ព្រឹត្តិការណ៍

យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិកជួបការលំបាក ដោយសារសម្ព័ភាព AUKUS

យុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិកជួបការលំបាក ដោយសារសម្ព័ភាព AUKUS

(VOVWORLD) - ទំនាក់ទំនងសម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងអាមេរិកនិងបណ្តាប្រទេសអឺរ៉ុបដែលដឹកនាំដោយបារាំងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមថ្មី បន្ទាប់ពីព្រឹត្តិការណ៍ដែលប្រទេសទាំងបីគឺ អាមេរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពមួយ ដែលមានឈ្មោះថា AUKUS នៅថ្ងៃទី ១៦ ខែកញ្ញា។ មូលហេតុគឺយោងតាមកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក និងអង់គ្លេស ជំនួសឱ្យការអនុវត្តកិច្ចសន្យាទិញនាវាមុជទឹកដែលមានតម្លៃជិត ៤០ ពាន់លានដុល្លារអាមេរិក ដែលបានចុះហត្ថលេខាជាមួយបារាំងមុននេះផងដែរ។

រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian  (រូបថត៖ រ៉យទ័រ)

បារាំងខឹងសម្បា  អាមេរិកស្វែងរកវិធីរំងាប់អារម្មណ៍

បន្ទាប់ពីព័ត៌មានអំពីការបង្កើត AUKUS ត្រូវបានប្រកាសនោះ មន្រ្តីបារាំងជាច្រើនរូបបានសម្តែងការខឹងសម្បារជាសាធារណៈ ហើយចាត់ទុកថានេះជាសកម្មភាព“ ក្បត់” សម្ព័ន្ធមិត្ត ។ ក្នុងបទសម្ភាន៍ជាមួយស្ថានីយ៍ផ្សាយសម្លេង Franceinfo រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានសង្កត់ធ្ងន់ថា “ នេះមិនមែនជាអ្វីៗដែលសម្ព័ន្ធមិត្តបានធ្វើជាមួយគ្នាឡើយ”។ នៅថ្ងៃទី ១៧ ខែកញ្ញាទីក្រុងប៉ារីសបានសម្រេចចិត្តកោះហៅឯកអគ្គរដ្ឋទូតប្រចាំនៅ ក្រុងវ៉ាស៊ីនតោន និងទីក្រុង Canberra ឲ្យវិលត្រឡប់មកប្រទេសវិញ ដើម្បីពិគ្រោះយោបល់ ដោយបានគូសសញ្ញាអំពីជំហានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ក្នុងទំនាក់ទំនងរវាងបារាំងជាមួយអាមេរិក និងអូស្ត្រាលី ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ចំពោះអង់គ្លេស រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានសម្រេចចិត្តលុបចោលកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីលោក Ben Wallace ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍នេះ។ លើលពីនេះទៅទៀត សមាជិកសភា លោក Jean-Luc Melanchon បេក្ខជនប្រធានាធិបតីមកពីគណបក្សសង្គមបារាំងថែមទាំងបានអំពាវនាវឱ្យដកបារាំងចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាជើង (ណាតូ) ទៀតផង ។

ចំពោះសហភាពអឺរ៉ុប (EU) វិញ នៅថ្ងៃទី ២០ ខែកញ្ញា ប្រធានគណៈកម្មការអ៊ឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ចេញប្រតិកម្មដំបូងលើបញ្ហានេះ ដោយនិយាយថា“ មានសំណួរបើកចំហជាច្រើនដែលត្រូវឆ្លើយ។ ប្រទេសជាសមាជិក ១ របស់យើងត្រូវបានប្រព្រឹត្តិតាមរបៀបដែលមិនអាចទទួលយកបានឡើយ” ។ ទោះបីជា ការអត្ថាធិប្បាយនេះត្រូវបានគេចាត់ទុកថាមានការប្រុងប្រយ័ត្នក៏ដោយ ប៉ុន្តែបានបង្ហាញពីការមិនពេញចិត្តរបស់អឺរ៉ុបចំពោះហេតុការណ៍នេះ។

ដើម្បីបន្ធូរស្រាលស្ថានការណ៍នេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃទី ១៦ ខែកញ្ញា បានអះអាងថា បារាំងនៅតែជា“ ដៃគូដ៏សំខាន់” ក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោននៅអាស៊ី ព្រមទាំងសង្កត់ធ្ងន់ថា គ្មានការបំបែកបំបាក់ណាមួយ ដែលអាចរារាំងផលប្រយោជន៍របស់ដៃគូនានាជាមួយអាមេរិកនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រឥណ្ឌាបានឡើយ។ នៅថ្ងៃទី ១៩ ខែកញ្ញា អ្នកនាំពាក្យវិមាន ប្រធានាធិបតីបារាំងលោក Gabriel Attal បាននិយាយថាប្រធានាធិបតីអាមេរិកលោក Joe Biden បានលើកសំណើរធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron នៅ “ ប៉ុន្មានថ្ងៃខាងមុខនេះ” ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken  (រូបថត៖ រ៉យទ័រ)

ការលំបាករបស់ភាគីទាំងពីរ

យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថាក្នុងករណីនេះបារាំងមិនត្រឹមតែរងការខូចខាតខាងសេដ្ឋកិច្ចយ៉ាងធំធេងប៉ុណ្ណោះទេ ថែមទាំងរងផលប៉ះពាល់អំពីកិត្យានុភាពជាតិទៀតផង។ ជាពិសេសគឺក្នុងបរិបទ ដែលបារាំងបានត្រៀមឈានចូលការបោះឆ្នោតប្រធានាធិបតី បន្ទាប់ពីរយៈពេលជាងកន្លះឆ្នាំទៀត ព្រមទាំងទទួលតំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២២) ។ បរិបទនោះធ្វើឱ្យមជ្ឈដ្ឋានអ្នកនយោបាយបារាំងប្រឈមនឹងសម្ពាធដ៏ធំធេង ពោលគឺត្រូវមានសកម្មភាពសមស្រប។

ប៉ុន្តែ ចំពោះព្រឹត្តិការណ៍នេះ   ប្រតិកម្មហួសហេតុពេកអាចធ្វើឱ្យខូចខាតដល់ទំនាក់ទំនងនៅត្រើយមហាសមុទ្រអាត្លង់ទិកទាំងសង្ខាង ហើយប្រការនេះនឹងធ្វើឲ្យភាគីទាំងពីររងការខាតបង់។ EU និងណាតូពិតជាមិនគាំទ្រសេណារីយ៉ូនេះឡើយ។ ការដែលប្រធានាធិបតី Macron មិនទាន់បានធ្វើអត្ថាធិប្បាយអំពីព្រឹត្តិការណ៍នេះ គឺមានអាចយល់ថា បារាំងកំពុងពិចារណាអំពីសកម្មភាពដោយប្រុងប្រយ័ត្ន។

ដូចគ្នានេះ សំណុំរឿងនេះក៏ធ្វើឱ្យរដ្ឋអំណាចអាមេរិកស្ថិតក្នុងស្ថានភាពលំបាកផងដែរ។ ប្រតិកម្មរបស់បារាំងនិងអឺរ៉ុបអាចគំរាមកំហែងដល់កិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden អំពីការបង្កើនទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិច ក៏ដូចជាយុទ្ធសាស្ត្រ បង្វិលអ័ក្សទៅរកអាស៊ី។ ក្នុងរយៈពេលកន្លងទៅ ប្រធានាធិបតីលោក Joe Biden បានចាត់វិធានការជាច្រើន ដើម្បីកែលម្អទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលកាន់តែអាក្រក់ទៅៗយ៉ាងខ្លាំងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក Donald Trump។

នៅក្នុងយុទ្ធសាស្ត្រ បង្វិលអ័ក្សទៅរកអាស៊ីនោះ រដ្ឋបាលអាមេរិកបានអះអាងម្តងហើយម្តងទៀតអំពីតួនាទីដ៏សំខាន់របស់សម្ព័ន្ធមិត្តអឺរ៉ុប ដោយព្យាយាមជម្រុញនិងបញ្ចុះបញ្ចូលបណ្តាប្រទេសអឺរ៉ុបឱ្យចូលរួម។ ដូច្នេះ ដំណោះស្រាយវិជ្ជមានបំផុត ដែលសហរដ្ឋអាមេរិក បារាំង និងបណ្តាប្រទេសនៅអឺរ៉ុបក៏ដូចជាដៃគូសំខាន់ៗដទៃទៀតដូចជាជប៉ុន អូស្ត្រាលី ឥណ្ឌា ជាដើម នឹងខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយកាត់បន្ថយភាពតានតឹង សំដៅធានាអនុវត្តន៍រាល់គោលដៅរួម ជាពិសេសគឺចក្ខុវិស័យមួយដើម្បីតំបន់មហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិកមានសេរីភាពនិងបើកចំហ។ នៅថ្ងៃទី ១៨ ខែកញ្ញា ប្រធានគណៈកម្មាធិការយោធាណាតូ លោកឧត្តមនាវីឯក Rob Bauer បានវាយតម្លៃថា ជម្លោះរវាងបារាំងជាមួយ អាមេរិក និងអូស្ត្រាលីគ្មានលទ្ធភាពប៉ះពាល់ដល់“ កិច្ចសហប្រតិបត្តិការយោធា” ក្នុងប្លុកបានឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.