ព្រឹត្តិការណ៍

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ

ដៀនបៀនភូ- ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ក្នុងប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេសជាតិរបស់ប្រជាជាតិវៀតណាម ជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ (Dien Bien Phu) នៅថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ គឺជាកំពូលដ៏ត្រចះត្រចង់ ជាអព្ភូតហេតុដ៏រុងរឿងនៃសម័យហូជីមិញ។ ជ័យជំនះដ៏មហិមារនេះជាការព្រនងយ៉ាងដំណាំ មានលក្ខណៈសម្រេច បង្កើតឡើងរបត់ប្រវត្តិសាស្ត្រដែលបានផ្លាស់ប្តូរស្ថានភាពសង្រ្គាមទាំងស្រុង នាំដោយផ្ទាល់ ដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពីការបញ្ចប់សង្រ្គាម ស្តារសន្តិភាពនៅឥណ្ឌូចិន បង្កើតមូលដ្ឋាននិងលក្ខខណ្ឌសម្រាប់ប្រជាជន វៀត ណាមដណ្តើមជ័យជំនះដ៏មហិមា នៅក្នុងការតស៊ូប្រឆាំងនឹងអាមេរិក រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិទាំងស្រុង។

ក្រោយរយៈពេល ៧០ ឆ្នាំ ចាប់តាំងពីជ័យជំនះដ៏មហិមារនោះមក នាប៉ុន្មានថ្ងៃនេះ តំបន់ដីដៀនបៀនភូនៅតែបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ បន្តជាកន្លែងបណ្តុះពន្លកសុភមង្គល បើកចេញផ្លូវសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ បារាំងនិងវៀតណាម។

នៅរសៀលថ្ងៃទី ៧ ឧសភា ឆ្នាំ ១៩៥៤ ទង់ "ប្តេជ្ញាប្រយុទ្ធ - ប្តេជ្ញាឈ្នះ" របស់កងទ័ពប្រជាជនវៀតណាមបានហោះនៅលើដំបូលនៃលេណដ្ឋានរបស់ឧត្តមសេនីយ៍ De Castries ។ យុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រត្រូវបានឈ្នះទាំងស្រុង (រូបថត៖ ឯកសារ TTXVN)

ជ័យជំនះដៀនបៀនភូ– របត់មាសក្នុងប្រវត្តិសាស្ត្រជាតិ

ក្នុងប៉ុន្មានថ្ងៃនេះ ជនវៀតណាម និងជនបរទេសជាច្រើននាក់ ក្នុងនោះមានអតីតយុទ្ធជន ភ្ញៀវទេសចរ យុវជនជាច្រើនជំនាន់ រួមទាំងជនជាតិបារាំងផង បានមកកាន់ទីក្រុងដៀនបៀន ដែលជាទីតាំងមានចម្ងាយពីទីក្រុងហាណូយ ៤៥៥ គីឡូម៉ែត្រ ប៉ែកភាគពាយព្យ ដើម្បីស្វែងយល់បន្ថែមអំពីជ័យជំនះដៀនបៀនភូនិងយុទ្ធវិធីដែលកងទ័ព និងប្រជាជនវៀត ណាមអនុវត្តន៍ដើម្បីសម្រេចបានជ័យជំនះជាប្រវត្តិសាស្ត្រនេះ។ ហើយបន្ទាប់ពីបានមើលឃើញផ្ទាល់ភ្នែកមក បានជួយពួកគេ កាន់តែយល់ច្បាស់អំពីភាពអស្ចារ្យមហិមា និងតម្លៃដ៏ធំធេងនៃជ័យជម្នះដៀនបៀនភូ។

“ក្នុងបរិបទដែលទំនាក់ទំនងកម្លាំងរវាងយើងនិងបារាំងជួបការលំបាកខ្លាំងប៉ុន្តែលោកប្រធានហូជីមិញជាមនុស្សដែលហ៊ានប្រយុទ្ធ និងធ្វើឲ្យប្រជាជាតិទាំងមូលហ៊ានប្រយុទ្ធដោយឆន្ទៈថា “ខ្ញុំសុខចិត្តលះបង់គ្រប់បែបយ៉ាង ដើម្បីកុំឲ្យបាត់បង់ប្រទេសជាតិ មិនធ្វើជាទាសករទេ”។

“ជាមួយនឹងការផ្លាស់ប្តូរបាវចនានៃការប្រយុទ្ធ ពីប្រយុទ្ធរហ័សដើម្បីយកឈ្នះឆាប់ ទៅជាការប្រយុទ្ធដើម្បីទទួលបានជ័យជម្នះពិតប្រាកដ  ច្បាស់ណាស់ ថា យើងមានភាពម្ចាស់ការទាំងស្រុងដើម្បីបើកយុទ្ធនាការវាយប្រហារប្រឆាំងនឹងក្រុមខ្លាំងមួយដែលត្រូវបានគេចាត់ទុកថា ខ្លាំងបំផុតនៅឥណ្ឌូចិនកាលនោះ”។

ប៉ុន្មានថ្ងៃនេះ ភ្ញៀវទេសចរជាច្រើនមក Dien Bien Phu ដើម្បីស្វែងយល់បន្ថែមអំពីជ័យជំនះ Dien Bien Phu (រូបថត៖ VOV)

ជ័យជំនះដៀនបៀនភូបានរួមចំណែកសម្រេចកំណត់ដល់ការបញ្ចប់ដោយជោគជ័យនៃសង្រ្គាមតស៊ូប្រឆាំងនឹងការឈ្លានពាន របស់អាណានិគមនិយមបារាំង បើកចេញការដួលរលំនៃអាណានិគមនិយមចាស់ និងបានគូសសញ្ញាអភិវឌ្ឍន៍ថ្មីនៃបដិវត្តន៍រំដោះប្រជាជាតិជុំវិញពិភពលោក។

“តម្លៃដ៏ធំបំផុតនៃជ័យជំនះដៀនបៀនភូគឺបង្ហាញដល់មនុស្សជាតិថា ទោះ បីជាប្រជាជាតិណាមួយត្រូវរងការជិះជាន់ក៏ដោយ ប្រជាជាតិតូចមួយចេះសាមគ្គីគ្នា និងចេះលើកកំពស់កម្លាំងប្រពៃណីក្រោមការដឹកនាំដ៏ត្រឹមត្រូវ ទើបអ្នកអាចដណ្តើមបានជ័យជំនះ”។

“ជ័យជំនះដៀនបៀនភូបានល្បីល្បាញក្នុងទ្វីបទាំងប្រាំ ហើយកក្រើកភពផែនដី។ ព្រោះជាលើកដំបូងដែលប្រទេសតូចមួយបានវាយកម្ចាត់ប្រទេសអាណានិគមដ៏មានអំណាច។ មិនដែលមានរឿងបែបនេះកើតឡើងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅឡើយ។ ពាក្យ “វៀតណាម” “ហូជីមិញ” “ដៀនបៀនភូ” “នាយឧត្តមសេនីយ Vo Nguyen Giap” បានក្លាយទៅជាពាក្យស្លោក ជំនឿជាក់ ឧត្តមគតិ និងជាកម្លាំងចិត្តសម្រាប់ប្រជាជនដែលរង់ការជិះជាន់លើពិភពលោក”។

ជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូបង្កប់នូវអត្ថន័យធំធេងណាស់ បង្កប់ទាំងភាពត្រចះត្រចង់នៃកត្តាជាច្រើន រួមទាំងការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ។ ជ័យជំនះដៀនបៀនភូ បានបង្កើនមោទនភាពជាតិ លើកទឹកចិត្តបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនវៀតណាមទាំងមូលសម្រេចបានជ័យជំនះជាច្រើន ក្នុងការងារកសាង និងការពារមាតុភូមិនាពេលខាងមុខ។ លោក Bui Viet Trung នៅដេប៉ាឌឺម៉ង់សិក្សាប្រវត្តិសាស្ត្របក្ស សាលានយោបាយខេត្ត Binh Phuoc បានឲ្យដឹងថា៖ “នៅក្នុងប្រទេស យើងបានសម្រេចបដិវត្តន៍ប្រជាធិបតេយ្យប្រជាមានិតនៅភាគខាងជើង ការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍ ខែសីហា និងបានកសាងរដ្ឋប្រជាធិបតេយ្យជូនប្រជាជន ដែលជារដ្ឋដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។  ជាមួយនឹងជ័យជំនះ ដៀនបៀនភូវៀត ណាមខាងជើងត្រូវបានរំដោះទាំងស្រុង ហើយបដិវត្តប្រជាធិបតេយ្យជាតិត្រូវបានបញ្ចប់ជាមូលដ្ឋាន”។

ស្មារតីឥតសាបសូន្យនៃជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ គឺជាប្រភពនៃមោទនភាព និងកម្លាំងផ្ទៃក្នុងរបស់វៀតណាមជារៀងរហូត ក្នុងការកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ននេះ។

ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បារាំងបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់វៀតណាមនៅអឺរ៉ុប។ ក្នុងរូបថត៖ វេទិកាធុរកិច្ចវៀតណាម-បារាំង ប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០២៣ (រូបថត៖ Van Diep/TTXVN)

វៀតណាម និងសាធារណៈរដ្ឋបារាំងសម្លឹងឆ្ពោះទៅអនាគតរួមគ្នា

ថ្វីត្បិតតែដៀនបៀនភូជាការចងចាំមិនមានអ្វីគួរឲ្យសប្បាយទេសម្រាប់កងទ័ពបារាំងក៏ដោយ ប៉ុន្តែក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ ជាពិសេសចាប់តាំងពី វៀតណាម និងសាធារណៈរដ្ឋបារាំងបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (ឆ្នាំ ១៩៧៣) និងអស់រយៈពេលជាង ១០ ឆ្នាំកន្លងមក ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រ (នៅឆ្នាំ ២០១៣) ហើយវៀត ណាម និងបារាំងនាពេលនេះ គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់គ្នាទៅវិញទៅមក សហការយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ និងតែងតែចែករំលែកទស្សនៈវិស័យរួមជាច្រើនអំពីអនាគត។

លើវិស័យនយោបាយ យន្តការផ្លាស់ប្តូរក្នុងវិស័យសសរស្តម្ភទាំងបួននៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំងគឺ៖ នយោបាយ - ការទូត; សន្តិសុខការពារជាតិ; សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; វប្បធម៌ អប់រំ និងបណ្តុះបណ្តាលត្រូវបានលើកកម្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការតម្រង់ទិសអភិវឌ្ឍន៍នាពេលអនាគត។ ទាក់ទងនឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម បារាំងបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់វៀត ណាមនៅអឺរ៉ុប។ ទំហំពាណិជ្ជកម្មវៀតណាម-បារាំងបានកើនឡើងជាមធ្យម ១៥,៧% ក្នុងមួយឆ្នាំក្នុងដំណាក់កាល ២០២២-២០២៩ ហើយឈានដល់ ៤,៨ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសអឺរ៉ុបដែលវិនិយោគនៅវៀតណាមដោយមានទុនវិនិយោគសរុបចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក។

 
លោក Herve Conan នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាម (រូបថត៖ Xuan Khu/TTXVN)

គួរឲ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរកំពុងមានគោលដៅកាន់តែខ្លាំងឡើងលើវិស័យ ឯកទេស បច្ចេកវិទ្យាខ្ពស់ និងបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ លោក Herve Conan នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “ប្រសិនបើជាលើកដំបូងកិច្ចសហប្រតិបត្តិការស្ថិតនៅក្នុងវិស័យអភិវឌ្ឍន៍ជនបទ និងការគាំទ្រសម្រាប់ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែឥឡូវនេះកិច្ចសហប្រតិបត្តិការនេះត្រូវបានបង្វែរទៅក្នុងតំបន់ទីក្រុងជាច្រើនទៀត។ ជំនួយរបស់ AFD មិនត្រឹមតែផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងប៉ុណ្ណោះទេ ថែមទាំងផ្តល់ជំនាញ និងលើកកម្ពស់ការផ្តល់បទពិសោធន៍ និងមេរៀនបទពិសោធន៍របស់បារាំងដើម្បីវៀតណាមអាចជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន”។

លោកស្រី Marie Christine Oghly អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្ម (CCI) ប្រចាំតំបន់រដ្ឋធានី Ile-de France (បារាំង) បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-បារាំង នៅតែមានឱកាសអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ព្រោះសក្តានុពលនៅសម្បូរណាស់។

“វៀតណាមជាប្រទេសមានសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចជាមួយបារាំង ហើយនៅ CCI Ile-de France យើងតែងតែស្វែងរកការលើកកម្ពស់ និងពង្រឹងទំនាក់ទំនងនេះ។ ទំនាក់ទំនងរបស់យើងជាមួយវៀតណាមមានភាពរឹងមាំខ្លាំង ហើយចំណាប់អារម្មណ៍របស់ធុរកិច្ចបារាំងចំពោះវៀតណាមគ្មានពេលណាថយចុះឡើយ ពីព្រោះវៀត ណាមបានធ្វើសមាហរណកម្មដោយជោគជ័យទៅ ក្នុងខ្សែសង្វាក់តម្លៃ សកល”។

ក្នុងទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងបារាំង កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរត្រូវបានចាត់ទុកថាជាកត្តាដ៏វិសេសវិសាល និងជោគជ័យបំផុត តាមរយៈយន្តការនៃការរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការក្នុងស្រុកឆ្លាស់គ្នារៀងរាល់ ២ ឆ្នាំម្តងនៅប្រទេសរៀងៗខ្លួន។ ពោលគឺមានសន្និសិទចំនួន ១២ ត្រូវបានប្រារព្ធឡើងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការផ្ទាល់រាប់រយរវាងមូលដ្ឋាន នៃប្រទេសទាំងពីរ។ អភិបាលរងក្រុង Nantes (ប្រទេសបារាំង) លោក Aymeric Seassau បានឲ្យដឹងថា៖ “វៀតណាមជាប្រទេសធំមួយនៅក្នុងប្លុកហ្វ្រង់កូហ្វូន ដែលយើងមានបំណងធ្វើឲ្យកាន់តែស៊ីជម្រៅរាល់ការផ្លាស់ប្តូរនេះ។ យើងតែងតែត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយរដ្ឋាភិបាលវៀត ណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ចទាំងអស់ដែលវៀតណាមយល់ឃើញថាចាំបាច់ ក៏ដូចជាការពង្រឹងទំនាក់ទំនងមិត្តភាពវៀតណាម-បារាំងឱ្យកាន់តែស៊ីជម្រៅថែមទៀត”។

ចំណែកឯលោក Philippe Pradal សមាជិកសភាជាតិបារាំង អតីតអភិបាលក្រុង Nice បានចែករំលែកមតិខាងលើជាអាទិ៍៖ “មានឆន្ទៈខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការ ដែលបានបង្ហាញតាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Nice និងសាកលវិទ្យាល័យនានានៅវៀត ណាម។ មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការគឺយើងដឹងយ៉ាងច្បាស់អំពីវប្បធម៌ដ៏សម្បូររបស់វៀតណាម ហើយថា ប្រទេសទាំងពីរមានប្រវត្តិសាស្ត្ររួម។ នៅប្រទេសបារាំង វប្បធម៌វៀតណាមគឺជាវប្បធម៌ដ៏ល្បីមួយដែលត្រូវបានទទួលស្គាល់និងគោរពជានិច្ចកាល”។

ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម Olivier Brochet (រូបថត៖ TTXVN)

ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងទូលំទូលាយលើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការវៀតណាម-បារាំងនាពេលនេះកំពុងសម្លឹងឆ្ពោះទៅអនាគតដោយមានមហិច្ឆតា និងចក្ខុវិស័យកាន់តែធំជាង។ យោងតាមឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet រឿងសំខាន់គឺភាគីទាំងពីរបានជំនះទាំងស្រុងនូវអតីតកាលដ៏លំបាក  ដែលបានបង្ហាញតាមរយៈការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូ (១៩៥៤-២០២៤) មានវត្តមានរដ្ឋមន្ត្រីកងទ័ពបារាំង និងរដ្ឋលេខាធិការបារាំងទទួលបន្ទុកអតីតយុទ្ធជន និងការចងចាំ បានចូលរួមដោយផ្ទាល់។ ឯកអគ្គរដ្ឋទូត Brochet បានចែករំលែកថា៖ “ខ្ញុំជឿជាក់ថា នេះគឺជាពេលវេលាដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងទ្វេភាគី ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ យើងមិនត្រឹមតែបង្ហាញឲ្យប្រជាជនវៀតណាម និងប្រជាជនបារាំងប៉ុណ្ណោះទេ ប៉ុន្តែពិភពលោកទាំងមូលត្រូវដឹងឲ្យបានជ្រាបថា យើងអាចធ្វើការជាមួយគ្នាបាន ដោយក្រឡេកមើលទៅអតីតកាល ទទួលយកអតីតកាល និងរយៈពេល ៧០ ឆ្នាំក្រោយមក យើងបានក្លាយជាមិត្តនឹងគ្នា ដោយឈរនៅលើសមរភូមិចាស់ដើម្បីកសាងអនាគត”។

នៅពេលក្រឡេកមើលប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម-បារាំងក្នុងពាក់កណ្តាលសតវត្សកន្លងមកនេះ លោក Benoit Guidée ប្រធាននាយកដ្ឋានអាស៊ី-អូស្ត្រាលី ក្រសួងការបរទេសបារាំងបានមានប្រសាសន៍ថា ប្រទេសបារាំងមានទំនាក់ទំនងល្អជាមួយវៀតណាមជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទំនាក់ទំនងនេះត្រូវបានសាកល្បងដោយការឡើងចុះជាប្រវត្តិសាស្ត្រ ដូច្នេះវានឹងជាកត្តាមួយក្នុងការធានាទំនាក់ទំនងវៀតណាម-បារាំងឱ្យរឹងមាំនាពេលអនាគត។

ដៀនបៀនភូ - កន្លែងបណ្តុះសេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នាចង់បានសន្តិភាព

ដូចទៅនឹងប្រសាសន៍របស់លោក Benoit Guidée ប្រធាននាយកដ្ឋានអាស៊ី-អូស្ត្រាលី ក្រសួងការបរទេសបារាំង បារាំងមានទំនាក់ទំនងល្អជាមួយវៀតណាមជាងប្រទេសដទៃទៀតនៅអាស៊ី-ប៉ាស៊ីហ្វិក ហើយនោះគឺជាការតភ្ជាប់រវាងមនុស្សនិងមនុស្សក្នុងរដូវផ្កាជើងគោរីកស្គុះស្គាយនៅដៀន បៀនភូនាខែមីនាឆ្នាំនេះ ទំនាក់ទំនងរវាងវៀតណាម និងបារាំងក៏រីកដុះដាលបង្កប់ដោយផ្លែផ្កា ដែលបង្ហាញថា ដៀនបៀនភូ ដែលជាសមរភូមិប្រយុទ្ធដ៏ស្វិតស្វាញកាលពីអតីតកាល ឥឡូវនេះបានក្លាយទៅជាកន្លែងបណ្តុះពន្លកនៃសេចក្តីស្រឡាញ់រាប់អាន សុភមង្គលសម្រប់គូរស្នេហ និងបំណងប្រាថ្នាចង់បានសន្តិភាព។

កូនក្រមុំ Tran Ngoc Quynh Anh និងកូនកំលោះ Guillaume Richard និងក្រុមគ្រួសារក្នុងថ្ងៃមង្គលការរបស់ពួកគេនៅទីក្រុង Dien Bien (រូបថត៖ VOV)

នៅក្នុងចំណោមប្រជាជនមកសារមន្ទីរជ័យជំនះដៀនបៀបភូក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះដៀនបៀនភូ មានភ្ញៀវពិសេសជាច្រើនគឺគ្រួសារវៀតណាមនិងបារាំង។ ពួកគេមកទីនេះដើម្បីទស្សនាសារមន្ទីរមុនពេលរៀបចំពិធីមង្គលការសម្រាប់គូស្នេហ៍វ័យក្មេង Tran Ngoc Quynh Anh និង Guillaume Richard។ នេះក៏ជាកន្លែងចាប់ប្រភពនៃសេចក្តីស្នេហាររបស់គូរ ស្នេហ៍មុននេះ ៧ ឆ្នាំ នៅពេលដែល Quynh Anh បានចូលរួមជាអ្នកស្ម័គ្រចិត្តនៅសារមន្ទីរជ័យជំនះដៀនបៀនភូ។ Quynh Anh បានសំណេះសំណាលថា៖ “យើងបានជួបគ្នាពេលគាត់មកទីនេះទេសចរណ៍។ យើងបានផ្លាស់ប្តូរមតិជាច្រើនអំពីប្រវត្តិសាស្ត្រ និងវប្បធម៌។ គ្រួសារគាត់ជាគ្រួសារដែលមានប្រពៃណីស្រលាញ់សន្តិភាព។ ក្នុងសម័យសង្គ្រាមឥណ្ឌូចិន ជីដូនជីតារបស់គាត់បានចូលរួមក្នុងចលនាកូដកម្មដើម្បីប្រឆាំងនឹងសង្រ្គាម។ យើងមានទស្សនៈរូមមួយដូចគ្នា គឺយើងស្រឡាញ់សន្តិភាព។ សម្រាប់ពួកយើង នេះគឺជាទឹកដីដែលយើងបានកើត និងជាកន្លែងដែលអ្វីៗ បានចាប់ផ្តើម”។

រឿងរ៉ាវប្រវត្តិសាស្ត្រវិរភាពអំពីជ័យជំនះដៀនបៀនភូ "ល្បីល្បាញលើទ្វីបទាំងប្រាំ - អង្រួនផែនដី" កាលពី ជិត ២/៣ នៃសតវត្សមុន វត្ថុអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនៅក្នុងសារមន្ទីរជ័យជំនះដៀនបៀនភូ បានបំភ្លឺពន្លឺថ្មីមួយ បង្កើតសេចក្តីស្នេហារវាងអ្នកទាំងពីរ លុបបំបាត់គម្លាតភូមិសាស្រ្ត ជាតិសាសន៍ និងអតីតកាលនៅក្នុងសង្គ្រាម។ កូនប្រសាវៀតណាមលោក Guillaume Richard បានសារភាពថា៖ “វាជាការពិតជាព្រហ្មលិខិតបាននាំយើងមក ជួបជុំគ្នា និងរៀបចំពិធីមង្គលការក្នុងខួបលើកទី ៧០ នៃជ័យជម្នះដៀន បៀនភូ។ សេចក្តីស្រឡាញ់របស់យើងបានចាប់ផ្តើមនៅពេលដែលខ្ញុំបានជ្រើសរើសទៅលេងកន្លែងប្រវត្តិសាស្ត្រពិសេសនេះ រវាងប្រទេស បារាំង និង វៀតណាម។ បន្ទាប់មកយើងស្រឡាញ់គ្នាបាន៤ឆ្នាំ បែកគ្នាដោយភូមិសាស្រ្ត និងកូវីដ ១៩ ប៉ុន្តែពេល Quynh Anh ទៅរៀននៅប្រទេសបារាំង ហើយពួកយើងក៏សម្រេចចិត្តរៀបការជាមួយគ្នា។ តាមពិតនេះជាព្រហ្មលិខិតពិតមែន”។

កូនកំលោះ Guillaume បានសម្រេចចិត្តនាំជីដូនជីតារបស់គាត់ពីប្រទេស បារាំងទៅកាន់ស្រុកកំណើតរបស់កូនក្រមុំមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដោយទៅទស្សនាតំបន់ប្រវត្តិសាស្ត្រ ហាក់ដូចជាការតភ្ជាប់ចំណងមិត្តភាពរវាងគ្រួសារទាំងពីរ ស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមនិយាយរួម និងដៀនបៀននិយាយដោយឡែក។ នោះក៏ជាអ្វី ដែលឪពុករបស់ Quynh Anh លោក Tran Ngoc Suong និងជីតា Guillaume លោក Michel Gagne Richard ចង់បាន៖ “ក្រោយរយៈពេល៥០ឆ្នាំ ទំនាក់ទំនងវៀតណាម-បារាំងបាននាំយើងទៅកាន់ដំណើរថ្មីមួយ។ សង្គ្រាមបានស្រកទៅក្នុងអតីតកាល។ យើងមិនអាចបំភ្លេចសង្គ្រាមបានទេ ព្រោះជំនាន់ជីដូនជីតា និងឪពុកម្ដាយរបស់យើងត្រូវលះបង់ជីវិត។ ភាពរីករាយនិងសុភមង្គលបាននាពេលនេះ   តម្លៃដែលយើងត្រូវចំណាយគឺឈាមនិងទឹកភ្នែក ដូច្នេះយើងត្រូវចេះគោរព។ សង្ឃឹមថាតាមរយៈដំណើរកម្សាន្តនេះ ដន្លងបានស្វែងយល់អំពីទីក្រុងដៀនបៀននិងអំពីប្រទេសវៀតណាម”។

“យើងស្រឡាញ់ Quynh Anh ខ្លាំងណាស់ នៅពេលដែលនាងមកជាមួយក្រុមគ្រួសារយើង។ នាងគួរឱ្យស្រឡាញ់ខ្លាំងណាស់ ហើយក្មេកទាំងមូលក៏មានចិត្តល្អ រាល់ទាក់រួសរាយនឹងយើងដែរ។ បន្ទាប់មក ខ្ញុំបានគិតអំពីប្រវត្តិសាស្រ្តពិសេសរវាងប្រទេសយើងទាំងពីរ និងប្រពៃណីរបស់គ្រួសារយើងដែលស្រឡាញ់សន្តិភាព។ យើងបានចុះតាមដងផ្លូវជាច្រើនដង ដើម្បីប្រឆាំងសង្គ្រាមនៅលើពិភពលោក។ វាពិតជាជោគវាសនាដែលបានភ្ជាប់ក្មួយរបស់ខ្ញុំជាមួយនារីវ័យក្មេងដ៏គួរឱ្យស្រឡាញ់នៅក្នុងគ្រួសារបដិវត្តន៍ នៅដៀន បៀន ដូចជាចំណង និងភាពសុខដុមរមនារវាងប្រទេសយើងទាំងពីរ ហើយបានបើកអនាគតពោរពេញដោយក្តីសង្ឃឹម”។

រឿងរ៉ាវស្នេហារបស់កូនក្រមុំវៀតណាម និងកូនកំលោះបារាំងបង្ហាញយ៉ាងច្បាស់ថាដៀនបៀនភូគឺជាប្រភពដើមនៃផ្លូវសន្តិភាព សុភមង្គល និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរវៀតណាម និងបារាំង។

រយៈពេល ៧០ ឆ្នាំបន្ទាប់ពីជ័យជំនះជាប្រវត្តិសាស្ត្រដៀនបៀនភូ វៀតណាមនិងបារាំងបាន "ទុកអតីតកាលមួយអន្លើ"  ដើម្បីឆ្ពោះទៅអនាគត។ ដៀនបៀនភូ ពី "ទីមកដល់នៃសង្រ្គាម" ឥឡូវនេះបានក្លាយជា "ទីមកដល់នៃសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ"៕

 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.