ព្រឹត្តិការណ៍

អនុវត្តន៍​សមាហរណកម្មអន្តរជាតិយ៉ាងសកម្មក្នុងស្ថានភាពថ្មី

អនុវត្តន៍​សមាហរណកម្មអន្តរជាតិយ៉ាងសកម្មក្នុងស្ថានភាពថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ ក្នុងនាមជាភ្ញៀវកិត្តិយស និងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី ៣១ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ សំដៅបន្តអនុវត្តន៍ជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី ក្នុងនោះ ផ្តោតលើការចូលរួមយ៉ាងសកម្មទៅក្នុងវេទិកាពហុភាគី និងយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានចូលរួមសន្និសីទនេះជាមួយថ្នាក់ដឹកនាំប្រទេសជាង ២០ ក្នុងនោះមានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងថ្នាក់ដឹកនាំអង្គការអន្តរជាតិចំនួន ១០។ នេះគឺជាសន្និសីទដ៏ធំបំផុតចាប់តាំងពី SCO ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១មក។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នឹងចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ។ រូបថត៖ VGP

SCO-លើកកម្ពស់ស្មារតីសៀងហៃ

សន្និសីទនេះគឺជាសកម្មភាពការទូតដ៏សំខាន់បំផុតមួយរបស់ប្រទេសចិនក្នុងឆ្នាំនេះ ដោយរបៀបវារៈផ្តោតលើការលើកកម្ពស់ "ស្មារតីសៀងហៃ" ពង្រឹងយន្តការកិច្ចសហប្រតិបត្តិការ ពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាអន្តរជាតិ និងតំបន់ ក៏ដូចជាជំរុញ កិច្ចសហប្រតិបត្តិការពហុភាគី     ក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។

ប្រធានរដ្ឋចិនលោក Xi Jinping នឹងធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី២៥ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ SCO និងសន្និសីទ "SCO +" ហើយនឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ ទំហំនៃសន្និសីទនេះ ឆ្លុះបញ្ចាំងពីការរំពឹងទុករបស់ប្រទេសសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ តាមការគ្រោងទុក បណ្តាមេដឹកនាំនឹងចុះហត្ថលេខា ហើយអនុម័តលើ "សេចក្តីប្រកាសទីក្រុងធានជីន" លើ "យុទ្ធសាស្ត្រអភិវឌ្ឍន៍ SCO រយៈពេល ១០ ឆ្នាំខាងមុខ" និងចេញឯកសារសំខាន់ៗ រំលឹកខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម និងការបង្កើតអង្គការសហប្រជាជាតិ។

ក្រោយរយៈពេល ២៤ ឆ្នាំនៃការបង្កើត អង្គការសហប្រតិបត្តិការសៀងហៃបានពង្រីកពីសមាជិកស្ថាបនិកចំនួន ៦ ទៅប្រទេសសមាជិកចំនួន ១០ ជាមួយប្រទេសសង្កេតការណ៍ចំនួន ២ និងដៃគូសន្ទនាចំនួន ១៤ ដោយមានប្រទេសសរុបចំនួន ២៦ នៅទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ SCO បានក្លាយជាអង្គការអន្តរជាតិក្នុងតំបន់ដ៏ធំបំផុតរបស់ពិភពលោក ដែលមានវិសាលភាពធំបំផុត និងចំនួនប្រជាជនច្រើនបំផុត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍសកល។

ជាមួយនឹងគោលការណ៍បើកចំហរ និងបរិយាប័ន្ន SCO បើកទ្វារសម្រាប់ប្រទេសទាំងអស់ដែលទទួលស្គាល់ស្មារតីសៀងហៃ ហើយស្វាគមន៍ប្រទេស និងដៃគូកាន់តែច្រើនដែលមានឆន្ទៈចូលរួមជាមួយ SCO ។ ការដែលវៀតណាមចូលរួម SCO ក្នុងនាមជាភ្ញៀវរបស់ប្រទេសម្ចាស់ផ្ទះគឺជាឱកាសមួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ផ្លាស់ប្តូរទស្សនៈ និងជំរុញគោលដៅរួមក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងវប្បធម៌ ។ល។

ជំរុញទំនាក់ទំនងវៀតណាម-ចិនតាមទិសដៅ “៦ ជាង”

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងវៀតណាម-ចិនរក្សាបាននូវនិន្នាការអភិវឌ្ឍន៍វិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។

ឆ្នាំនេះ ប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) ដូច្នេះហើយ សកម្មភាពផ្លាស់ប្តូរនិងទំនាក់ទំនងកម្រិតខ្ពស់រវាងភាគីទាំងពីរបានប្រព្រឹត្តទៅក្នុងទម្រង់ជាច្រើន ចាប់ពីការសន្ទនាតាមទូរស័ព្ទរហូតដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងដំណើរទស្សនកិច្ចការងារ។ ជាពិសេស ការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុនីស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping នាថ្ងៃទី ១៥ មករា បានប្រកាសចាប់ផ្តើម “ឆ្នាំផ្លាស់ប្ដូរមនុស្សធម៌វៀតណាម - ចិន ២០២៥”។ បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមក្នុងខែមេសា ឆ្នាំ ២០២៥ ដែលគួសសញ្ញាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី ៤ របស់មេដឹកនាំចិនមកកាន់វៀតណាម ដែលបង្ហាញពីទំនុកចិត្តខ្ពស់ និងលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី។

វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបានកត់ត្រាកំណើនយ៉ាងខ្លាំង។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៤ សម្រេចបានជាង ២០៥ ពាន់លានដុល្លារ។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ បានកើនឡើងជាង ២១% ដោយសម្រេចបានប្រហែល ១៣៧ ពាន់លានដុល្លារ។ វិស័យទេសចរណ៍ក៏បានកត់ត្រានូវវឌ្ឍនភាព ដោយមានភ្ញៀវចិនជាង ៣,១ លាននាក់មកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៧ ខែដើមឆ្នាំ ស្មើនឹង ២៥,៥% នៃចំនួនភ្ញៀវអន្តរជាតិសរុបមកកាន់វៀតណាម។ តួរលេខទាំងនេះគឺជាភសក្ខីភាពដ៏រស់រវើកដែលបង្ហាញថា ទំនាក់ទំនងជាសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនបានឈានដល់ដំណាក់កាលល្អប្រសើរបំផុត តាមទិស “៦ ជាង” ដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។ នោះគឺ៖ ទំនុកចិត្តខាងនយោបាយខ្ពស់ជាង; កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាក់ស្តែងជាង; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពជាង; ការផ្លាស់ប្តូរមនុស្សធម៌យ៉ាងស៊ីជម្រៅជាង; ការសម្របសម្រួលពហុភាគីជិតស្និទ្ធជាង; ការគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតគ្នាប្រកបដោយប្រសិទ្ធភាពជាង។ នេះក៏ត្រូវបានបញ្ជាក់ដោយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក He Wei  ក្នុងកម្មវិធីជួបប្រាស្រ័យប្រជាជនមិត្តភាពវៀតណាម-ចិន កាលពីខែមេសាកន្លងទៅ៖ “ចិន និងវៀតណាម ជានិច្ចកាលចាត់ទុកការអភិវឌ្ឍរបស់គ្នាទៅវិញទៅមក ជាផលប្រយោជន៍ផ្ទាល់ខ្លួន។ ចាប់តាំងពីការបង្កើតសហគមន៍ចែករំលែកអនាគតមក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ជាពិសេសលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល វាយោអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ ផលិតផលកសិកម្ម។ល។ ទំនាក់ទំនងស្ថិរភាពរវាងចិន-វៀតណាម បានបង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងពិភពលោកដែលមានប្រែប្រួលជាច្រើន”។

ដោយឈរលើមូលដ្ឋាននោះ ការចូលរួមរបស់នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ នៅកិច្ចប្រជុំកំពូល SCO ឆ្នាំ ២០២៥ នឹងរួមចំណែកធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន ហើយទន្ទឹមនឹងនោះ អះអាងពីតួនាទីសកម្ម និងម្ចាស់ការរបស់វៀតណាមក្នុងយន្តការសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងពិភពលោក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.