ព្រឹត្តិការណ៍

បង្កើនការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីការពាររបបនយោបាយ

បង្កើនការងារប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីការពាររបបនយោបាយ

(VOVWORLD) - ក្នុងអំឡុងពេល ១០ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ មក ការងាប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម ទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន គ្រប់ជ្រុងជ្រោយនិងច្បាស់លាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស ការពារ របបសង្គមនិយម ដូចទៅនឹងការវាយតម្លៃនៅក្នុងសន្និសីទជាតិបូកសរុបការ ងារប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេល១០ឆ្នាំ ២០១២ - ២០២២ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ និងឆ្នាំ ២០២២ នៅទីក្រុងហាណូយ។ ការសុក្រិតយន្តការបង្ការប្រឆាំងយ៉ាងតឹងរឹង គឺជាកត្តាឈានមុខនៃការកំណត់ភាពជោគជ័យនៃការងារបង្ការប្រឆាំងអំពើពុករលួយរបស់វៀតណាម។

អគ្គលេខាបក្ស លោក Nguyen Phu Trong - ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ថ្លែងក្នុងសន្និសីទជាតិបូកសរុបការងារប្រឆាំងអំពើពុករលួយ  រយៈពេល ១០ ឆ្នាំ ២០១២-២០២២ នាថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ (រូបថត៖ VOV)

សន្និបាតមជ្ឈិមលើកទី ៥ នីតិកាល ទី១១ (ឧសភា ២០១២) បានសម្រេចលើគោលនយោបាយ បង្កើតគណៈកម្មាធិការមជ្ឈិមដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ (គណៈកម្មាធិការដឹកនាំ) ចំណុះការិយាល័យនយោបាយ ដឹកនាំដោយអគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណា  ដើម្បីដឹកនាំការងារប្រយុទ្ធប្រឆាំងអំពើពុករលួយទូទាំងប្រទេស។ ចាប់តាំងពីការបង្កើតគណកម្មាធិការដឹកនាំ (ខែកុម្ភៈ ឆ្នាំ២០១៣) រហូតមកដល់ពេលនេះ ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយទទួលបានវឌ្ឍនភាពយ៉ាងខ្លាំងក្លា និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើនលើគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់ បន្សល់ទុកនូវសញ្ញាសម្គាល់ល្អប្រសើរ បង្កើតផលវិជ្ជមាន រីកសុះសាយក្នុងសង្គមទាំងមូល ដែលទទួលបានការស្រុះចិត្តគំនិត ឯកភាព ឆ្លើយតប និងកោតសរសើរពីកម្មាភិបាល បក្ខជន និងប្រជាជន ហើយបានសហគមន៍អន្តរជាតិទទួលស្គាល់។ ពោលគឺ អំពើពុករលួយកំពុងត្រូវបាន “រាំងស្កាត់ និងកាត់បន្ថយជាជំហានៗ” ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងកែតម្រូវបក្ស រក្សាស្ថិរភាពនយោបាយ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

តាមនោះ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ វៀតណាមបានសុក្រិតនូវយន្តការទប់ស្កាត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការងារត្រួតពិនិត្យនិងឃ្លាំមើលរបស់បក្ស អធិការកិច្ច និងសវនកម្មរបស់រដ្ឋត្រូវបានពង្រឹង រកឃើញ និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពាន រឹតបន្តឹងវិន័យ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។

ចំណុចលេចធ្លោគឺការងារស៊ើបអង្កេត  និងកាត់ក្តី ត្រូវបានដឹកនាំយ៉ាងម៉ឺងម៉ាត់ ដោយអនុវត្តន៍យ៉ាងត្រឹមត្រូវនូវគោលគំនិត “គ្មានតំបន់ហាមឃាត់ គ្មានករណីលើកលែង មិនថា បុគ្គលនោះជានរណាទៀតសោត” បង្កើតឱ្យមានចំណុចលោតផ្លោះក្នុងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ស្ថាប័នប្រតិបត្តិច្បាប់ទូទាំងប្រទេស បានកាត់ទោស និងស៊ើបអង្កេតជាង ១៩.៨៦០ ករណី ដោយមានជនជាប់ចោទជាង ៣៣.៨៦០ នាក់ កាត់ទោសជិត ១៦.៧០០ ករណី ដោយមានជនជាប់ចោទជាង ៣៣.០០០ នាក់។ ជាពិសេសនាពេលថ្មីៗនេះ ស្ថាប័នមុខងារបានផ្តោតទៅលើការស៊ើបអង្កេត និងដោះស្រាយយ៉ាងតឹងរ៉ឹងនូវករណីពុករលួយជាច្រើន  អំពើពុករលួយធ្ងន់ធ្ងរពិសេស បង្កឲ្យមានការខូចខាតយ៉ាងធំ  ដែលកើតឡើងលើវិស័យសុខាភិបាល ការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី មូលបត្របំណុលសាជីវកម្ម...ជាដើម។

គួរបញ្ជាក់ផងដែរថា ការងារកសាង និងសុក្រិតរបបទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនឡើង ដោយបង្កើតយន្តការទប់ស្កាត់ដ៏តឹងរ៉ឹងជាបណ្តើរៗ  ដើម្បី “អំពើពុករលួយ និងអវិជ្ជមានមិនអាចកើតមានបានឡើយ”។ គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងគណៈលេខាបានចេញឯកសារជាង ២៥០ ច្បាប់ ស្តីពីការកសាងបក្ស ការកសាងប្រព័ន្ធនយោបាយ និងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ; រដ្ឋសភាបានធ្វើវិសោធនកម្ម បំពេញបន្ថែម និងចេញផ្សាយនូវច្បាប់ បទប្បញ្ញត្តិនិងសេចក្តីសម្រេចថ្មីជាង ៣០០ច្បាប់; រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីបានចេញក្រឹត្យ និងសេចក្តីសម្រេចជាង ២.០០០ ច្បាប់ ហើយ ក្រសួង ស្ថាប័ន និងមូលដ្ឋានបានចេញឯកសារច្បាប់រាប់ពាន់ ដើម្បីលាតត្រដាងអនុវត្តន៍ជាក់ស្តែង នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច-សង្គម ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងដោះស្រាយអំពើពុករលួយនិងអំពើអសកម្ម។ ទន្ទឹមនឹងនោះ ការងាររៀបចំកម្មាភិបាលមានការច្នៃប្រឌិតជាច្រើន ប្រជាធិបតេយ្យ និងតម្លាភាព; បញ្ហាដែលនៅសេសសល់ជាច្រើន ក្នុងការងាររៀបចំកម្មាភិបាលត្រូវបានណែនាំដោះស្រាយ។  ការងារគ្រប់គ្រងទ្រព្យសម្បត្តិ ប្រាក់ចំណូល ការទូទាត់មិនប្រើសាច់ប្រាក់ ការលើកកម្ពស់កំណែទម្រង់រដ្ឋបាល ការលើកកម្ពស់ការបើកចំហរជាសាធារណៈ បង្កើនលក្ខណៈតម្លាភាព និងគណនេយ្យភាព បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងអាជីវកម្ម លើកកម្ពស់នូវការប្រកួតប្រជែងថ្នាក់ជាតិ និងទប់ស្កាត់អំពើពុករលួយនិងអសកម្ម។

សន្និសីទជាតិបូកសរុបការងារប្រឆាំងអំពើពុករលួយ រយៈពេល ១០ ឆ្នាំ ២០១២ - ២០២២ (រូបថត៖ VOV)

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ សកម្មភាពរបស់គណៈកម្មាធិការមជ្ឈិមអំពីការងារបង្ការប្រឆាំងអំពើពុករលួយមានភាពច្នៃប្រឌិត មានវិន័យ វិធីសាស្រ្ត វិទ្យាសាស្រ្ត យ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាព។ នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ការិយាល័យនយោបាយបានចេញបទបញ្ជាលេខ ៣២-QD/TW បំពេញបន្ថែម និងពង្រីកមុខងារ ភារកិច្ច និងអំណាចរបស់គណៈកម្មាធិការដឹកនាំ ដើម្បីដឹកនាំទាំងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអំពើអសកម្ម។ ស្ថាប័នទទួលបន្ទុកកិច្ចការផ្ទៃក្នុង ត្រួតពិនិត្យរបស់បក្ស អធិការកិច្ច សវនកម្ម ការស៊ើបអង្កេត ការកាត់ទោស ការកាត់ក្តី ។ល។ ត្រូវបានពង្រឹង និងសម្របសម្រួលកាន់តែជិតស្និទ្ធ ទាន់ពេលវេលា និងពិតជាបាននាំយកមកនូវតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរក និងដោះស្រាយអំពើពុករលួយ និងអំពើអសកម្ម។គិតដល់ត្រឹមថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ មានខេត្ត ក្រុងចំនួន ៣៤ បានបង្កើតគណៈកម្មាធិការដឹកនាំថ្នាក់ខេត្ត ដើម្បីបង្កើតការផ្លាស់ប្តូរកាន់តែរឹងមាំក្នុងការងារប្រយុទ្ធ ប្រឆាំងអំពើពុករលួយនៅតាមមូលដ្ឋាន។

លទ្ធផលដែលសម្រេចបានក្នុងការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអំពើអសកម្មនៅវៀតណាម នាពេលកន្លងមក ត្រូវបានប្រជាជនស្រុះចិត្តគំនិតឯកភាព គាំទ្រ និងវាយតម្លៃខ្ពស់ គឺជារង្វាស់នៃជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស បញ្ជាក់ពីគោលដៅ ទស្សនៈ គោលនយោបាយ ដំណោះស្រាយរបស់បក្សនិងរដ្ឋលើការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ អំពើអសកម្ម គឺត្រឹមត្រូវទាំងស្រុង ទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែង និងការពារបានយ៉ាងល្អនូវមូលដ្ឋានមនោគមវិជ្ជារបស់បក្ស រដ្ឋនិងរបបសង្គមនិយមរបស់វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.