ព្រឹត្តិការណ៍

វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍

វៀតណាម - កម្លាំងចលករ​សម្រាប់កំណើនសេដ្ឋកិច្ចនៅ​អាស៊ីអាគ្នេយ៍

(VOVWORLD) - វៀតណាមកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ហើយប្រឈមមុខនឹងឱកាសថ្មីថ្មោងជាច្រើន។ ប្រការនេះត្រូវបានបញ្ជាក់ដោយមេដឹកនាំបណ្តាប្រទេស និងមជ្ឈដ្ឋានសេដ្ឋវិទូពិភពលោក ដែលជឿជាក់ថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើននៃតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ របស់វិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម (AVPI) ដែលបានប្រព្រឹត្តទៅនៅទីក្រុង Adelaide ប្រទេសអូស្ត្រាលី សេដ្ឋវិទូមួយចំនួនធំបានបញ្ចេញមតិដូចគ្នាថា៖ វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្ម និងវិនិយោគ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វៀតណាមបានអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីកែលម្អសកម្មភាពធ្វើអាជីវកម្ម ដូចជាការជួយសម្រួលនីតិវិធីរដ្ឋបាល និងបង្កើនតម្លាភាពក្នុងដំណើរការគ្រប់គ្រង។

វៀតណាមចូលរួមចំណែកក្នុងកំណើននៃតំបន់

លោក Leigh Howard នាយកប្រតិបត្តិនៃក្រុមហ៊ុន Asialink Business បានឲ្យដឹងថា ក្នុងរយៈពេល ១០ ឆ្នាំមកនេះ លោកបានមកដល់វៀតណាមជាច្រើនលើក និងបានមើលឃើញការផ្លាស់ប្តូរនិងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែលម្អបរិយាកាសពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយនេះមានសារៈសំខាន់ខ្លាំងណាស់ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាពិសេស វៀតណាមបានកសាងវប្បធម៌វិជ្ជមានក្នុងសកម្មភាពធ្វើអាជីវកម្ម។ ដូច្នេះ វៀតណាមដើរតួនាទីយ៉ាងសំខាន់ និងរួមចំណែកដល់កំណើននៃតំបន់៖

រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី លោក Don Farrell ។ រូបថត៖ VOV

យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីដល់ឆ្នាំ ២០៤០ ព្យាករណ៍ថា GDP របស់តំបន់នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍ខាងមុខ ពីកម្រិត ៣,៦ ពាន់ពាន់លានដុល្លារអាមេរិក ឡើងដល់ជិត ១៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៤០។ ហើយវៀតណាមគឺជាកម្លាំងចលករមួយដែលបានរួមចំណែកដល់កំណើននេះ ជាមួយនឹងអត្រាកំណើន GDP ត្រូវបានព្យាករណ៍ពី ៥% ទៅ ៧% ក្នុងមួយឆ្នាំ ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៤០។ ចំនួនគ្រួសារនៅវៀតណាមដែលមានប្រាក់ចំណូលសមរម្យលើសពី ១៥ ពាន់ដុល្លារ នឹងកើនឡើងប្រហែល២០ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០៤០។ នៅពេលនោះ ចំនួនអ្នកប្រើប្រាស់ដែលជាវណ្ណៈកណ្តាលនៅវៀតណាមនឹងខ្ពស់ជាងទ្វេដង បើធៀបនឹងចំនួនអ្នកប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីនាពេលបច្ចុប្បន្ននេះ។

លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានអះអាងថា អត្រាកំណើនប្រកបដោយនិរន្តរភាពជាបន្តបន្ទាប់របស់វៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មក គឺជាសូចនាករដែលបង្ហាញពីកំណើនយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ច៖ “ខ្ញុំគិតថាហេតុផលសម្រាប់កំណើនជាបន្តបន្ទាប់នេះ គឺដោយសារតែវៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក។ ក្រៅពីនេះ ក៏មានការរួមចំណែកពីកត្តាផ្សេងទៀតដូចជា កម្រិតជំនាញល្អ ប្រជាជនវ័យក្មេង ប្រព័ន្ធអប់រំល្អ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏បើកចំហកាន់តែខ្លាំង តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូអន្តរជាតិ... ហើយប្រការទាំងនេះបានបង្កើតសមិទ្ធផលរបស់វៀតណាម”។

លោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon។ រូបថត៖ VOV

ឆ្លៀតឱកាសដើម្បីវៀតណាមឈានទៅឆ្ងាយ

សមិទ្ធិផលដែលសម្រេចបាននាពេលថ្មីៗនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់វៀតណាមមានកម្លាំងផ្ទៃក្នុង និងប្តេជ្ញាចាប់យកឱកាសនាពេលខាងមុខ។ ដើម្បីអាចបង្កើតរបកគំហើញបាន លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមបានចាត់ទុកថា៖

លោក Layton Pike សហស្ថាបនិកនៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាម។ រូបថត៖ VOV

“បើទោះបីជាមានអត្រាកំណើនគួរឱ្យរំភើបក៏ដោយ វៀតណាមត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលសមស្របតាមតម្រូវការ និងមានគុណភាពខ្ពស់។ វៀតណាមត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្នែកឧត្តមសិក្សាក្នុងស្រុក។ ខ្ញុំគិតថាអ្នកមានឱកាសជាច្រើននៅក្នុងបញ្ហានេះ ក៏ដូចជានៅក្នុងការស្រាវជ្រាវនិងនវានុវត្តន៍ ដូចជា គ្រឿងអេឡិចត្រូនិក ឬកសិកម្ម”។

យោងតាមលោកស្រី Louise Adams នាយិការប្រតិបត្តិនៃក្រុមហ៊ុន Aurecon ប្រទេសអូស្ត្រាលីបានចាត់ទុកថា ឱកាសកំពុងតែមាន ហើយការខិតខំប្រឹងប្រែងរបស់វៀតណាមកំពុងស្ថិតលើមាគ៌ាជោគជ័យ៖ “យើងបានឮរដ្ឋមន្ត្រីវៀតណាមនិយាយថា អ្នកចង់ដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក និងប្រកួតប្រជែងដោយខ្លួនឯងក្នុងវិស័យថ្មីៗដូចជា ការផ្លាស់ប្តូរថាមពល សេដ្ឋកិច្ចបៃតង ការថែទាំសុខភាពរបស់ប្រជាជន និងកសាងអនាគតដ៏រុងរឿង។ ជាមួយនឹងចំណេះដឹងរបស់ខ្ញុំអំពីប្រទេសវៀតណាម ខ្ញុំជឿជាក់ថា បើអ្នកមានមហិច្ឆតា អ្នកនឹងសម្រេចបាននូវអ្វីដែលអ្នកចង់បាន”។

ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ការចាប់យកឱកាសនិងទាញយកឧត្តមភាពរបស់ខ្លួន វៀតណាមនឹងដើរតួនាទីកាន់តែធំនៅក្នុងទីផ្សារពិភពលោក ដើម្បីកសាងអនាគតដ៏រុងរឿង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.