ព្រឹត្តិការណ៍

សេដ្ឋកិច្ចវៀតណាមបន្តសន្ទុះស្ដារឡើងវិញ

សេដ្ឋកិច្ចវៀតណាមបន្តសន្ទុះស្ដារឡើងវិញ

(VOVWORLD) - តារាងតួរលេខស្ថិតិសេដ្ឋកិច្ចប្រចាំខែសីហា និងរយៈពេល ៨ ខែ ដើមឆ្នាំ ២០២២ ដែលទើបបានប្រកាសដោយអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការ និងវិនិយោគ) បានសរឲ្យឃើញថា សេដ្ឋកិច្ចវៀតណាមកំពុងទទួលបានសន្ទុះកំណើនដូចមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។ សញ្ញាសេដ្ឋកិច្ចស្ដារឡើងវិញបន្តបានបង្ហាញលើវិស័យដូចជា៖ ផលិតកម្មឧស្សាហកម្ម ការនាំចេញ នាំចូលទំនិញ ខណៈពេលដែលអតិផរណាត្រូវបានគ្រប់គ្រងផងដែរ។

សកម្មភាពផ្ទុក និងដឹកជញ្ជូនទំនិញនៅកំពង់ផែ Cat Lai ទីក្រុង Thu Duc (រូបថត៖ Hong Dat/VNA)

ការស្ដារឡើងវិញយ៉ាងច្បាស់លាស់

តួរលេខស្ដារឡើងវិញយ៉ាងច្បាស់លាស់បំផុតគឺជាកម្លាំងទិញនៃខឿនសេដ្ឋកិច្ច។ នៅពេលប្រកាសតួរលេខនេះ អគ្គនាយកដ្ឋានស្ថិតិក៏បានវាយតម្លៃថា ប្រតិបត្តិការពាណិជ្ជកម្ម និងសេវាកម្មត្រូវបានស្ដារឡើងវិញនៅគ្រប់ផ្នែក ហើយបានកត់ត្រាកម្រិតខ្ពស់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ជាក់ស្ដែង ក្នុងខែសីហា ឆ្នាំ ២០២២ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់កើនប្រមាណ០,៦% បើប្រៀបធៀបនឹងខែមុន ហើយកើន ៥០,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ពោលគឺសម្រេចបានទំហំ និងល្បឿនកំណើនខ្ពស់ជាងបើប្រៀបធៀបនឹងបណ្ដាឆ្នាំមុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

កម្លាំងទិញកើនឡើងបានបង្កើតកម្លាំងចលករសម្រាប់ផលិតកម្មក្នុងប្រទេស។ សន្ទស្សន៍ផលិតកម្មនៃផ្នែកឧស្សាហកម្មទាំងមូល (IIP) ក្នុងខែសីហា ឆ្នាំ ២០២២ បានកើនឡើង ១៥,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាទូទៅសម្រាប់រយៈពេល ៨ ខែ សម្រេចបានកំណើន ៩,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅពេលដែលលក្ខខ័ណ្ឌសេដ្ឋកិច្ចអំណោយផល សហគ្រាសក៏បង្កើនការវិនិយោគ ផលិតកម្ម និងធ្វើអាជីវកម្មផងដែរ។ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ វៀតណាមបានកត់ត្រាសហគ្រាសជិត ១៥ ម៉ឺនអង្គភាព ដែលបានចុះបញ្ជីថ្មី និងប្រតិបត្តិការឡើង ពោលគឺកើនជាង ៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃខឿនសេដ្ឋកិច្ចវៀតណាមចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នគឺមានការរួមចំណែកយ៉ាងសំខាន់នៃមុខទំនិញនាំចេញ។ ក្នុងរយៈពេល ៨ ខែ តម្លៃប្រាក់នាំចេញ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ១៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានសរឲ្យឃើញថា វៀតណាមបន្តជាទីតាំងផ្គត់ផ្គង់ទំនិញដ៏ធំធេងសម្រាប់ទីផ្សារពិភពលោក។ ក្នុងនាមជាប្រទេសដែលមានការបើកចំហសេដ្ឋកិច្ចដ៏ធំ ហើយបានចូលរួមកិច្ចព្រមព្រៀង FTA ចំនួន ១៧ (FTA ចំនួន ១៥ បានចូលជាធរមាននិង  FTA ចំនួន ២ កំពុងបានចរចា) បើកឱកាសជាច្រើនដើម្បីពន្លឿនការនាំចេញ ទាញយកភាពអនុគ្រោះពន្ធក្នុង FTA នីមួយៗ។ របាយការណ៍នាពេលថ្មីៗនេះរបស់ Fitch Solutions បានឲ្យដឹងថា វៀតណាមកំពុងលេចធ្លោដូចជា មជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅតំបន់បូព៌ា និងអាស៊ីអាគ្នេយ៍  ដោយទទួលបានការជួយឧបត្ថម្ភពីការខិតខំប្រឹងប្រែងសេរីភាវូបនីយកម្មសេដ្ឋកិច្ចដែលដឹកនាំដោយរដ្ឋាភិបាល និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងសមាជិកភាពនៃប្លុកតំបន់ និងអន្តរជាតិ។ សេដ្ឋកិច្ចវិទូ លោកបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Econimica វៀតណាមបានចាត់ទុកថា៖ “កម្រិតនាំចេញហួសកម្រិតនេះបានជួយសម្រួលជាច្រើនដល់ការអនុវត្តរាល់គោលនយោបាយរូបិយវត្ថុរបស់វៀតណាម ជាពិសេសក្នុងបរិបទដែលសម្ពាធ លើរូបិយប័ណ្ណវៀតណាមនាពេលថ្មីៗនេះ។ ជាទូទៅ អត្រាកំណើនបានប្រព្រឹត្តិទៅក្នុងបរិបទដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងប្រមាណ ២,៥% ហើយអតិផរណា កើនឡើងត្រឹមតែប្រមាណ១,៦% ប៉ុណ្ណោះ។ នេះគឺជាចំណុចភ្លឺរបស់វៀតណាម នៅពេលដែលខឿនសេដ្ឋកិច្ចជាច្រើននៅលើពិភពលោក និងតំបន់កំពុងរងការលំបាកជាច្រើនផងដែរ”។

យថាទស្សន៍ដ៏ភ្លឺស្វាង

សេដ្ឋកិច្ចវិទូ លោកបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ Econimica វៀតណាម (រូបថត៖ vnexpress)

ពិតណាស់ថាសន្ទស្សន៍ម៉ាក្រូសេដ្ឋកិច្ចប្រចាំខែសីហាសុទ្ធតែបានកើនឡើងយ៉ាងខ្លាំងក្លា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ មូលហេតុចម្បងគឺដោយសារវៀតណាមបានបើកសកម្មភាពឡើងវិញ ក្រោយរយៈពេលដ៏វែងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសេដ្ឋកិច្ចវិទូជាច្រើនបានឲ្យដឹងថា ការស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចពិតជាច្បាស់លាស់ណាស់។ សក្ខីភាពគឺ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ កន្លងទៅ ការលក់រាយទំនិញសរុប និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់បានកើនឡើង ១៣,៩% បើធៀបនឹងរយៈពេល ៨ ខែដើមឆ្នាំ ២០១៩ - មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ ១៩។

ដើម្បីរក្សាសន្ទុះកំណើននៃខឿនសេដ្ឋកិច្ច ជាពិសេសគឺកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការគ្រប់គ្រងគោលនយោបាយរបស់ប្រទេសធំៗនៅលើពិភពលោក យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា វៀតណាមចាំបាច់ត្រូវពន្លឿនការបើកចំណាយថវិកាសាធារណៈ សម្របសម្រួលគោលនយោបាយសរពើពន្ធ រូបិយប័ណ្ណ និងផ្ដោតសំខាន់លើការស្ដារកម្លាំងសហគ្រាសឡើងវិញ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Phan Chi Anh នាយកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ច (CBAS) នៃមហាវិទ្យាល័យសេដ្ឋកិច្ច - សាកលវិទ្យាល័យជាតិវៀតណាមហាណូយបានឲ្យដឹងថា៖ “ការអភិវឌ្ឍនៃវិស័យសហគ្រាស និងសេវាកម្មបានស្រូបយក ៤០% នៃកំណើន GDP ប្រចាំឆ្នាំ។ ប្រសិនបើយើងមិនអាចដោះស្រាយបញ្ហាជួយសម្រួលដល់សហគ្រាសនឹងនាំមកនូវហានិភ័យក្នុងការធានានូវកំណើន GDP”។

ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពក្នុងប៉ុន្មានខែចុងឆ្នាំ ២០២២ មិនត្រឹមតែជួយ វៀតណាមសម្រេចបានគោលដៅកំណើនពេញមួយឆ្នាំប៉ុណ្ណោះទេ ថែមទាំងជាបុព្វបទដើម្បីកំណើនដ៏រឹងមាំ និងប្រកបដោយនិរន្តរភាពនៃខឿនសេដ្ឋកិច្ចទាំងមូលនៅឆ្នាំ ២០២៣ ទៀតផង។ សង្ឃឹមថា ក្រោមការសម្របសម្រួលរបស់រដ្ឋាភិបាល ក្រសួង សាខា និងមូលដ្ឋាន រួមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ចនោះ ផ្ទាំងគំនូរសេដ្ឋកិច្ចវៀតណាមនឹងបន្តភ្លឺស្វាងផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.