ព្រឹត្តិការណ៍

សារព័ត៌មានបដិវត្តន៍និងបេសកកម្មបម្រើប្រទេសជាតិនិងបម្រើប្រជាជន

សារព័ត៌មានបដិវត្តន៍និងបេសកកម្មបម្រើប្រទេសជាតិនិងបម្រើប្រជាជន

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ វៀតណាមកំពុងប្រារព្ធខួបលើកទី ១០០ នៃសារព័ត៌មានបដិវត្តន៍ (២១ មិថុនា ១៩២៥-២១ មិថុនា ២០២៥។ ក្នុងដំណើរនេះ សារព័ត៌មានបដិវត្តន៍វៀតណាមតែងតែស្មោះត្រង់ ខ្ជាប់ខ្ជួនជាមួយនឹងគោលដៅដែលខ្លួនបានដាក់ចេញ ក្លាយជាអាវុធដ៏មុតស្រួច រួមដំណើរជាមួយប្រទេសជាតិក្នុងការតស៊ូយ៉ាងលំបាក ក៏ដូចជាក្នុងដំណើរការកសាងប្រទេសជាតិ។

កាសែត Thanh Nien - សារព័ត៌មានបដិវត្តន៍ដំបូងរបស់វៀតណាម បោះពុម្ពក្នុងខែតុលា ឆ្នាំ ១៩២៦ (រូបថត៖ VOV5)

ជាមួយនឹងសញ្ញាសម្គាល់សំខាន់ដំបូង គឺកាសែត Thanh Nien ដោយលោក Nguyen Ai Quoc ជាស្ថាបនិក ដែលបានបោះពុម្ពជាអក្សរ Quoc Ngu ច្បាប់ចេញផ្សាយដំបូងចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩២៥ សារព័ត៌មានបដិវត្តន៍ត្រូវបានបង្កើតចេញដូចតម្រូវការចាំបាច់នៃប្រវត្តិសាស្ត្រ។

ប្រកាន់ខ្ជាប់ជានិច្ចនូវបេសកកម្មបម្រើប្រទេសជាតិនិងបម្រើប្រជាជន

ត្រូវបានបង្កើតឡើងដោយមានគោលដៅបម្រើបដិវត្តន៍ សារព័ត៌មាន វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការតស៊ូរំដោះប្រទេសជាតិ កសាងនិងការពារប្រទេសជាតិក៏ដូចជាក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី។

តាំងពីដើមមក សារព័ត៌មានបដិវត្តន៍វៀតណាមបានជ្រើសរើសមហាជន ជាពិសេសកម្មករ កសិករ និងបញ្ញវន្តស្នេហាជាតិ ជាមជ្ឈមណ្ឌលសម្រាប់បម្រើ- ជាអ្នកទទួលព័ត៌មាន ជាម្ចាស់កម្មវត្ថុនៃការឆ្លុះបញ្ចាំង ហើយក៏ជាអ្នកបង្កើតខ្លឹមសារជាក់ស្តែងផងដែរ។

សារព័ត៌មានបដិវត្តន៍វៀតណាមក៏បង្ហាញយ៉ាងច្បាស់នូវចរិតលក្ខណៈជាតិរបស់ខ្លួននៅពេលលើកកំពស់តួនាទី ក្នុងការតភ្ជាប់សមាសភាគសង្គម ប្រមូលផ្តុំ និងពង្រីកកម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូល។ ពីទីក្រុងទៅកាន់ជនបទ ពីវាលទំនាបដល់តំបន់ព្រៃភ្នំ ពីជនជាតិភាគតិចក្នុងប្រទេស រហូតដល់អាណិកជនវៀតណាមឃ្លាតឆា្ងយពីស្រុកកំណើត សារព័ត៌មានផ្លូវការតែងតែខិតខំនាំមនុស្សគ្រប់រូបឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា តាមរយៈលំហូរនៃព័ត៌មានពិត ពោរពេញដោយលក្ខណៈមនុស្សធម៌ និងការទទួលខុសត្រូវ។

ក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ការរក្សាគោលជំហរ “យកប្រជាជនជាឫសគល់” ជាមូលដ្ឋានគ្រឹះសម្រាប់សារព័ត៌មានវៀតណាម បន្តបំពេញបេសកកម្មដ៏រុងរឿងរបស់ខ្លួនក្នុងការបម្រើប្រទេសជាតិនិងបម្រើប្រជាជន។ អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាម (ថ្ងៃទី ១៥ មិថុនា) ប្រធានរដ្ឋសភាលោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ “ខ្ញុំសូមរំលឹកឡើងវិញនូវប្រសាសន៍របស់លោកអ៊ំហូជាទីគោរពស្រឡាញ់ថា សារព័ត៌មានបដិវត្តន៍ គឺជាអាវុធដ៏មុតស្រួចបំផុតក្នុងបុព្វហេតុបដិវត្តន៍។ អ្នកសារព័ត៌មានតែងតែប្រាថ្នារក្សាសីលធម៌អ្នកកាសែតបដិវត្តន៍ដែលបម្រើមាតុភូមិ និងបម្រើប្រជាជន”។

ប្រធានរដ្ឋសភាលោក Tran Thanh Man ជូនអំណោយដល់អ្នកសារព័ត៌មានក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (រូបថត៖ VOV)

នៅចំពោះមុខឱកាសអភិវឌ្ឍន៍

នៅក្នុងបរិបទបច្ចុប្បន្ននៃសកលភាវូបនីយកម្ម ការផ្លាស់ប្តូរឌីជីថល និងការធ្វើពិពិធកម្មព័ត៌មាន   កិច្ចការការពារនិងពង្រីកលក្ខណៈស្នូល និងអត្តសញ្ញាណនៃបដិវត្តន៍សារព័ត៌មាន គឺជាកិច្ចការមានចរិតលក្ខណៈស្លាប់រស់។

ខ្លឹមសារគឺជាព្រលឹងដែលជាកត្តាស្នូល តំណាងឱ្យអត្តសញ្ញាណនិងតម្លៃសង្គមនៃសារព័ត៌មានបដិវត្តន៍វៀតណាម។ ប៉ុន្តែដើម្បីឱ្យខ្លឹមសារនោះអាចទៅដល់សាធារណជនបានយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាពនិងទាក់ទាញ បច្ចេកវិទ្យាគឺជាគន្លឹះដែលមិនអាចខ្វះបានឡើយ។

អគ្គនាយកវិទ្យុសម្លេងវៀតណាម Do Tien Sy (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចពិភាក្សា និងជួបជាមួយទីភ្នាក់ងារសារព័ត៌មាន វៀតណាម (ថ្ងៃទី ១៥ មិថុនា) នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេង វៀតណាលោក Do Tien Sy បានឲ្យដឹងថា៖ “នាពេលខាងមុខ ចាំបាច់ត្រូវបន្តលើកទឹកចិត្តគំនិតផ្តួចផ្តើមផ្សព្វផ្សាយ ដោយផ្អែកលើបច្ចេកវិទ្យាមូលដ្នានគ្រឹះ “Made in Vietnam”; ចេញផ្សាយ "យុទ្ធសាស្ត្រជាតិស្តីពីផ្សព្វផ្សាយឌីជីថលដល់ឆ្នាំ ២០៣៥" រួមបញ្ចូលការផ្សព្វផ្សាយនៅក្នុងកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិ ចែករំលែកបច្ចេកវិទ្យា ស្តង់ដារទិន្នន័យ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិព័ត៌មាន។ ផ្តល់អាទិភាពដល់ធនធានសម្រាប់ការបណ្តុះបណ្តាលក្រុម "អ្នកកាសែត ឌីជីថល" ដែលរួមបញ្ចូលគ្នារវាងអ្នកយកព័ត៌មាន វិស្វករបច្ចេកវិទ្យា អ្នកជំនាញទិន្នន័យ - តាមនោះ លើកកម្ពស់សមត្ថភាពផលិតខ្លឹមសារអប់រំ នៅក្នុងបរិយាកាសពហុមធ្យោបាយ”។

ការអភិវឌ្ឍដ៏ខ្លាំងក្លានៃបច្ចេកវិទ្យាទំនាក់ទំនងទំនើប បង្កបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏បើកឱកាសសម្រាប់សារព័ត៌មានបដិវត្តន៍វៀតណាមដើម្បីលើកកំពស់តួនាទីរបស់ខ្លួន ក្នុងនាមជាតំណងភ្ជាប់ និងដឹកនាំមតិ សាធារណៈក្នុងវិស័យសារព័ត៌មានថ្មី។ លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនា និងចលនាមហាជនមជ្ឈិមបានលើកឡើងថា៖ “ប្រាកដណាស់ថា នៅក្នុងសន្ទរកថា របស់លោកអគ្គលេខាបក្សក្នុងពិធី (ខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម) នឹងបញ្ចូនសារ ជាយុទ្ធសាស្ត្រ ដើម្បីជ្រួតជ្រាបនិងអនុវត្តឱ្យបានហ្មត់ចត់ រួមជាមួយការឆ្ពោះទៅមហាសន្និបាតបក្ស លើកទី ១៤ នាពេលខាងមុខ។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា  ជម្នះរាល់ការលំបាក និងឧបសគ្គ ដើម្បីបំពេញបេសកកម្មដ៏រុងរឿងនៃបដិវត្តន៍សារព័ត៌មានក្នុងយុគសម័យថ្មី”។

ប្រវត្តិសាស្ត្រសារព័ត៌មានវៀតណាម ផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្របដិវត្តន៍ វៀតណាម។ ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ បានកំណត់កសាងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ មនុស្សសាស្ត្រ និងទំនើប។ ពីសមិទ្ធិផលដែលសម្រេចបានក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក រួមជាមួយនឹងទិសដៅសំខាន់ៗក្នុងការអភិវឌ្ឍ សារព័ត៌មានបដិវត្តន៍វៀត ណាមបន្តរួមដំណើរជាមួយប្រទេសជាតិនិងប្រជាជាតិ ដើម្បីបន្តសរសេរឡើងរាល់ជោគជ័យ ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីជាពិតប្រាកដ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.