ព្រឹត្តិការណ៍

ដំណោះ​ស្រាយកាត់​​បន្ថយ​ជម្លោះ​នៅ​តំបន់ហ្គាហ្សា​

ដំណោះ​ស្រាយកាត់​​បន្ថយ​ជម្លោះ​នៅ​តំបន់ហ្គាហ្សា​

(VOVWORLD) - ក្តីសង្ឃឹមអំពីកិច្ចព្រមព្រៀងឈប់បាញ់យូរអង្វែងរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាស់កាលពីសប្តាហ៍មុនបានរសាត់បាត់ទៅ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតបានធ្លាក់ចូលទៅក្នុងភាពជាប់គាំង។ ក្នុងពេលជាមួយគ្នានោះ ក្ដីបារម្ភអំពីគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំបំផុតចាប់តាំងពីជម្លោះនៅតំបន់ហ្គាហ្សា បានផ្ទុះឡើងកាន់តែធំឡើងៗ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានប្រកាសផែនការវាយប្រហារទីក្រុងរ៉ាហ្វា។

រយៈពេលជាង ៤ ខែបន្ទាប់ពីជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសបានផ្ទុះឡើងនៅតំបន់ហ្គាហ្សា ក្តីសង្ឃឹមអំពីបទឈប់បាញ់រយៈពេលវែងកាន់តែអាប់អួរទៅៗ បន្ទាប់ពីការចរចាការទូតបានបញ្ចប់នាថ្ងៃទី ១៣ ខែកុម្ភៈនៅទីក្រុងគែរ (អេហ្ស៊ីប) ក្នុងភាពជាប់គាំង។

ការទូតធ្លាក់ភាពទាល់ច្រក

កាលពីថ្ងៃទី ១៨ ខែកុម្ភៈ អញ្ជើញថ្លែងក្នុងឱកាសចូលរួមវេទិកាសន្តិសុខទីក្រុង Munich (MSC) នៅអាល្លឺម៉ង់ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed Bin Abdulrahman Al Thani បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងការទូត សំដៅសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងរវាងអ៊ីស្រាអែល និងកងកម្លាំងហាម៉ាសកំពុងធ្លាក់ចូលភាពទាល់ច្រក បន្ទាប់ពីរយៈពេលជិត ៣ សប្តាហ៍ធ្វើការចរចាជាបន្តបន្ទាប់។ រួមជាមួយនឹងសហរដ្ឋអាមេរិក និងអេហ្ស៊ីប កាតាគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលឧបត្ថម្ភ និងជំរុញយ៉ាងខ្លាំងក្លា "កិច្ចព្រមព្រៀងចំណាប់ខ្មាំង" រវាងអ៊ីស្រាអែល និងហាម៉ាស់ តាមនោះ កងកម្លាំងហាម៉ាស់នឹងដោះលែងឲ្យមានសេរីភាពសម្រាប់ចំណាប់ខ្មាំងជនជាតិ
អ៊ីស្រាអែលដែលកងកម្លាំងនេះកំពុងឃុំឃាំង ជាថ្នូរនឹងអ្នកទោសជនជាតិប៉ាឡេស្ទីន រួមជាមួយបទឈប់បាញ់រយៈពេលវែង។

ក្តីសង្ឃឹមសម្រេចបានកិច្ចព្រមព្រៀងមួយត្រូវបានលេចឡើងនៅពេលដែលតំណាងភាគីពាក់ព័ន្ធក្នុងជម្លោះ រួមជាមួយនឹងមន្ត្រីសន្តិសុខកំពូលមកពីសហរដ្ឋអាមេរិក កាតា និងប្រទេសមជ្ឈិមបូព៌ាមួយចំនួនមានវត្តមាននៅទីក្រុងគែរ (អេហ្ស៊ីប) កាលពីសប្តាហ៍មុនសម្រាប់កិច្ចចរចា។ ទោះជាយ៉ាងណា នាថ្ងៃទី១៣ ខែកុម្ភៈ ភាគីនានាបានបញ្ចប់ការចរចាដោយមិនទទួលបានវឌ្ឍនភាពណាមួយឡើយ។ នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed Bin Abdulrahman Al Thani បានសារភាពថា៖

“ពេលវេលាមិននៅខាងយើងឡើយ។ យើងខ្ញុំទទួលបានវឌ្ឍនភាពមួយចំនួនក្នុងកិច្ចចរចាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានកិច្ចព្រមព្រៀង១រវាងភាគីទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ វឌ្ឍនភាពមិនស្របតាមក្ដីរំពឹងឡើយ ហើយខ្ញុំជឿជាក់ថា នៅតែមានភាពខុសគ្នាជាច្រើនរវាងភាគីពាក់ព័ន្ធនានាផងដែរ”។

យោងតាមថ្នាក់ដឹកនាំកាតាបានឲ្យដឹងថា ការចរចានាពេលថ្មីៗនេះ បានផ្តោតសំខាន់លើខ្លឹមសារសំខាន់ៗចំនួនពីរ រួមមាន៖ ការបើកច្រករបៀងមនុស្សធម៌នៅតំបន់ហ្គាហ្សា និងចំនួនអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានដោះលែងឲ្យមានសេរីភាព ជាថ្នូរនឹងចំនួនចំណាប់ខ្មាំងដែលហាម៉ាស់កំពុងចាប់ឃុំឃាំង។ ការចរចាអំពីបញ្ហាមនុស្សធម៌មានវឌ្ឍនភាព ប៉ុន្តែអ៊ីស្រាអែល និងហាម៉ាសខ្វែងគំនិតគ្នាយ៉ាងខ្លាំងក្លាអំពីចំនួនអ្នកទោសប៉ាឡេស្ទីនជាថ្នូរនឹងចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល។ អញ្ជើញថ្លែងនាថ្ងៃទី ១៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងគ្មានការចរចាណាមួយផ្សេងទៀត នឹងប្រព្រឹត្តទៅរហូតដល់ពេលហាម៉ាសមិនទាន់ផ្លាស់ប្តូរការទាមទាររបស់ខ្លួន៖

“ការចរចានេះទាមទារជំហររឹងមាំ។ ខ្ញុំមានគោលបំណងចង់ប្រាប់ពលរដ្ឋអ៊ីស្រាអែលថា រហូតមកដល់ពេលនេះ ការទាមទាររបស់ក្រុម Hamas គឺជាការស្រមើស្រមៃ។ ពួកគេមានគោលបំណងចង់វាយបរាជ័យអ៊ីស្រាអែល ហើយយើងមិនអាចយល់ស្របបានឡើយ។ ប៉ុន្តែនៅពេលហាម៉ាសបោះបង់ការទាមទារទាំងនេះ យើងអាចពិចារណាបន្តផងដែរ។

ហានិភ័យវិបត្តិមនុស្សធម៌គឺធំជាង

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតាលោក Sheikh Mohammed bin Abdulrahman Al-Thani (កណ្តាល) ចូលរួមនៅក្នុងកិច្ចពិភាក្សាមួយនៅខាងក្រៅសន្និសីទសន្តិសុខទីក្រុង Munich (MSC) នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ រូបថត៖ EPA/Anna Szilagyi

ធ្វើឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ធំជាង ដែលអាចកើតមាននៅតំបន់ហ្គាហ្សាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនៅពេលដែលរដ្ឋអំណាចអ៊ីស្រាអែលកាលពីថ្ងៃទី ១៩ កម្ភៈបានឲ្យដឹងថា នឹងវាយប្រហារទីក្រុងរ៉ាហ្វា ចាប់ពីដើមខែមីនា ប្រសិនបើកងកម្លាំងហាម៉ាសមិនដោះលែងឲ្យមានសេរីភាពចំពោះចំណាប់ខ្មាំងទាំងអស់។

អញ្ជើញថ្លែងនាថ្ងៃទី ១៦ កុម្ភៈនៅទីក្រុងប៉ារីស បន្ទាប់ពីពិភាក្សាជាមួយ
ព្រះមហាក្សត្រហ្ស៊កដានីស្ដីពីស្ថានភាពនៅតំបន់ហ្គាហ្សា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានព្រមានអំពីការវាយប្រហារមួយសំដៅលើទីក្រុងរ៉ាហ្វាដែលអាចបង្កគ្រោះមហន្តរាយមនុស្សធម៌ដ៏ធំមិនធ្លាប់មានតាំងពីមុនមក៖

“ការបាត់បង់អាយុជីវិតពីការប្រយុទ្ធនេះរហូតមកដល់ពេលនេះគឺមិនអាចទទួលយកបានឡើយ។ កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានរំឮកដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង Rafah អាចនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដែលមិនធ្លាប់មានពីមុនមក ហើយនឹងក្លាយទៅជារបត់នៃជម្លោះនេះផងដែរ”។

ក្រៅពីគ្រោះអាសន្នមនុស្សធម៌ការវាយប្រហារទ្រង់ទ្រាយធំរបស់កងទ័ពអ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វាទំនងជានឹងជំរុញឱ្យប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ភៀសខ្លួនទៅកាន់ឧបទ្វីប Sinai របស់អេហ្ស៊ីប ព្រមទាំងបង្កឱ្យមានវិបត្តិថ្មីមួយជាមួយអេហ្ស៊ីប។ កាលពីថ្ងៃទី១៨ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានព្រមានថា អេហ្ស៊ីបបានចាត់ទុកនេះជាបន្ទាត់ក្រហម ដែលអាចបណ្តាលឱ្យទំនាក់ទំនងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលដួលរលំ និងរុញច្រានជម្លោះរីករាលដាលក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.