ព្រឹត្តិការណ៍

និទាឃរដូវរបស់បក្សគឺជានិទាឃរដូវរបស់ប្រទេសជាតិ

និទាឃរដូវរបស់បក្សគឺជានិទាឃរដូវរបស់ប្រទេសជាតិ

(VOVWORLD) - ថ្ងៃនេះ បក្សកុម្មុយនិស្តវៀតណាមប្រារព្ធខួបលើកទី ៩៤ នៃការបង្កើត (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៤)។ ក្រោមការដឹកនាំរបស់បក្ស ពីប្រទេសអាណានិគមពាក់កណ្តាលសក្តិភូមិ វៀតណាមបានក្លាយជាប្រទេសឯករាជ្យ និងមានអធិបតេយ្យភាព។ ផ្ទៃដីទំហំ ៣៣០ពាន់ គីឡូម៉ែត្រការ៉េ ចាប់ពីច្រកព្រំដែន Huu Nghi ដល់តំបន់ដី Cape Ca Mau ដែលមានឆ្នេរសមុទ្រជាង ៣.២០០ គីឡូម៉ែត្រ និងទីតាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដែលមានសារៈសំខាន់ពិសេស ត្រូវបានប្រមូលផ្តុំទៅកន្លែងតែមួយ និងកំពុងរីកចម្រើនកាន់តែខ្លាំង ហើយកំពុងចូលរួមសមាហរណកម្មជាមួយពិភពលោក។

រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son 

សមិទ្ធិផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដោយបក្សផ្តួចផ្តើម និងដឹកនាំ បានអះអាងនូវមាគ៌ារបស់វៀតណាម ឆ្ពោះទៅកាន់សង្គមនិយមគឺត្រឹមត្រូវ ស្របតាមតថភាព និងនិន្នាការរបស់វៀតណាមក្នុងការអភិវឌ្ឍនៃសម័យកាល។

សេដ្ឋកិច្ចអភិវឌ្ឍន៍ និងបង្កើនកំណើនជាបន្តបន្ទាប់

មុនអំឡុងពេលផ្លាស់ប្តូរថ្មី (Doi Moi) (ឆ្នាំ ១៩៨៦) វៀតណាមជាប្រទេសក្រីក្រ ហើយរង សង្រ្គាមបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ ក្រោយសង្គ្រាម វៀតណាមត្រូវបានឡោមព័ទ្ធ និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចអស់រយៈពេលជិត ២០ឆ្នាំ។ ស្បៀងអាហារ និងទំនិញចាំបាច់ខ្វះខាត ជីវភាពរស់នៅរបស់ប្រជាជនមានការលំបាកយ៉ាងខ្លាំង ប្រជាជន ប្រហែល ៣/៤ ត្រូវរស់នៅក្រោមបន្ទាត់ក្រីក្រ។

ដោយសារការអនុវត្តគោលនយោបាយកំណែទម្រង់ សេដ្ឋកិច្ចបានចាប់ផ្តើមអភិវឌ្ឍ និងបង្កើនកំណើនជាបន្តបន្ទាប់ក្នុងល្បឿនដ៏ខ្ពស់ក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ជាមួយនឹងអត្រាកំណើនជាមធ្យមជិត ៧% ក្នុងមួយឆ្នាំ។ GDP របស់ វៀតណាមកាលពីឆ្នាំមុនបានឈានដល់ប្រហែល ៤៣០ពាន់លានដុល្លារអាមេរិក ដែលបានក្លាយជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ ទី៥ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងទី ៣៥ ក្នុងចំណោម ប្រទេសចំនួន ៤០ ដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។ GDP សម្រាប់មនុស្សម្នាក់កើនឡើង ៥៨ ដង ដល់ប្រហែល ៤.៣០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ វៀតណាមបានចាកចេញពីក្រុមប្រទេសដែលមានចំណូលទាបតាំងពីឆ្នាំ ២០០៨ ហើយនឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ (ប្រហែល ៧.៥០០ ដុល្លារអាមេរិក)។

ពីប្រទេសដែលមានការខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃ ឥឡូវនេះ វៀតណាមបានក្លាយជាប្រទេសនាំចេញអង្ករឈានមុខគេ និងផលិតផលកសិកម្មជាច្រើនទៀត នៅក្នុងពិភពលោក។ ទុនបំរុងប្តូរប្រាក់បរទេសបានកើនឡើងយ៉ាងខ្លាំង ដោយឈានដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣។ វៀតណាមបានក្លាយជាប្រទេសនាំមុខគេមួយក្នុងអាស៊ានអំពីការទាក់ទាញ FDI។

សន្តិសុខសង្គមត្រូវបានធានា វិស័យកិច្ចការបរទេសប្រកបដោយផ្លែផ្កាជាច្រើន

អត្រានៃភាពក្រីក្រជាមធ្យមថយចុះប្រហែល ១,៥% ជារៀងរាល់ឆ្នាំ ពោលគឺ កាត់បន្ថយពី ៥៨% តាមស្តង់ដារចាស់ក្នុងឆ្នាំ ១៩៩៣ មកនៅត្រឹម ២,៩៣% យោងតាមស្តង់ដារភាពក្រីក្រពហុវិមាត្រ (លក្ខណៈវិនិច្ឆ័យខ្ពស់ជាងមុន) ក្នុងឆ្នាំ ២០២៣។ ឃុំជនបទភាគច្រើនមានផ្លូវថ្នល់ទៅដល់មជ្ឈមណ្ឌល និងមានបណ្តាញអគ្គិសនីជាតិ មានសាលាបឋមសិក្សា និងមធ្យមសិក្សា មានមន្ទីរពេទ្យ   និងបណ្តាញទូរស័ព្ទ។ ប្រទេសវៀតណាមបានដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋាន និងកំពង់ផែទំនើបៗជាច្រើន ផ្លូវហាយវេជាង ១.៩០០ គីឡូម៉ែត្រ និងបណ្តាញ 4G និង 5G ដែលគ្របដណ្តប់យ៉ាងទូលំទូលាយ។ ជនក្រីក្រ កុមារអាយុក្រោម៦ឆ្នាំ និងមនុស្សចាស់ត្រូវបានផ្តល់ការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃ។ អាយុកាលជាមធ្យមរបស់ប្រជាជន កើនឡើងពី ៦២ ឆ្នាំក្នុងឆ្នាំ ១៩៩០ ដល់ ៧៣,៧ ឆ្នាំនៅឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ វៀតណាមមានប្រជាជនជិត ៨០% ប្រើប្រាស់អ៊ីនធឺណិត ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានខ្ពស់បំផុតនៅលើពិភពលោក។

សាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong បណ្ឌិត្យសភានយោបាយជាតិហូជីមិញបញ្ជាក់ថា៖  “យើងកសាងសង្គមនិយម បុព្វហេតុនោះគឺជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ នេះអាចនិយាយបានថាជាសមិទ្ធិផលដ៏ធំធេងមួយ។ សម័យអន្តរកាលឈានទៅសង្គមនិយមអន្តរកាលគឺជាការលាយបញ្ចូលគ្នារវាងចាស់និងថ្មី។ ទីបំផុត យើងត្រូវមានគោលដៅឆ្ពោះទៅរកវឌ្ឍនភាព ដើម្បីជំនះភាពថយក្រោយ”។

ក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការបង្កើតថ្មី បក្សបានបង្កើតឡើងវិស័យកិច្ចការបរទេស និងការទូតដ៏វិសេសវិសាលមួយ   ដែលបង្កប់ដោយអត្តសញ្ញាណ “ដើមឬស្សី វៀតណាម”។ ជាលទ្ធផល ពីប្រទេសដែលស្ថិតក្រោមការឡោមព័ទ្ធ   វៀតណាមបានពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងការទូតជាមួយប្រទេសចំនួន ១៩៣។ វៀតណាមបាននិងកំពុងបំពេញតួនាទីយ៉ាងល្អក្នុងនាមជាមិត្ត និងជាដៃគូគួរឱ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាម លោក Bui Thanh Son បានអះអាងថា៖ “លទ្ធផលត្រូវបានសម្រេចជាបឋម គឺដោយសារការដឹកនាំត្រឹមត្រូវរបស់បក្ស និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់់រដ្ឋាភិបាល; សាមគ្គីភាព និងឯកភាពជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនៃប្រព័ន្ធនយោបាយទាំងមូល; ការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរលូនរវាងការទូតបក្ស ការទូតរដ្ឋ និងការទូតរបស់ប្រជាជន; រវាងកិច្ចការបរទេស និងកិច្ចការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម ... ដែលពីវិធានការទាំងនោះ ត្រូវបានដាក់ពង្រាយឱ្យសមស្រប ទាញយកប្រយោជន៍ពីឱកាស និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្ហើយរាល់កិច្ចការបរទេសដោយជោគជ័យ”។

សមិទ្ធិផលដ៏ធំធេងដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី ដែលបក្សបានផ្តួចផ្តើមឡើង ដឹកនាំបក្សបន្តអះអាងថា មាគ៌ារបស់វៀតណាមឆ្ពោះទៅកាន់សង្គមនិយមគឺត្រឹមត្រូវ និងស្របនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាម និងនិន្នាការអភិវឌ្ឍន៍នៃសម័យកាល ការអនុវត្តនោះបញ្ជាក់ពីសច្ចធម៌មួយ៖ នៅប្រទេសវៀតណាមគ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានភាពក្លាហានគ្រប់គ្រាន់មានភាពឆ្លាតវៃ និងបទពិសោធន៍ កិត្យានុភាព និងសមត្ថភាពដឹកនាំប្រទេស នាំបុព្វហេតុបដិវត្តន៍របស់ប្រទេសជាតិពីជ័យជម្នះមួយទៅជាជ័យជម្នះមួយទៀត អភិវឌ្ឍ ធ្វើសមាហរណកម្មដោយឥតឈប់ឈរជាមួយពិភពលោកបច្ចុប្បន្ន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.