបំរង។ ទន្ទឹមជាមួយគ្នានេះ មេដឹកនាំអាមេរិកក៏បានពិភាក្សាជាមួយមេដឹកនាំ G7 អំពីគោលនយោបាយសេដ្ឋកិច្ចរបស់លោក តាមនោះ លើកទឹកចិត្តប្រទេសនៅក្នុងក្រុមនិងប្រទេសឧស្សាហកម្មទាំងអស់ឱ្យរក្សាការគាំទ្រដល់ការស្តារសេដ្ឋកិច្ចនិងដាក់ចេញនូវវិធានការរួមផ្សេងទៀត។

ចំណែកខ្លួនវិញ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ប្រធានកិច្ចប្រជុំកំពូល G7 ឆ្នាំ ២០២១ បានសង្កត់ធ្ងន់ថា ដំណោះស្រាយសម្រាប់រាល់បញ្ហាប្រឈមនានាដែលពិភពលោកកំពុងប្រឈមមុខ គឺស្ថិតនៅក្នុងកម្មវិធីរបៀបវារៈ ពោលគឺគឺចាប់ពីបេសកកម្មអនុវត្តន៍កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩ សម្រាប់ប្រទេសទាំងអស់ រហូតដល់ការប្រយុទ្ធដើម្បីទប់ស្កាត់ការគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ី រួមទាំងការស្តារប្រកបដោយនិរន្តរភាពក្រោយពីវិបត្តិកូវីដ ១៩ ទៀតផង។ ទន្ទឹមជាមួយគ្នានោះ លោករដ្ឋមន្រ្តី Boris Johnson ក៏ចង់ឆ្លៀតយកតួនាទីរបស់ប្រធាន G7 ដើម្បីលើកកម្ពស់ការស្រុះចិត្តគំនិតគ្នាក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ដោយឆ្ពោះទៅរកនិរន្តរភាពនិងពាណិជ្ជកម្មសេរី។

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ TTXVN)

មុននេះក្នុងកិច្ចប្រជុំនាថ្ងៃទី ១២ ខែកុម្ភៈ មន្ត្រីហិរញ្ញវត្ថុរបស់ក្រុម G7 ក៏បានពិភាក្សាពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយការលំបាកផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩។ បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Taro Aso បានប្រកាសថា មេដឹកនាំហិរញ្ញវត្ថុ G7 បានពិភាក្សាលើសសរស្តម្ភនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីជំងឺរាត ត្បាតកូវីដ ១៩ ក៏ដូចជាផ្តល់ជំនួយឧបត្ថម្ភដល់ប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងនោះមានវិធានការណ៍កាត់បន្ថយបំណុលផង។

សម្ពាធនិងបញ្ហាប្រឈម

ដើម្បីអនុវត្តបេសកកម្មដែលត្រូវបានចាត់ទុកថាជាប្រវត្តិសាស្ត្របច្ចុប្បន្ន G7 ត្រូវការកិច្ចខិតខំប្រឹងប្រែងជាច្រើន ដែលក្នុងនោះត្រូវមានសាមគ្គីភាពនិងការឯកភាពធ្វើសកម្មភាពក្នុងចំណោមប្រទេសសមាជិក។ យ៉ាងណាមិញ អង្គការដែលប្រមូលផ្តុំប្រទេសឧស្សាហកម្មកំពូលៗ ទាំង ៧ នៅលើពិភពលោកនេះកំពុងមានការបែកបាក់គ្នាក្នុងទិសដៅធ្វើសកម្មភាពដែលគួរឱ្យព្រួយបារម្ភ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg (សហរដ្ឋអាមេរិក) នាពេលថ្មីៗនេះ បានដកស្រង់ប្រភពមួយចំនួនពីអ្នកការទូតបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide មាន “ការឆ្លើយតបយ៉ាងខ្លាំង” ចំពោះគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ស្តីពីការពង្រឹងបន្ថែមទៀតនូវតួនាទីរបស់ប្រទេសជាភ្ញៀវកិត្តយសនៅក្នុងវេទិកា G7។ តាមនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ធ្លាប់បានអញ្ជើញកូរ៉េខាងត្បូង ឥណ្ឌានិងអូស្រ្តាលីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅ Cornwall (ចក្រភពអង់គ្លេស) នៅខែមិថុនាឆ្នាំ ២០២០។ ការអញ្ជើញប្រទេសជាភ្ញៀវចូលរួមកិច្ចប្រជុំកំពូលនេះ បានក្លាយជាទម្លាប់សម្រាប់ប្រទេសម្ចាស់ផ្ទះ ប៉ុន្តែតួនាទីនិងការចូលរួមចំណែករបស់ប្រទេសជាភ្ញៀវកិត្តយសក្នុងវេទិកានៅមានកម្រិតនៅឡើយ។ ដូច្នេះនៅក្នុងកិច្ចប្រជុំកំពូល G7 តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែមករា កន្លងមក រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនគ្រោងនឹងអញ្ជើញប្រទេសភ្ញៀវកិត្តយសចំនួន ៣ ឱ្យចូលរួមក្នុងផ្នែកមួយចំនួននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងចូលរួមចុះហត្ថលេខាលើ “ធម្មនុញ្ញសង្គមបើកចំហ” ជាមួយបណ្តាប្រទេសជាសមាជិកផងដែរ។

រដ្ឋាភិបាលជប៉ុនបានចាត់ទុកថា គោលដៅនៃកិច្ចប្រជុំកំពូលនៅឆ្នាំនេះគឺដើម្បីស្ថាបនាប្លុក G7 ឡើងវិញ មិនមែនដើម្បី “ឯកភាពវូបនីយកម្ម” ទំនាក់ទំនងជាមួយប្រទេសភ្ញៀវនោះទេ។ ជាមួយគ្នានោះ ប្រទេសជាសមាជិកអឺរ៉ុបផ្សេងទៀត ដូចជា បារាំង អ៊ីតាលីនិងអាល្លឺម៉ង់ក៏បានបង្ហាញទស្សនៈស្រដៀងនឹងប្រទេស ជប៉ុនដែរ។ អ្នកការទូតខ្លះនៅក្នុងប្លុកមានការព្រួយបារម្ភថា ចក្រភពអង់គ្លេសកំពុងព្យាយាម “ដើរតាមទ្វារក្រោយ” ដើម្បី “កំណត់រូបរាង” G7 ឡើងវិញ។ ជាពិសេស អ្នកការទូតអឺរ៉ុបបានព្រមានថា ចំណាត់ការរបស់អង់គ្លេសទំនងជារុញប្លុក G7 ធ្លាក់ចូលក្នុងសភាពប្រឈមមុខជាមួយចិន និងបណ្តាប្រទេសដទៃទៀត ជាប្រការដែលប្រទេសសមាជិក G7 ទាំងអស់ត្រូវចៀសវាង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.