ព្រឹត្តិការណ៍

កិច្ចប្រជុំកំពូលអំពី AI នៅទីក្រុងប៉ារីសផ្តល់អាទិភាពដល់ការជំរុញអត្ថប្រយោជន៍នៃបច្ចេកវិទ្យា

កិច្ចប្រជុំកំពូលអំពី AI នៅទីក្រុងប៉ារីសផ្តល់អាទិភាពដល់ការជំរុញអត្ថប្រយោជន៍នៃបច្ចេកវិទ្យា

(VOVWORLD) - ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១០-១១ ខែកុម្ភៈ នៅទីក្រុងប៉ារីស ប្រទេសបារាំង កិច្ចប្រជុំកំពូលអំពីសកម្មភាពបញ្ញាសិប្បនិមិត្ត (AI) បានផ្លាស់ប្តូរអាទិភាពរបស់ខ្លួនពីការគ្រប់គ្រងសុវត្ថិភាព AI ទៅជាការអភិវឌ្ឍនិងចែករំលែកអត្ថប្រយោជន៍ដែល AI នាំមកជូន ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងបរិបទដែលភាពតានតឹងភូមិសាស្ត្រនយោបាយចាប់ផ្តើមប៉ះពាល់ដល់វិស័យបច្ចេកវិទ្យានេះ។

កិច្ចប្រជុំកំពូលអំពីសកម្មភាព AI នៅទីក្រុងប៉ារីស គឺជាកិច្ចប្រជុំកំពូលសកលលើកទីបីស្តីពី
បច្ចេកវិទ្យា AI បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Bletchley Park (ចក្រភពអង់គ្លេស) ក្នុងឆ្នាំ ២០២៣ និងនៅទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) កាលពីឆ្នាំ២០២៤។

ផ្តល់អាទិភាពដល់ការច្នៃប្រឌិតជាជាងសុវត្ថិភាព

នៅក្នុងកិច្ចប្រជុំកំពូលលើកនេះ សុវត្ថិភាព AI ខណៈពេលដែលនៅតែជាប្រធានបទដ៏ធំមួយ ប៉ុន្តែត្រូវបានគេដាក់នៅក្រោមអាទិភាពអំពីការអភិវឌ្ឍ AI ឲ្យកាន់តែស្មើរភាព ការចែករំលែកអត្ថប្រយោជន៍ពី AI ឲ្យកាន់តែសមធម៌ និងការបង្កើនកិច្ចសហប្រតិបត្តិការ AI ក្នុងទ្រង់ទ្រាយសកលនៅចំពោះមុខហានិភ័យនៃការបែកបាក់គ្នាខាងបច្ចេកវិទ្យា។ ដោយបង្ហាញពីការផ្លាស់ប្តូរអាទិភាពនេះ ប្រទេសម្ចាស់ផ្ទះបារាំងបានផ្លាស់ប្តូរប្រធានបទដើមនៃកិច្ចប្រជុំកំពូល AI ឆ្នាំនេះពី "កិច្ចប្រជុំកំពូលអំពីសុវត្ថិភាព AI" ទៅ "កិច្ចប្រជុំកំពូលអំពីសកម្មភាព AI"។

ដោយពន្យល់ពីវិធីអភិក្រមថ្មីនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាត់ទុកថា អឺរ៉ុបអាចមានមោទនភាពក្នុងការដើរត្រួសត្រាយផ្លូវក្នុងការកសាងបទប្បញ្ញត្តិដើម្បីគ្រប់គ្រង AI ប៉ុន្តែការគ្រប់គ្រងត្រូវតែដើរនៅពីក្រោយការច្នៃប្រឌិតក្នុងបរិបទដែលអឺរ៉ុបកំពុងបង្ហាញសញ្ញានៃភាពថយក្រោយទាក់ទងនឹងបច្ចេកវិទ្យា AI បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក និងប្រទេសចិន។ សម្រាប់សហរដ្ឋអាមេរិក ដែលជាមហាអំណាចឈានមុខគេក្នុងវិស័យ AI សុវត្ថិភាព AI លែងជាអាទិភាពលេខ ១ ទៀតហើយ នៅពេលដែលគណៈប្រតិភូអាមេរិកដែលចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉ារីសលើកនេះ មិនមានសមាជិកនៃវិទ្យាស្ថានសុវត្ថិភាព AI ដែលសហរដ្ឋ
អាមេរិកបានបង្កើតឡើងនៅចុងឆ្នាំ ២០២៣ នោះឡើយ។ អនុប្រធាន Google លោក James Manyka បានគាំទ្រការផ្លាស់ប្តូរនេះ។

“ខ្ញុំគិតថា ចំណុចគួរឱ្យចាប់អារម្មណ៍មួយនៃកិច្ចប្រជុំកំពូលលើកនេះគឺការយកចិត្តទុកដាក់
កាន់តែខ្លាំងទៅលើឱកាសដែល AI នាំមកជូន។ ជារឿយៗមានការពិភាក្សាច្រើនពេកអំពីហានិភ័យ និងភាពស្មុគស្មាញនៃ AI ប៉ុន្តែមិនមានការពិភាក្សាគ្រប់គ្រាន់អំពីឱកាសរបស់ AI នោះទេ”។

ការផ្លាស់ប្តូរអាទិភាពនៅក្នុងកិច្ចប្រជុំកំពូលឆ្នាំនេះក៏ឆ្លុះបញ្ចាំងពីការប្រែប្រួលធំៗនៅក្នុងពិភពបច្ចេកវិទ្យា AI សកលក្នុងរយៈពេលកន្លងមកដែរ ជាពិសេសការលេចឡើងនៃ DeepSeek ដែលជាគំរូ AI ចេះនិពន្ធដោយមានប្រភពបើកចំហ មកពីប្រទេសចិនដែលត្រូវបានអភិវឌ្ឍន៍ក្នុងការចំណាយទាបជាងគំរូ AI ពីមុន (ដូចជា ChatGPT, Gemini, Mistral ... ) ប៉ុន្តែមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នា។ យោងតាមអ្នកជំនាញ DeepSeek បានបើកឱកាសថ្មីៗជាច្រើនសម្រាប់ប្រទេសនានាក្នុងការអភិវឌ្ឍគំរូ AI ដោយមានភាពបត់បែនជាងមុន កាត់បន្ថយការពឹងផ្អែកលើសាជីវកម្មបច្ចេកវិទ្យាធំៗនៅជ្រលងភ្នំ Silicon (អាមេរិក) ដែលមានប្រៀបខ្លាំងលើសលុប ក្នុងធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងធនធានមនុស្ស។ លោក Jamal Atif នាយកវិទ្យាសាស្ត្រនៃកម្មវិធីអាទិភាពជាតិបារាំង និងជាសាស្រ្តាចារ្យផ្នែក AI នៅសាកលវិទ្យាល័យ Paris-Dauphine បានធ្វើអត្ថាធិប្បាយថា៖

“បច្ចុប្បន្ននេះយើងមានគំរូប្រភពបើកចំហដែលដំណើរការបានយ៉ាងល្អ ដូចគំរូប្រភពបិទ ដែលជាប្រការគួរឲ្យរំភើបចិត្តខ្លាំងណាស់។ ប្រទេសចិន និងសមាជិករបស់ DeepSeek បានបង្ហាញថា យើងអាចធ្វើបាន ហើយថាយើងត្រូវការអ្នកដែលមានគំនិតល្អ និងអ្នកដែលមានទេពកោសល្យ។ នេះជាអ្វីដែលអឺរ៉ុបមានប្រៀបខ្លាំងដោយសារអឺរ៉ុបមាននិស្សិតដែលមានទេពកោសល្យច្រើន មានគំនិតល្អជាច្រើន និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យជាច្រើន”។

ភូមិសាស្ត្រនយោបាយ AI

ការចូលរួមរបស់ប្រមុខរដ្ឋ និងមន្ត្រីជាន់ខ្ពស់ជាច្រើនមកពីជាងប្រទេសជាង ១០០ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក James David Vance និងឧបនាយករដ្ឋមន្ត្រីចិនលោក Zhang Guoqing នៅក្នុងកិច្ចប្រជុំកំពូល AI ទីក្រុងប៉ារីសលើកនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ប្រធានបទសំខាន់មួយទៀតដែលអាចគ្របដណ្ដប់លើការពិភាក្សានៅទីក្រុងប៉ារីសនោះគឺភាពតានតឹងភូមិសាស្ត្រនយោបាយលើពិភពលោកនាបច្ចុប្បន្ន អាចជះឥទ្ធិពលទៅលើការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ AI លើសកលលោក។

ដូច្នេះហើយ នៅក្នុងកិច្ចប្រជុំកំពូលើកនេះ ភាគីនានាអាចជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ក្នុងការសម្រេចបានការសន្យា និងសេចក្តីថ្លែងការណ៍រួមស្តីពីទិសដៅអភិវឌ្ឍន៍ AI នាពេលខាងមុខ ជាពិសេសក្នុងទិដ្ឋភាពដូចជា៖ ការចូលប្រើដោយបើកចំហនឹងប្រភពទិន្នន័យ; AI បម្រើផលប្រយោជន៍សាធារណៈ;  AI និងបរិស្ថាននិរន្តរភាព... កង្វល់ធំជាងនេះទៅទៀតគឺថា ភាពខុសគ្នាក្នុងគោលនយោបាយរវាងភាគីនានាអាចនាំឱ្យមានការបែកបាក់គ្នាខាងបច្ចេកវិទ្យា AI សកល នៅពេលដែលបណ្ដាប្រទេសអាចរារាំងឬហាមឃាត់បច្ចេកវិទ្យារបស់គ្នាទៅវិញទៅមក។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា៖

"ខ្ញុំគិតថា វាមិនត្រឹមត្រូវទេ ក្នុងការហាមឃាត់បច្ចេកវិទ្យា ព្រោះវាមកពីប្រទេសណាមួយ។ នោះមិនមែនជាវិធីអភិក្រមរបស់យើងខ្ញុំទេ។ ចំពោះបច្ចេកវិទ្យាទាំងអស់នៅលើពិភពលោកដែលមិនមែនមកពីអឺរ៉ុប យើងខ្ញុំនឹងពិនិត្យមើលទិដ្ឋភាពដ៏រស៊ើបទៅលើសន្តិសុខ និងអធិបតេយ្យភាពអឺរ៉ុប។ នោះគឺជាអ្វីដែលយើងខ្ញុំបានធ្វើទាក់ទងនឹងផ្នែកបច្ចេកវិទ្យា”។

សម្រាប់អឺរ៉ុប និងប្រទេសម្ចាស់ផ្ទះបារាំង កិច្ចប្រជុំកំពូល AI លើកនេះក៏ជាឱកាសដើម្បីបង្កើតសន្ទុះបច្ចេកវិទ្យាសម្រាប់តំបន់ នៅចំពោះមុខការប្រកួតប្រជែងដ៏ខ្លាំងក្លាពីសហរដ្ឋអាមេរិក និងចិន។ នៅមុនកិច្ចប្រជុំកំពូល ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសការវិនិយោគរហូតដល់ ១១៣ ពាន់លានដុល្លារអាមេរិកទៅក្នុងគម្រោង AI នៅបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទាំងនេះគឺជាការវិនិយោគមកពីអេមីរ៉ាតអារ៉ាប់រួម (UAE) កាណាដា សហរដ្ឋអាមេរិក និងសាជីវកម្មបច្ចេកវិទ្យាធំៗជាច្រើនរបស់បារាំងដូចជា Thales, Orange និង Illiad៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.